ឯកសារកសិកម្ម
ការផលិតជីគោក និងទឹក ដោយប្រើអង្កាមរស់ បង្កើនការលូតលាស់ត្រួយរុក្ខជាតិគ្រប់ប្រភេទ បង្កើនគុណភាពដីឲ្យមានជីវជាតិល្អ ផ្លែធំ
រូបភាព
សារធាតុដែលនៅជុំវិញខ្លួនយើង សព្វថ្ងៃនេះ គឺសុទ្ធតែជាប្រភេទជីដែលមានគុណភាពខ្ពស់ ហើយមិនប៉ះពាល់ដល់សុខភាពរបស់យើងឡើយ។ គ្រាន់តែថាយើងត្រូវយកវាទៅបំបែ្លងដោយរបៀបណា ដើម្បីបានជាជីធម្មជាតិនេះទៅចិញ្ចឹម ឬប្រើប្រាស់លើដំណាំរបស់យើង។ ក្រុមហ៊ុនជីធម្មជាតិ EX-M (ខេមបូឌា) ខូ អែលធីឌីមានអ្នកជំនាញជាច្រើនខាងបំលែងសារធាតុទាំងនោះឲ្យទៅជាជីធម្មជាតិ ដោយមិនចាំបាច់ចំណាយលុយដ៏សន្ធឹកសន្ធាប់ ដើម្បីទិញជីគីមីពុលនៅក្បែរខ្លួនយើងឡើយ។ ខាងក្រោមជាការបង្ហាញពីការធ្វើជីស្ងួតអង្កាមរស់ពីអ្នកបច្ចេកទេសមួយក្រុម។
1- សំភារៈត្រៀម
-ធុង ឬប៉ោត ដែលដាក់បានទឹកចំណុះ ១០ លីត្រ ចំនួន ១
-បង្គី ចប រនាស់ អង្កត់ឈើមួយដុំ សំរាប់វាយបំបែកអាចម៍គោឲ្យម៉ត់
-គំរបដកទឹកសុទ្ធមានចំណុះ ៥ មីលីលីត្រ ឬ ៥ សេសេ (គួរមានស៊ឺរាំងជាការល្អ)
-សំបកបាវក្រចៅចំនួន ១០ សំរាប់កន្ទក់ ២៥ គីឡូក្រាម រឺ កន្ទេលធ្វើពីកក់ រឺ កណ្ដបស្បៅ៘
-បរិវេណលាយជីរគួរតែលើផ្ទៃចាក់សាប ឬកន្លែងដីទួលស្ងួត ដើម្បីបង្កើតកំដៅបង្កើនគុណភាពជី បើសិនជាមិនមានគួរជ្រើសរើសដីទីទួលស្ងួតរឹងក៏បានដែរ។
2- តារាងធាតុផ្សំជី
០១-អង្កាមរស់ (យកអង្កាមម៉ាស៊ីនធំ) ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់
០២-កន្ទក់ ឬ ដំឡូងមី ឬ ចុងអង្ករ ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់
០៣-លាមកសត្វគ្រប់ប្រភេទ(សំដិលឲ្យស្ងួតហើយម៉ត់) ១ រង្វាល់ បើរង្វាល់ជាបង្គី គឺ ១ បង្គីទាំងអស់
០៤-មេ EX-M (មេ អ៊ី អ៊ិក្ស អិម) ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដកទឹកបរិសុទ្ធ
០៥-កាកស្ករ (ស្ករបរិសុទ្ធ ឬ ស្កររងូ) ២០ មីលីលីត្រ ស្មើនឹង ៤ គំរបដកទឹកបរិសុទ្ធ
០៦-ទឹកស្អាត (ទឹកភ្លៀង ទឹកអណ្ដូងលូ ទឹកស្រះ ….) ១០ លីត្រ
លក្ខណៈពិសេសនៃធាតុផ្សំជី :
