ចំណេះដឹងទូទៅ
រូបភាព
ជំងឺដែលច្រើនកើតមានជាទូទៅក្នុងរដូវធ្លាក់ភ្លៀងនេះ គឺជំងឺឆ្លង រីឯរដូវផ្សេងៗទៀតមានការទាក់ទងនឹងជំងឺផ្លូវដង្ហើម ជំងឺដែលបង្កឡើងដោយបាក់តេរីនៅក្នុងចំណីអាហារ និងទឹក ហើយបញ្ហាទាំងអស់នេះទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំង។ ក្អក គ្រុនផ្ដាសាយ គឺជាបញ្ហាទូទៅនៃរដូវនេះហើយជំងឺទាំងនេះវាយប្រហារលើកុមារលឿនបំផុត ជាពិសេសនៅពេលដែលមានអាកាសធាតុប្រែប្រួលមិនទៀង។ សិស្សិនិស្សិត អ្នកធ្វើការ និងអ្នកម្ដាយនៃកុមារតូចៗ ត្រូវរក្សារបបអាហារ និងអនាម័យឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការឈឺក្នុងរដូវកាលនេះ។
នៅពេលដែលមេឃចាប់ផ្ដើមភ្លៀងភ្លាម អ្នកគួរតែស្វែងរកកន្លែងណាមួយសម្រាប់ជ្រកភ្លៀង ឬធ្វើយ៉ាងណាការពារខ្លួនអ្នកពីការទទឹកទឺកភ្លៀង។ ទោះបីជាទីជម្រកអាចជួយអ្នកមិនឲ្យត្រូវទឹកភ្លៀងបាន ប៉ុន្តែវាមិនអាចការពារអ្នកពីការឆ្លងមេរោគបានទេ។ ជាពិសេសនោះ គឺនៅពេលដែលប្រព័ន្ធការពាររបស់អ្នកចុះខ្សោយ។
ជំងឺទូទៅទាំងនេះ ដែលច្រើនកើតមានក្នុងរដូវធ្លាក់ភ្លៀង៖
– ជំងឺគ្រុនឈាម
– ផ្ដាសាយ (អមដោយការក្ដៅខ្លួន និងហៀរសំបោរ)
– គ្រុនផ្ដាសាយធំ (អមដោយការក្ដៅខ្លួន និងឈឺក)
– ឆ្លងមេរោគក្នុងអាហារ
– ឆ្លងមេរោគក្នុងទឹក
– អាសន្នរោគ
– Leptospirosis គឺជាជំងឺឆ្លង ដែលបង្កឡើងដោយបាក់តេរីឈ្មោះ Leptospira ហើយវាអាចឆ្លងទៅមនុស្ស និងសត្វ។ ភាពធ្ងន់ធ្ងររបស់ជំងឺនេះអាចបំផ្លាញតម្រងនោម ថ្លើម ស្រោមខួរក្បាល និងប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម។
ការប្រុងប្រយ័ត្ន និងវិធីសាស្រ្តថែរក្សាសុខភាព សម្រាប់រដូវធ្លាក់ភ្លៀង៖
– ត្រូវយកអាវភ្លៀង ឬឆ័ត្រតាមខ្លួនជានិច្ច៖ វិធីការពារដ៏មានប្រសិទ្ធភាពបំផុតអ្នក ដែលអាចធ្វើបាននោះ គឺត្រូវយកអាវភ្លៀង ឬឆ័ត្រតាមខ្លួនជានិច្ចនៅពេលដែលអ្នកចេញក្រៅក្នុងរដូវភ្លៀងនេះ។
– វីតាមីន C ៖ បង្កើនការទទួលទានវីតាមីន C ក្នុងចំណីអាហារ ឬក្នុងអាហារបំប៉នក៏បាន។ វីតាមីន C អាចជួយឲ្យអ្នកជាសះស្បើយពីវីរុសគ្រុនផ្ដាសាយបានឆាប់រហ័ស។ ទោះបីជាយ៉ាងណាក៏ដោយការផ្គត់់ផ្គង់នៃវីតាមីននេះអាចជួយជំរុញឲ្យអង់ទីកររបស់អ្នកមានសកម្មភាពកាន់ខ្លាំង និងជួយកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺគ្រុនផ្ដាសាយ។
