ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីបង្កាត់ពូជទាកាប៉ាជាមួយទាសាច់

07-Jul-2018 01:49 PM

រូបភាព


ដោយ: Uddam

ពូជទាបង្កាត់រវាងទាកាប៉ាជាមួយទាសាច់ មានអត្ថប្រយោជន៍ច្រើន ព្រោះវាបានបង្កើតពូជទាមួយថ្មី ដែលមានលក្ខណៈពិសេសដូចខាង ក្រោមនេះ :
– វាធំលូតលាស់លឿនជាងទាកាប៉ាពូជសុទ្ធ ឬពូជទាធម្មតា ប្រើពេលចិញ្ចឹមខ្លី ឆាប់បានលក់
– វាមានសាច់ឆ្ងាញ់ជាងទាកាប៉ា និងទាសាច់ធម្មតា មានខ្លាញ់តិចជាង
– ទម្ងន់រវាងទាឈ្មោល និងទាញីខុសគ្នាតិចតួច
– ទាំងទាឈ្មោល និងទាញី អាចយកមកបំប៉នឲ្យឆាប់ធាត់ ដើម្បីបង្កើនចំណូលឲ្យបានច្រើនជាងធម្មតា


១- ការបង្កាត់ពូជតាមបែបធម្មតា
បើយើងប្រើពូជទាកាប៉ាឈ្មោលមកបង្កាត់ជាមួយទាសាច់ញី យើងអាចបង្កាត់ក្នុងម្តងបានតែចំនួនបួនទៅប្រាំក្បាលតែប៉ុណ្ណោះ នេះបើយើងបង្កាត់វាតាមបែបធម្មជាតិ ដោយឲ្យទាកាប៉ាឈ្មោលជាន់ទាសាច់ញី (ទាស)
២- ការបង្កាត់តាមបែបសិប្បនិមិត្ត
ការប្រើទឹកកាមរបស់ទាកាប៉ាឈ្មោលមកបង្កាត់ឲ្យទាញី (ទាស) តាមបែបសិប្បនិមិត្ត អាចឲ្យយើងបង្កាត់បានរហូតដល់២០ ទៅ២៥មេ ក្នុងករណីពិសេសខ្លះ អាចបង្កាត់បានរហូត៤០ ទៅ៥០ក្បាលទាញីក៏បាន។ ភាគរយនៃអត្រាបង្កកំណើតមានរហូតដល់៩៥ភាគរយ ឯអត្រាញាស់វិញអាចទទួលបានរហូតដល់៨៥ភាគរយ។


៣- របៀបទទួលយកទឹកកាមពីទាកាប៉ាឈ្មោល
ជ្រើសរើសយកទាកាប៉ាឈ្មោល មានអាយុពី២៦ ទៅ២៨សប្តាហ៍មានរូបរាងល្អមិនពិការផ្នែកណាមួយ មានសុខភាពល្អពេញវ័យសម្រាប់បន្តពូជ បន្ទាប់មកយើងរៀបចំទ្រុងមួយបួនជ្រុង ដើម្បីបង្ខាំងទាកាប៉ាឈ្មោលនោះ អាចធ្វើពីឫស្សី ឬធ្វើពីដែកក៏បាន ទ្រុងអាចមានកំពស់ ៦០ស.ម ទទឹង ៦០ស.ម និងបណ្តោយ ៦០ស.ម ត្រូវធ្វើវាឲ្យមានទ្វារពីខាងលើសម្រាប់ដាក់ស្នូកទឹក ស្នូកចំណី ដើម្បីឲ្យងាយស្រួលដាក់ទឹក និងចំណី និងងាយស្រួលសម្រាប់ការថែទាំវាផង។ ជញ្ជាំងរបស់ទ្រុង គួរធ្វើពីសំណាញ់បន្ទះរនាបឫស្សី លៃយ៉ាងណាឲ្យមានប្រហោងអាចឲ្យមានខ្យល់ចេញចូលបានល្អ និងឲ្យទាអាចមើលចេញមកខាងក្រៅបាន។
ត្រូវរកទាកាប៉ាញីចំនួនមួយ ឬពីរក្បាលដាក់ក្នុងទ្រុងមួយមករៀបដាក់នៅជាប់គ្នាជាមួយទ្រុងរបស់ទាកាប៉ាឈ្មោលនោះ។ ទាកាប៉ាញីត្រូវរើសយកទាដែលពេញវ័យបន្តពូជ ធ្វើបែបនេះ ដើម្បីជួយរំញោចឲ្យទាកាប៉ាឈ្មោលមានអារម្មណ៍ចង់បន្តពូជ។