-អង្កាមរស់ : បើសិនជាមានសន្តីស្រូវ ជីរដែលផលិតបានកាន់តែមានប្រសិទ្ធភាពខ្លាំងក្លា។ ហេតុនេះ បងប្អូនប្រជាពលរដ្ឋគួររក្សាទុកសន្តីស្រូវ ដើម្បីធ្វើជីដាក់ស្រែ។ បើសិនជាគ្មាន យើងក៏អាចយកសំបកសណ្ដែក អង្កាមរស់ម៉ាស៊ីនតូច ឬអាចម៍រណារ កំទេចកំទីឈើតូចៗដែលមាននៅកន្លែងរោងចក្រអារឈើ (អាចម៍ដែកឈូស) មកជំនួសក៏បានដែរ
-កន្ទក់ : យកកន្ទក់ប្រភេទអន់គុណភាព ជូរផ្អូមមកផលិតជីនេះក៏បានដែរ។
3- វិធីធ្វើ
ក- វិធីលាយល្បាយផ្សំជី
-យកអង្កាមរស់ លាមកសត្វស្ងួតគ្រប់ប្រភេទ និងកន្ទក់ច្របល់ចូលគ្នាឲ្យសព្វក្លាយជាល្បាយតែមួយ កំនត់ថាល្បាយស្ងួត (ក) ។ បើធ្វើច្រើនគួរតែប្រើម៉ាស៊ីនក្រឡុកស៊ីម៉ង់ត៍ទើបសព្វល្អ
-ចាក់ទឹក ១០ លីត្រ ចូលក្នុងប៉ោតផ្កាឈូក ហើយចាក់កាកស្ករ ៤ គំរបទឹកសុទ្ធ ឬស្មើនឹង ២០ មីលីលីត្រ យើងកូរល្បាយទឹកឲ្យសព្វកុំឲ្យមានកាកសំណល់ស្ករជាប់បាតប៉ោត
-ចាក់មេ EX-M ចំណុះ ៤ គំរប ទឹកសុទ្ធស្មើនឹង ២០ មីលីលីត្រ ចូលក្នុងប៉ោតផ្កាឈូកនោះ រួចកូរឲ្យសព្វកំនត់ថាល្បាយទឹក (ខ)
-យកល្បាយទឹក (ខ) ស្រោយលើល្បាយស្ងួត (ក) ស្រោចបណ្ដើរជ្រោយល្បាយស្ងួត (ក) បណ្ដើររហូតដល់ល្បាយនេះសំរេចបានសំនើម ៥០ ភាគរយ ហៅថាល្បាយសំនើម (គ)
+ សំនើម ៥០ ភាគរយ យើងត្រូវពិនិត្យមើលដូចខាងក្រោម ៖
-យកល្បាយសំនើម (គ) ១ ក្ដាប់មកច្របាច់ បើល្បាយនេះមិនបែកចេញពីគ្នា និងមិនមានទឹកចេញតាមចន្លោះម្រាមដៃទេ ហើយលាវិញមិនបែកជាចំនែកតូចៗមានន័យថា មិនសើមពេក និងមិនស្ងួតពេកនោះការលាយផ្សំរបស់យើងពិតជាបានត្រឹមត្រូវ។ ល្បាយនេះ គេហៅថា ល្បាយសើមជីអង្កាមរស់ (ឃ) ។
-បើសិនល្បាយសំនើម (គ) មានសំនើមទទឹកខ្លាំងពេកយើងត្រូវលាយបន្ថែមល្បាយស្ងួត (ក) ចាក់ច្របល់គ្នាជាមួយល្បាយសំនើម (គ) រហូតដល់បានល្បាយសើមជីអង្កាមរស់ (ឃ)
-បើសិនល្បាយសំនើម (គ) មានសំនើមស្ងួតពេក យើងត្រូវលាយបន្ថែមល្បាយទឹក (ខ) រហូតដល់បានល្បាយសើមជីអង្កាមរស់ (ឃ) បញ្ហានេះ អស់លោកអាចមើលតាមរយៈការថតជាវីដេអូស៊ីឌី។
+ វិធីផ្អាប់ជី
-យកល្បាយសើមជីអង្កាមរស់ (ឃ) លើកជារង ឬថ្នាលនៅកន្លែងណាដែលចាក់សាបឬដីទីទួលស្ងួតម្លប់ មិនត្រូវថ្ងៃ ទឹក និង ភ្លៀង
-ការយកល្បាយសើមជីអង្កាមរស់ (ឃ) លើកជារងបន្លែមានកំពស់ ១៨ ស.ម ទៅ ២០ ស.ម ឯបណ្ដោយ និង ទទឹង តំរូវតាមសំបកបាវសំរាប់គ្របផ្អាប់ជី