– ងូតទឹក បន្ទាប់ពីត្រូវទឹកភ្លៀង៖ ទោះបីជាវាស្ដាប់ទៅដូចមិនសូវទំនង ព្រោះថាប្រសិនបើអ្នកត្រូវទទឺកជោគដោយទឹកភ្លៀងហើយនោះ អ្នកនឹងមិនចង់ងូតទឹកម្ដងទៀតទេ។ ប៉ុន្តែងូតទឹកបន្ទាប់ពីការទទឹកទឹកភ្លៀង អាចការពារអ្នកពីការឆ្លងមេរោគផ្សេងៗ។
– ភេសជ្ជៈក្ដៅៗ៖ នេះ គឺជារដូវកាលមួយដែលអ្នកចង់ទទួលទាននូវភេសជ្ជៈក្ដៅៗ។ បន្ទាប់ពីងូតទឹកហើយសម្អាតខ្លួនប្រាណអ្នក និងជ្រើសរើសយកសម្លៀកបំពាក់ណាដែលស្ងួត និងស្អាត។ ហើយអ្វីដែលល្អបំផុតនោះ គឺការចម្អិនស៊ុបសម្រាប់ខ្លួនអ្នក ឬយ៉ាងហោចណាស់ទទួលទានទឹកដោះគោក្ដៅៗមួយកែវ។ វាអាចជួយការពារអ្នកពីការផ្ដាសាយ ឬការឆ្លងនៃមេរោគផ្សេងៗ ដែលអាចកើតមានក្នុងអំឡុងពេលដែលសីតុណ្ហភាពប្រែប្រួលនៅក្នុងខ្លួន។
– អនាម័យ៖ ពពួកមេរោគ ឬបាក់តេរីងាយនឹងកើតមាន និងលូតលាស់ណាស់ក្នុងរដូវភ្លៀងនេះ ដូច្នេះអ្នកគួរតែព្យាយាមរក្សាអនាម័យជុំវិញខ្លួនអ្នក។ អនាម័យ គឺមានសារៈសំខាន់បំផុតក្នុងរដូវនេះ។ ប្រសិនបើអ្នកមានជំងឺផ្ដាសាយអ្នកគួរតែសម្អាតដៃរបស់អ្នកឲ្យបានទៀងទាត់ ហើយប្រើទឹកអនាម័យជានិច្ច។
– ទទួលទានទឹកឲ្យបានច្រើន៖ ការទទួលទានទឹកអាចនឹងត្រូវបានកាត់បន្ថយ ព្រោះតែការធា្លក់ចុះនៃសីតុណ្ហភាពនៃបរិស្ថាន។ វាគឺជាការល្អក្នុងការទទួលទានទឹកឲ្យបានច្រើន ហើយមិនត្រូវចាំដល់អ្នកស្រេកទឹកនោះទេ។ ការធ្វើដូចនេះអាចជួយច្រោះយកសារធាតុពុលពីក្នុងរាងកាយអ្នក។
– ប្រុងប្រយ័ត្នចំពោះការទទួលទានរបស់អ្នក៖ ព្យាយាមទទួលទានអាហារដែលមានជីវជាតិ និងចៀសវាងការទៅទទួលទាននៅក្រៅ។ ចម្អិនអាហារដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយរក្សានូវសុខភាព និងអនាម័យក្នុងផ្ទះ។
វាពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារខ្លួនអ្នកក្នុងរដូវមានភ្លៀងធ្លាក់នេះ ព្រោះថាអ្នកអាចនឹងឆ្លងមេរោគជាញឹកញាប់។ ហើយវានឹងកាន់តែប្រសើរ ប្រសិនបើអ្នកមានវិធានការក្នុងការការពារ និងមានការត្រៀមខ្លួនរួចជានិច្ច នៅពេលដែលអ្នកចេញទៅក្រៅម្ដងៗ។
សម្រួលអត្ថបទដោយ៖ ស្រីពៅ