អ្នកថែរក្សាទាឈ្មោលនេះ ត្រូវធ្វើអ្វីម្យ៉ាងដើម្បីជន្លវាជាមួយទាកាប៉ាញី ដើម្បីឲ្យវាកញ្ជ្រោលចង់រួមភេទជាមួយទាកាប៉ាញីដែលនៅក្បែរនោះ។ វិធីជន្លអាចធ្វើដោយរបៀបច្រើនយ៉ាង និងត្រូវធ្វើដោយសន្សឹមៗជារៀងរាល់ថ្ងៃ។ ចំណីសម្រាប់បំប៉នទាឈ្មោល និងការថែទាំងត្រូវធ្វើឲ្យបានទៀងទាត់និងត្រឹមត្រូវ មិនត្រូវធ្វេសប្រហែសឡើយ។
ការរំញោចអារម្មណ៍ទាកាប៉ាឈ្មោលឲ្យចង់រួមភេទនេះ គឺប្រយោជន៍ដើម្បីយកទឹកកាមរបស់វា ដូច្នេះពេលវេលាសម្រាប់រំញោចអារម្មណ៍របស់វា អាចប្រើពេលពីរ-បីសប្តាហ៍ដល់បួនសប្តាហ៍ ទើបយើងអាចយកទឹកកាមពីទាឈ្មោលនោះបាន។
ដើម្បីយកទឹកកាមពីទាកាប៉ាឈ្មោលនេះ ត្រូវធ្វើនៅម៉ោង៦ ទៅម៉ោង៩ព្រឹក មិនត្រូវធ្វើនៅពេលវេលាខុសពីនេះឡើយ។


សម្ភារៈដែលត្រូវការចាំបាច់សម្រាប់យកទឹកកាមពីទាឈ្មោលនេះមាន :
– កែវសម្រាប់ដាក់ទឹកកាមស្អាត អាចរកទិញនៅកន្លែងលក់សម្ភារៈពេទ្យនៅក្បែវត្តមហាមន្ត្រី (អូឡាំពិក)
– គ្រឿងជាវត្ថុរាវសម្រាប់លាយពង្រាវទឹកកាម
– បំពង់បូប និងបំពង់លាយទឹកកាម
– គ្រឿងសម្រាប់បាញ់ទឹកកាមទៅតាមទ្វាររបស់ទាញី


៤- របៀបយកទឹកកាមពីទាកាប៉ាឈ្មោល
យកទាកាប៉ាញី ដែលបានយកមកបង្ខាំងក្បែរទាកាប៉ាឈ្មោលដាក់ចូលទៅក្នុងទ្រុងរបស់ទាកាប៉ាឈ្មោល។ ដាក់កន្ទុយទាកាប៉ាឲ្យបែរទៅខាងអ្នកចាំយកទឹកកាម។ ពេលនោះ ទាកាប៉ាឈ្មោលវានិងព្យាយាមឡើងជាន់ទាកាប៉ាញី អ្នកយកទឹកកាមត្រូវត្រៀមខ្លួនឲ្យបានល្អ ព្រមជាមួយបំពង់សម្រាប់ត្រងយកទឹកកាមនៅក្នុងដៃឲ្យហើយស្រេច នៅពេលទាកាប៉ាឈ្មោលដកពន្លៀនប្រដាប់បន្តពូជរបស់វាមកខាងក្រៅ ដើម្បីស៊កចូលទ្វាររបស់ទាកាប៉ាញី ត្រូវប្រញាប់យកបំពង់ដែលបានត្រៀមស៊កប្រដាប់បន្តពូជទៅក្នុងបំពង់នោះភ្លាម ដើម្បីកុំឲ្យទឹកកាមនោះត្រូវបានបាញ់បញ្ចូលទៅក្នុងទ្វាររបស់ទាកាប៉ាញី បានទឹកកាមរបស់ទាកាប៉ាឈ្មោលមានចំណុះត្រឹមតែប្រហែលជាមួយទៅពីរមីល្លីម៉ែត្រតែប៉ុណ្ណោះ ភ្លាមៗនោះត្រូវចាក់វត្ថុរាវសម្រាប់ពង្រាវទឹកកាមចូលក្នុងបំពង់ត្រងទឹកកាមនោះភ្លាមៗ ដោយប្រើតាមអត្រាទឹកកាមបីលាយជាមួយវត្ថុរាវមួយអំពូល។ បន្ទាប់ពីបានលាយពង្រាវទឹកកាមរួចហើយត្រូវបូមវាបញ្ចូលក្នុងបំពង់ផ្ទុកទឹកកាមសម្រាប់ប្រើការ ក្នុងបំពង់ផ្ទុកទឹកកាមមួយៗ អាចយកទៅបង្កកំណើតឲ្យទាញី (ទាស) បានចំនួន ២៥ក្បាល។