-យកសំបកបាវក្រចៅមកគ្របពីលើរង ឬថ្នាលឲ្យជិតល្អ នោះគេហៅថាការផ្អាប់ជី ។
+ ការថែរក្សាកំឡុងពេលផ្អាប់ជី
-ការផ្អាប់ជីមានរយៈពេល ៧ ថ្ងៃ ទើបអាចក្លាយជាជីស្ងួតអង្កាមរស់ បើសិនជាបរិយាកាសសើម ឬត្រជាក់ខ្លាំង រយៈពេលអាចលើសពីនេះ ឯកំដៅក៏ប្រែប្រួលខ្លះៗដែរ
-ថ្ងៃទី ១ : គិតចាប់ពីថ្ងៃលើករង គ្របបាវផ្អាប់ទុកល្បាយសើមជីអង្កាមរស់ (ឃ) ឲ្យបានរយៈពេល ២៤ ម៉ោង ។ យើងបើកសំបកបាវចេញ កំដៅក្នុងល្បាយសើមជីអង្កាមរស់ (ឃ) ប្រហែល ៣៥ ទៅ ៤០ អង្សាសេ និងមានផ្សិតខ្លះៗនៅពីលើល្បាយ ។ យើងជ្រោយសើមជីអង្កាមរស់ (ឃ) ឲ្យស្ដើងបន្តិច ៥ ទៅ ១០ ស.ម ឬ (៥ ហ៊ុន ទៅ ១០ ហ៊ុន) ។ ទុកសំដិលរយៈពេលពី ១០ ទៅ ១៥ នាទី ដើម្បីបន្ថយកំដៅមកនៅ ១៥ ទៅ ២៥ អង្សាសេវិញ ។ យើងបន្តអនុវត្តលើករងគ្របបាវដូចលើកដំបូង ។
-ថ្ងៃទី ២ : សកម្មភាពធ្វើដូចថ្ងៃទី ១ តែល្បាយសើមជីអង្កាមរស់ (ឃ) លើកនេះកំដៅខ្លាំងជាងថ្ងៃទី ១ (៤០ ទៅ ៤៥ អង្សាសេ) និងផ្សិតសមានច្រើនជាងថ្ងៃទី ១
-ថ្ងៃទី ៣ : សកម្មភាពធ្វើដូចថ្ងៃទី ១ តែល្បាយសើមជីអង្កាមរស់ (ឃ) លើកនេះកំដៅខ្លាំងជាងថ្ងៃទី ២ (៤៥ ទៅ ៥០ អង្សាសេ) និងផ្សិតសមានច្រើនជាងថ្ងៃទី ១-២ ។ កំដៅនៅក្នុងថ្ងៃនេះបើយើងកប់ពងមាន់នឹងអាចចំអិនបាន ។ ចំណែកផ្សិតវិញមាននៅពាសពេញក្នុងល្បាយនេះ។ កំដៅកើតមានរហូតដល់ ៥០ អង្សាសេ នេះគឺបាក់តេរី អ៊ី អ៊ិក្ស អិម កំពុងតែបញ្ចេញសក្ដានុពលសំលាប់ពពួកបាក់តេរីអាក្រក់ និងកាច់បំលែងល្បាយសើមជីអង្កាមរស់ (ឃ) ជាអាហាររបស់រុក្ខជាតិ ។ ដូចនេះ ក្រោយពីជ្រោយល្បាយសើមជីអង្កាមរស់ (ឃ) ហើយទុកហាលសំដិលចោលរយៈពេល ៤ ថ្ងៃ យ៉ាងតិច លៃយ៉ាងយ៉ាងឲ្យល្បាយសើមជីអង្កាមរស់ (ឃ) ស្ងួតល្អទើបយកទៅប្រើប្រាស់បាន ។ កាលណាយើងច្រកបាវហើយនៅតែមានកំដៅ ត្រូវយកវាមកហាលសំដិលម្ដងទៀត ។ បើសិនជាការអនុវត្តន៍លើការធ្វើជីមិនដូចការរៀបរាប់ខាងលើនោះវាមិនត្រឹមត្រូវទេ។ យើងត្រូវយកល្បាយនោះទៅហាលសំដិលឲ្យស្ងួត ហើយយើងធ្វើសារជាថ្មីម្ដងទៀត ។
-ថ្ងៃទី ៤ ថ្ងៃទី ៥ ថ្ងៃទី ៦ ថ្ងៃទី ៧ ទុកហាលសំដិលល្បាយសើមជីអង្កាមរស់ (ឃ) ឲ្យស្ងួត
