ឯកសារកសិកម្ម
រូបភាព
ពពែ ជាសត្វមួយប្រភេទងាយស្រួលចិញ្ចឹមបំផុត ឆាប់ទទួលបានផល រីកសាយកូនចៅយ៉ាងឆាប់រហ័ស ស៊ីចំណីមិនរើសមុខ អាចចិញ្ចឹមតិច ឬច្រើនទៅតាមលទ្ធភាពរបស់យើង។ ប្រជាពលរដ្ឋខ្មែរយើងមួយចំនួនធំប្រកបរបររកស៊ី និងរស់នៅតាមទីជនបទ មានដីទំនេរធំៗ មានស្មៅ យ៉ាងបរិបូណ៍គួរតែនាំគ្នាចិញ្ចឹម ពពែតាមគ្រួសារឱ្យបានច្រើន ព្រោះវាមានប្រយោជន៍ច្រើនណាស់ មួយវិញទៀតនោះ យើងគួរគប្បីនាំគ្នាបង្កើតទម្លាប់បរិភោគសាច់ពពែមួយទៀត ក្រៅពីសាច់មាន់ ទា ជ្រូក គោ ក្របី ដែលយើងធ្លាប់ស្គាល់រសជាតិវារួចទៅហើយនោះ ថែមពពែមួយទៀតក៏គ្មានអ្វីទាស់ខុសដែរ សាច់របស់វាក៏ឆ្ងាញ់ រហូតអ្នកខ្លះគិតថា សាច់វាប៉ូវសុខភាពច្រើនផង…តាមការប្រៀធៀបមួយ គេបានរកឃើញថា សាច់ពពែមានប្រូតេអ៊ីនល្អជាងសាច់ដទៃឯទៀត ល្អជាង សាច់គោ មាន់ ជ្រូក ទា ។ វាមានកាឡូរីតិចជាងសាច់គោ មាន់ ចៀម និងជ្រូក ។
ក្នុងចំនួនសាច់ស្មើគ្នា ៖
សាច់ពពែមាន កាឡូរី ១២២ កាឡូរី
-សាច់មាន់មានកាឡូរី ១៦២ កាឡូរី
-សាច់គោមានកាឡូរី ១៧៩ កាឡូរី
-សាច់ជ្រូកមានកាឡូរី ១៨០ កាឡូរី
-សាច់ចៀមមានកាឡូរី ១៧៥ កាឡូរី
-សាច់ពពែសម្បូរណ៍ដោយជាតិដែកច្រើន ក្រៅពីនេះក៏មានប៉ូតាស្យូមច្រើនដែរ
-សាច់ពពែមាន saturated fat តិចជាងសាច់គោ ព្រោះខ្លាញ់ប្រភេទនេះ អាចធ្វើឱ្យកូឡេសស្ដឺរ៉ូលឡើងខ្ពស់បាន តែវាមាន unsaturated fats ច្រើន ជាប្រភេទជាតិខ្លាញ់ដែលល្អសម្រាប់សុខភាពយើង សមាគមផ្នែកសុខភាពបេះដូងនៃសហរដ្ឋអាមេរិកបានណែនាំឱ្យគ្រប់គ្នា បរិភោគសាច់បែបដូចជាសាច់ពពែនេះ ព្រោះវាអាចជួយការពារមិនឱ្យយើងកើតជម្ងឺបេះដូង ការគាំងបេះដូង និងជម្ងឺខ្លះទៀតដែលតែងយាយីសុខភាពយើង
ដោយសារការបរិភោគសាច់ផ្សេងទៀត ។
សាច់ពពែជាប្រភេទសាច់ ដែលមិនសូវសម្បូរណ៍ខ្លាញ់ ដូច្នេះ វាត្រូវការឱ្យយើងរក្សាវាទុកក្នុងទីដែលមានសីតុណ្ហភាពតិច និងមានសំណើម ព្រោះសាច់របស់វាងាយស្ងួតក្រៀមយ៉ាងឆាប់រហ័ស ឬជួនកាលរឹងពេកពិបាកក្នុងការចំអិនក៏មានដែរ ។ សាច់ពពែ អាចឱ្យគេចំអិន ជាស៊ុប អាំង ដុត ធ្វើសាច់ក្រៀម ក្រៅពីនេះសាច់របស់វា អាចឱ្យគេយកធ្វើជាសាច់ក្រកបានយ៉ាងល្អ ព្រោះវាមិនសូវសម្បូរជាតិខ្លាញ់ មិនតែប៉ុណ្ណោះសាច់ក្រកពពែមានរសជាតិឆ្ងាញ់ផងដែរ ។ ស៊ុបសាច់ពពែដ៏មានឱជារសឆ្ងាញ់ពិសារ ស្ទីលបែបម្ហូបវៀតណាម (ហាងមួយនៅវៀតណាម)។
