ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីសាស្រ្តទាំង៥យ៉ាង ដែលមិនគួរមើលរំលង ដើម្បីជួយសម្រួលដល់អ្នកក្នុងពេលអង្គុយធ្វើការយូរម៉ោង!

26-Jun-2018 10:57 AM

រូបភាព


ដោយ: Uddam

នៅ​ពេល​ដែល​អ្នក​អង្គុយ​ធ្វើ​ការ​នៅការិយាល័យ​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​នោះ​ វា​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​ជា​ច្រើន ជាពិសេស​នោះ​គឺ​ការ​ឈឺខ្នង កញ្ចឹងក និងស្ពឹក​ស្រពន់​ដៃ​ជើង​ជាដើម។ ប្រសិន​បើ​អ្នក​តែងតែ​ជួប​បញ្ហា​នេះ អ្នក​គួរ​រក​វិធី​ដើម្បី​ជួយឲ្យ​អ្វីៗ​ប្រសើរ​ឡើងវិញ ព្រោះ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​ផលិតភាព​ការងារ និងសុខភាព​របស់​អ្នក។

 

ដើម្បី​ជៀសវាង​បញ្ហា​ជា​ច្រើន ដែល​បណ្តាល​មក​ពី​ការ​អង្គុយ​ធ្វើ​ការ​ក្នុង​ការិយាល័យ​យូរ​ពេក​នោះ​ អ្នក​ត្រូវតែបង្កើត​ឥរិយាបថ​ល្អ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

១. ទម្លាប់​អង្គុយ​ឲ្យ​ត្រង់​ខ្លួន

អ្នក​មិន​គួរ​អង្គុយ​ធ្វើការ ​ដែល​មាន​សភាព​វៀច​ឬកោងខ្លួន​នោះ​ទេ ព្រោះ​វា​បង្ក​ឲ្យ​អ្នក​ឆាប់​​ឈឺ​ចាប់ត្រង់​ចង្កេះ ឬ ខ្នង ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ធ្វើ​ការ​ច្រើន​ម៉ោង​ជាប់​គ្នា។​ ដើម្បី​បញ្ចៀស​បញ្ហា​នេះ អ្នក​គួរ​បង្កើត​ទម្លាប់​អង្គុយ​ឲ្យ​បាន​ត្រង់​ខ្លួន។

 

២. ប្រើ​កៅអី​ដែល​អាច​បត់បែន​បាន

នៅពេល​ដែល​អ្នក​អង្គុយ​ធ្វើការ​តែ​មួយ​កន្លែង​យូរ​ពេក​ក្នុង​ការិយាល័យ​​ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ឈឺ​ខ្នង។ ប្រសិន​បើ​អ្នក​ប្រើប្រាស់​កៅអី​ធម្មតា​នោះ វា​មិន​អាច​ជួយ​អ្វី​ច្រើន​ដល់​អ្នក​នោះ​ទេ។ ដូច្នេះ​ជម្រើស​ដ៏​ល្អ អ្នក​គួរ​ជ្រើសរើស​កៅអី​ណា​ដែល​អាចបត់បែន​តាម​​កម្រិត​ដែល​​ចង់​បាន​។ មានន័យថា កៅអី​ប្រភេទ​នេះអាច​ជួយ​ឲ្យ​​អ្នក​​កាត់​បន្ថយ​ការ​ឈឺ​ខ្នង​បាន​ច្រើន នៅពេល​ដែល​​ផ្អែក​​នៅ​លើ​វា។

 

៣. រក្សា​លំនឹង​ក្បាល​ឲ្យ​សមស្រប

នៅ​ពេល​ដែល​ធ្វើការមាន​មនុស្ស​ជា​ច្រើន​តែង​ត្អូញត្អែរ​ថា​ មាន​អាការៈ​បុករោយ​កញ្ចឹងក។ បញ្ហា​នេះបណ្តាល​មក​ពី​កង្វះ​ការ​រក្សា​លំ​នឹង​ក្បាល។ អ្នក​គួរ​តែ​ព្យាយាម​រក្សា​លំនឹង​ឲ្យ​បាន​ល្អ ដោយ​រក្សា​លំនឹង​ត្រង់​ចំណុច​ណា​មួយ​ដែល​អ្នក​គិត​ថាល្អ​សម្រាប់​អ្នក ជាពិសេស​រាល់​ពេល​​សម្លឹង​មើល​កុំព្យូទ័រ​តែ​ម្តង ពោល​គឺ មិន​ត្រូវ​ឈ្ងោក​ក្បាល​ពេក ឬ ងើយ​ពេក​នោះ​ទេ ព្រោះ​ប្រការ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​ចុលរោយ​កញ្ចឹងក​ជា​មិន​ខាន។

 

៤. ឆ្លៀត​ពេលសម្រាក និងធ្វើ​ចលនា

ខណៈ​​អ្នក​កំពុង​ធ្វើ​ការ​ជា​ច្រើន​នោះ ​វា​ជៀស​មិន​ផុត​ពី​ការ​ឈឺ​ចុកចាប់​នៅ​តាម​សន្លាក់ដៃ​ជើង​ផ្សេងៗ​នោះ​ទេ ដូច្នេះ​អ្នក​មិន​គួរ​បន្ត​ធ្វើ​ការ​ទៀត​ឡើយ។ មានន័យថា អ្នក​គួរ​សម្រាក​បន្តិច​សិន ដើម្បី​យក​ពេល​នេះ​មក​ធ្វើ​ចលនា​ដៃ​ជើង និងដង​ខ្លួន​ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​វិញ។

 

៥. លាត​ដៃ​ឲ្យ​ត្រង់ និងស្មើគ្នា​លើ​ Keyboard កុំព្យូទ័រ

មាន​មនុស្ស​ជាច្រើនជួប​ប្រទះ​បញ្ហា​ឈឺ​ចាប់​ ឬចុករមួល​សន្លាក់ដៃ ដូចជា ឈឺ​កដៃ ឬ ម្រាមដៃ នៅ​ពេល​ដែល​ពួក​គេ​វាយ​អត្ថបទ​ជា​ច្រើន​ម៉ោង​។ ហេតុផល​សំខាន់ ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ គឺ​មក​ពីមិនដឹងពីការប្រើប្រាស់​ក្នុង​ការ​ដាក់ដៃ​លើ​ Keyboard ។

 

នៅ​ពេល​ដែល​វាយ​អត្ថបទ​ផ្សេងៗ​នោះ អ្នក​គួរ​តែ​ដាក់​ដៃ​ទាំងពីរ​របស់​អ្នក​ឲ្យ​បាន​ត្រង់ និងស្មើគ្នា​លើ Keyboard ហើយ​ស្ថិត​នៅ​ចម្ងាយ​សម​ល្មម​សម្រាប់​អ្នក មានន័យថា មិន​គួរ​ប្រើ Keyboard នៅ​ចម្ងាយ​ឆ្ងាយ​ពី​ដៃ​អ្នក​ពេក និងជិត​ពេក​នោះ​ទេ។ កា​រដាក់​ដៃ​ឲ្យ​ត្រូវ​ទីតាំង អាច​ជួយ​ឲ្យ​អ្នក​អាច​ជៀស​វាងការ​ឈឺ​ចាប់​សន្លាក់​ដៃ ដែល​បណ្តាល​មក​ពី​ចលនា​នៃ​ការ​វាយ​អត្ថបទ​ផ្សេងៗ។

 

សម្រួលអត្ថបទដោយ៖ កូនពៅ