+ ឧទាហរណ៍គំរូដែលបានអនុវត្តន៍កន្លងមកដោយកំនត់យកធុងស្ពែត្រូជាខ្នាតរង្វាស់
– ល្បាយស្ងួត (ក) : មាន
០១-អង្កាមរស់ (ម៉ាស៊ីនធំ) កំនត់យក ចំនួន ៤ ធុងស្ពែត្រូ
០២-លាមកសត្វគ្រប់ប្រភេទ កំនត់យក ចំនួន ៤ ធុងស្ពែត្រូ
០៣-កន្ទក់ (ម៉ាស៊ីនធំ) កំនត់យក ចំនួន ៤ ធុងស្ពែត្រូ
យកវត្ថុធាតុទាំងនេះ ច្របល់ចូលគ្នា ឲ្យសព្វបង្កើតបានជាល្បាយ (ក) ។
– ល្បាយស្ងួត (ខ) : មាន០១ ទឹកស្អាត កំនត់យក ចំនួន ៣ ធុងស្ពែត្រូក្នុង ១ ធុងស្ពែត្រូមានចំណុះទឹក ២០ លីត្រ លាយមេ អ៊ី អ៊ិក្ស អិម ៤០ សេសេ និងកាកស្ករ ៤០ សេសេ កូរចូលគ្នាឲ្យសព្វ ។ យើងចាក់ចំនួន ៣ ធុងស្ពែត្រូ លើល្បាយស្ងួត (ក) ច្របល់ឲ្យសព្វស្មើសាច់គ្នាបានល្បាយសើម ៥០ ភាគរយ ឬល្បាយសំនើម (ឃ) តែម្ដង ។ បន្ទាប់មកយើងអនុវត្តន៍តាមវិធីផ្អាប់ និងវិធីថែរក្សាជីជាការស្រេច ។
4- ការកត់សំគាល់លើធាតុផ្សំ
ក- ធាតុផ្សំ :
+ ចំពោះលាមកសត្វគ្រប់ប្រភេទ
បើយើងជ្រើសរើសលាមកសត្វជើងពីរមក ផ្សំធ្វើជាជី នោះជីដែលផ្សំបានមានប្រសិទ្ធិភាពយ៉ាងខ្លាំងលើដំណាំយកផ្លែ ដូចជាល្មុត ល្ហុង ស្រូវ ស្វាយ ប៉េងបោះ៘ បើយើងជ្រើសរើសលាមកសត្វជើងបួន (សត្វស៊ីស្មៅជាអាហារ សំបូរជាតិអាសូតច្រើន) មកផ្សំជាជី ជីដែលផ្សំបានមានប្រសិទ្ធិភាពយ៉ាងខ្លាំងលើដំណាំយកស្លឹកដូចជាត្រកួន ស្ពៃ និងបន្លែផ្សេងៗទៀត ។ កត្តាទាំងនេះហើយ ដើម្បីឲ្យជីដែលផលិតបានអាចប្រើប្រាស់ទូទៅ យើងត្រូវជ្រើសរើសលាមកសត្វចំរុះគ្នាមកលាយផ្សំជាការល្អប្រសើរ បំផុត។ ចំពោះលាមកសត្វគោក្នុងភាពជាល្បាយ ឬទឹក មានអាសូត (N) ពី 0.4-1.3%, ជាតិប៉ូតាស្យូម (K) : 0.5-2.3% និង ផូស្វ័រ (P) : 0.1% ។ រីឯពេលវាស្ងួតវិញ
មាន (N) : 0.3-0.6%, (P) :17-0.41%, (K) : 0.1-0.3% បរិមាណជីតិចជាងលាមកសត្វសើម។ យើងប្រើសើមចំណេញជាងស្ងួត តែពិបាកដឹកជញ្ជូន (ធ្ងន់) ។
+ ចំពោះអង្កាមរស់