១. ការចិញ្ចឹមពពែ ៖
-អាចធ្វើទ្រុង ឬចិញ្ចឹមពពែនៅលើដីក៏បាន តែត្រូវចាក់ដីត្រង់ទីដែលត្រូវធ្វើទ្រុងឱ្យវានោះឱ្យបានខ្ពស់ជាង ដីដែលនៅជុំវិញទ្រុងប្រមាណជា ៣០សង្ទីម៉ែត្រ អាស្រ័យផងដែរទៅលើស្ថានភាពដីដែលយើងមាន និងបរិស្ថានជុំវិញ
– រោងសម្រាប់ពពែរស់នៅត្រូវប្រើស្លឹកសម្រាប់ប្រក់ ព្រោះវាមិនសូវក្ដៅតែបើមានលទ្ធភាពទិញស័ង្កសីប្រក់នោះកាន់តែប្រសើរ បើគ្មានប្រាក់គ្រប់គ្រាន់ទេ យើងអាចប្រក់ស្លឹកឬស្បូវក៏បាន
-នៅបាតទ្រុងគួក្រាលចំបើង ឬអង្កាមធ្វើជាទ្រនាប់ឱ្យបានកម្រាស់ប្រហែល៣០សង្ទីម៉ែត្រ និងក្រាល ចំបើងពីលើមួយជាន់ទៀត
-ត្រូវត្រៀមរៀបចំទីមួយក្នុងរោងនោះសម្រាប់ដាក់មេដែលផើមនិងកូន ទើបកើតរបស់វា ដោយគ្រាន់តែឃាំងវាដោយឡែកពីគេ
២. ការផ្តល់ចំណី
-ត្រូវត្រៀមជាមុនឱ្យហើយ ដោយដាំដើមអំពិលទឹក កន្ធុំថេត ស្មៅផ្អែម ស្មៅបារាំង មន ដើមម្រុំ អង្គារដី ឱ្យបានច្រើនកន្លែងតាមរបងដី
-ការត្រៀមដើមឈើធ្វើចំណីឱ្យវាជាមុននេះ ដើម្បីជួយផ្ដល់ជាចំណីឱ្យវា ខណៈពេលដែលវាមិនអាចចេញរកចំណីបាន ដោយសារមានភ្លៀង អាកាសធាតុមិនល្អ និងនៅពេលដែលយើងមិនបានឱ្យវាចេញរកចំណី ដោយមានរវល់
-ក្រៅពីរុក្ខជាតិទាំងនេះ ត្រូវចេះរកវិធីរៀបចំណីឱ្យផ្សេងទៀត តាមដែលអាចធ្វើទៅបាននិងអាចរកបានក្នុងកន្លែង ឬតំបន់ដែលយើងរស់នៅ
-ពពែមិនចូលចិត្ដស៊ីចំណីតែមួយមុខនោះទេ វាចូលចិត្ដស៊ីចំណីច្រើនប្រភេទចម្រុះគ្នា វាចូលចិត្ដតែចំណីណាដែលស្អាត មិនផ្អូម ឬមានអាស៊ីដច្រើនឡើយ
-ការដាំស្មៅច្រើនប្រភេទលាយចម្រុះគ្នាសម្រាប់ជាចំណី គឺជារឿងមួយចាំបាច់ណាស់ហើយត្រូវថែទាំស្មៅនោះឱ្យបានល្អ និងលូតលាស់គ្រប់រដូវកាល ដូច្នេះ គួរមានវិធីសាស្ដ្រដែលល្អមួយដើម្បីថែរក្សាស្មៅយើង ឱ្យមានគ្រប់គ្រាន់សម្រាប់ជាចំណីឱ្យវា។
៣. ការជ្រើសរើសពូជពពែសម្រាប់ចិញ្ចឹម
ពពែមានច្រើនពូជ ពូជដែលគេនាំចូលមកក្នុងប្រទេសកម្ពុជាយើងច្រើនជាពូជដែលនាំចូល មកពីប្រទេសថៃជាពូជដែលគេបានបង្កាត់រួចស្រេចទៅហើយ យើងពិបាកនឹងសន្និដ្ឋានថា ពូជនោះជាពូជអ្វីឱ្យប្រាកដបានណាស់ តែបើមានលទ្ធភាព និងមានលុយកាក់ល្មមអាចរកពូជល្អបាន គួរចំណាយបន្ដិចទៅដើម្បីទិញពូជដែលល្អមកចិញ្ចឹម ។ ការណែនាំស្ដីពីការចិញ្ចឹមពពែតាមគ្រួសារ។
(បោះពុម្ពដោយអង្គការសេដាក់)