អង្កាមម៉ាស៊ីនធំយកមកលាយផ្សំធ្វើ ជីល្អណាស់ តំរូវនឹងលក្ខខ័ណ្ឌអតិសុខុមប្រាណ អ៊ី អ៊ិក្ស អិម រស់នៅ ហើយសំបូរអាហារសំរាប់វាស៊ីទៀតផង ។ ក្នុងអង្កាមរស់មាន អាសូត ផូស្វ័រ ប៉ូតាស្យូម ដូចរុក្ខជាតិស្ងួតដែរ។ កាលណាយើងប្រើអង្កាមម៉ាស៊ីនតូចគុណភាពដូចគ្នាតែកំដៅមិនសូវខ្លាំង ទេ ។ ស្មារតីដំបូងគឺសំដៅធ្វើជីយកទៅដាក់ស្រែ។ ប្រសិនបើយករុក្ខជាតិណាមកធ្វើជី ហើយយកជីដែលផលិតបាននោះប្រើទៅលើរុក្ខជាតិនោះវិញ វានឹងមានប្រសិទ្ធភាពខ្ពស់បំផុត។ យើងអាចយករុក្ខជាតិផ្សេងទៀតកិន ម៉ត់ ដូចជាកំទេចកំទី អាចម៍រណារមកជំនួសធ្វើក៏បានដែរ ។ បើសិនជាយកអាចម៍រណារកៅស៊ូ ហើយប្រើលើដំណាំកៅស៊ូ កៅស៊ូនោះល្អណាស់ ។ បើសិនមានសន្តីស្រូវ (ស្រូវដែលស្កក) យកមកជំនួសអង្កាមរស់កាន់តែមានប្រសិទ្ធិភាពខ្ពស់។ បើមានកាកដួងមកជំនួសក៏បាន តែពុំសូវល្អទេ។
+ ចំពោះកន្ទក់
កន្ទក់ម៉ត់ល្អ គុណភាពជីដែលធ្វើបានសំរេចក៏កាន់តែល្អដែរ ។ ម៉ាស៊ីនធំល្អជាងម៉ាស៊ីតូច ព្រោះប្រសិនបើយកកន្ទក់ម៉ាស៊ីនតូចមកធ្វើកំដៅមិនសូវជាបានល្អទេ ។ គេអាចជំនួសដោយចុងអង្ករបាន ព្រោះវាមានប្រសិទ្ធិភាពខ្ពស់ដូចកន្ទក់ម៉ត់ដែរ ។ ចំពោះដំឡូងមីយើងអាចជំនួសវាបានដែរ តែត្រូវប្រើច្រើនទើបធ្វើឲ្យជីដែលផលិតបានមានគុណភាពស្មើនឹងកន្ទក់ម៉ត់។ កាលណាយើងបន្ថយបរិមាណកន្ទក់កាន់តែ តិចទៅៗ ជីដែលយើងផលិតបាន ក៏មានគុណភាពអន់ថយទៅតាមបរិមាណកន្ទក់ដែលយើងបានដាក់នោះដែរ។
ខ- ខ្នាតរង្វាល់
កាលណាយើងកំនត់ខ្នាត់រង្វាស់ យើងត្រូវកំនត់សំភារៈទាំងនោះជាខ្នាតសំរាប់ប្រើប្រាស់ក្នុងពេល អនុវត្តតែម្ដង ។ សូមចាំថាការអនុវត្តន៍ខ្នាតរង្វាល់ មិនអាចគិតជាគីឡូក្រាម
ជាដាច់ខាត គេគិតវាជាខ្នាត ទំហំ រឺបរិមាណ។ បើយើងកំនត់ថាខ្នាតរង្វាល់ជាធុងស្ពែត្រូយើងត្រូវយកធុងនេះជា ខ្នាតរង្វាល់មិនអាចប្ដូរបានទេ ។
5- កំរិតប្រើប្រាស់ជី
– ជីនេះប្រើប្រាស់ទៅលើដំណាំ និងការព្យាបាលដីខូចគុណភាពគ្រប់ប្រភេទ ។
– ចំពោះការទ្រាប់បាតរណ្ដៅសំរាប់ដាំរុក្ខជាតិថ្មីមានដូចតទៅ :
ក – បើសិនជារុក្ខជាតិដើមឈើហូបផ្លែក្នុង ១ រណ្ដៅ ១ គីឡូក្រាម ច្របល់ដាំជាមួយដីស្រទាប់លើឬស្មៅស្ងួតចិញ្ជ្រាំ ឬលាមកសត្វគ្រប់ប្រភេទស្រោចទឹក គ្របចំបើង ទុកចោលរយៈពេល ៧ ទៅ ១៥ ថ្ងៃ
ខ – បើរុក្ខជាតិជាវល្លិ៍វិញត្រូវដាក់ ២ ខ្លាំ ច្របល់ជាមួយដីស្រទាប់លើ ហើយដាក់គ្រាប់ដាំតែម្ដង ។ មុននឹងប្រើប្រាស់សូមអានវិធីកប់ជីជាមុនសិន
គ – ចំពោះការប្រើទ្រាប់បាតរងបន្លែលើកទី ១ រោយ ១ គីឡូក្រាមសំរាប់ផ្ទៃដី ១ ម៉ែត្រការ៉េ ។ ភ្ជួរលប់ហើយរោយលប់ជីជាលើកទី ២ ចំនួនដដែល ទុកចោល ៧ ថ្ងៃ ។ សូមអានវិធី ដាំបន្លែ ។
ឃ – ចំពោះដំណាំដែលបានដាំហើយត្រូវអនុវត្តតាមវិធីកប់ជី ។
ង – អនុវត្តវិធីកប់ជីទៅតាមសំយាបមែករបស់រុក្ខជាតិ ចំពោះរុក្ខជាតិធំៗយកផ្លែក្នុង ១ ម៉ែត្រការ៉េ ១ គីឡូក្រាម
ច – ចំពោះបន្លែដែលបានដាំហើយត្រូវប្រើក្នុង ១ ម៉ែត្រការ៉េ ១ គីឡូក្រាម រោយនៅក្បែរៗគល់បន្លែ។
ឆ – ចំពោះដំណាំវល្លិ៍ដែលបានដាំហើយ ត្រូវប្រើក្នុង ១ ម៉ែត្រការ៉េ ២ ខាំ រោយនៅក្បែរៗគល់
ជ – ចំពោះស្រូវ ១ ម៉ែត្រការ៉េ រោយ ២ ខាំ ទៅ ៤ ខាំ ដើម្បីទ្រាប់បាត
ឈ – ចំពោះរុក្ខជាតិមានអាយុ ១ ឆ្នាំ ត្រូវកប់ ១ គីឡូក្រាមជីអង្កាមរស់
ញ – ដីមានតុល្យភាព pH ចាប់ពី 6 ទៅ 6.5 ថេរជានិច្ច សមស្របនឹងការលូតលាស់របស់រុក្ខជាតិ
ដ – ដីសំបូរបាក់តេរីល្អច្រើន ។ សភាពដីមិនប្រែប្រួលប្រើច្រើនកាន់តែវិវត្តន៍ទៅរកធម្មជាតិពិតៗ
6- ការរក្សាទុក
ជីស្ងួតអង្កាមរស់អាចរក្សាទុកបានរយៈពេល ១ ឆ្នាំ ដោយកុំឲ្យត្រូវថ្ងៃ និងទឹក។ កាលណាត្រូវទឹក វាចាប់បំលែងខ្លួនភ្លាម (ធ្វើការ)។
7- ផលប្រយោជន៍
-ជីនេះជួយបង្កើនការលូតលាស់ត្រួយរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ ដើមរុក្ខជាតិ ដើមផ្កា ជាពិសេសដំណាំហូបផ្លែ ឲ្យលូតលាស់បានល្អ
-រុក្ខជាតិមានពណ៌ខៀវក្រម៉ៅ ត្រួយលូតវែងៗ និងមានសុខភាពល្អ ធន់នឹងកំដៅ និងមិនត្រូវបានបំផ្លាញ ដោយសត្វល្អិតស៊ីឡើយ
-ជួយបង្កើនគុណភាពដីឲ្យមានជីវជាតិល្អ បាក់តេរីកើតឡើងវិញយ៉ាងច្រើន
-កប់ជីក្នុងដីទៅតាមសំយាបមែករបស់រុក្ខជាតិ ធ្វើឲ្យផ្លែដែលទទួលបានមានទំហំធំ
-កាលណាប្រើវាកាន់តែច្រើន ដីរបស់លោកអ្នកកាន់តែផុសទៅៗ ហើយការចំណាយកាន់តែតិចទៅៗ
-ក្រោយរយៈពេល ៣ ឆ្នាំ ដីរបស់លោកអ្នកជាដីមានជីជាតិល្អហើយពេលនោះ យើងមិនបាច់ចំណាយលុយ ដើម្បីទិញជីផ្សេងៗទៀតទេ ព្រោះដីនោះជាដីសំបូរដោយជីវចំរុះច្រើន ។
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)