៥- របៀបបង្កកំណើតឲ្យទាញី (ប្រភេទទាស)
ត្រូវជ្រើសយកទាញីដែលមានរូបរាងល្អ មានសុខភាពល្អ មានមាឌធំជាងទាដទៃនៅក្នុងហ្វូង និងជាទាញីមានវ័យត្រូវបន្តពូជបានសម្រាប់យកមកបង្កាត់។
ដាក់ទាញីឲ្យឱនក្បាលចុះ ប្រើភ្លៅ និងក្បាលជង្គង់កៀបខ្លួនទាញីឲ្យជាប់ បន្ទាប់មកប្រើដៃទាំងពីរ ដើម្បីសង្កត់រន្ធសម្ងាត់របស់ទាញីរហូតអាចមើលឃើញប្រដាប់បន្តពូជរបស់ទាញីលៀនចេញមក ឃើញច្បាស់ប្រើប្រដាប់បាញ់ទឹកកាមបាញ់ទឹកកាមបញ្ចូលទៅក្នុងប្រដាប់បន្តពូជរបស់ទាញី រាល់ពេលបានបាញ់ទឹកកាមឲ្យទាញីរួច ហើយត្រូវពិនិត្យមើលកម្រិតទឹកកាមដែលមានសល់នៅក្នុងបំពង់ជារៀងរាល់លើក ដើម្បីធានាឲ្យបានថា ចំនួនទឹកកាមមានគ្រប់គ្រាន់សម្រាប់ទាចំនួន ២៥ក្បាល។
ត្រូវធ្វើបែបនេះជាថ្មី ក្រោយមកចំនួន៤ថ្ងៃក្រោយ ដើម្បីធានាពីការអាចឲ្យទឹកកាមបង្កជាកំណើតឲ្យពងរបស់ទាញីបាន។


៦- របៀបភ្ញាស់ពងទាកូនកាត់
– ការភ្ញាស់ពងទា ពូជបង្កាត់នេះ គឺមិនមានអ្វីខុសគ្នាពីការភ្ញាស់ពងទាធម្មតានោះដែរ។
– ពេលវេលានៃការញាស់របស់ទាពូជកាត់នេះ គឺមានវេលា ៣២ថ្ងៃ អាស្រ័យហេតុនេះ បន្ទាប់ពីយើងបានដាក់ភ្ញាស់ទាក្នុងទូភ្ញាស់បាន ២៨ថ្ងៃ ដល់ ២៩ថ្ងៃ ហើយពងចាំបាច់ត្រូវបញ្ជូនចូលម៉ាស៊ីនញាស់មួយផ្សេងទៀត។
– កូនទាកាត់ពូជនេះ ពេលញាស់ចេញមក មានសម្បុររោមបីយ៉ាង : ពណ៌លឿងក្រូចឆ្មា មានស្នាមអុជៗនៅត្រង់ក្បាល អាចមានចំនួន ២០ភាគរយ។ ពណ៌លឿងក្រូចឆ្មា មានស្នាមអុជៗនៅក្បាល និងនៅខ្នង មានប្រមាណជា៦០ភាគរយ។ ពណ៌ប្រផេះមានលាយលឿង មានប្រមាណជា ២០ភាគរយ។


កូនទាបង្កាត់ពូជនេះ ការលូតលាស់របស់វាលឿន តែពូជបង្កាត់នេះ ទោះបីមានឈ្មោល មានញី ប៉ុន្តែការបន្តពូជរបស់ពួកវា មិនអាចធ្វើទៅបានឡើយ ឯការបង្កាត់នេះទៀតសោត គឺធ្វើដើម្បីតែសម្រាប់លក់ជាសាច់ប៉ុណ្ណោះ មិនមែនសម្រាប់យកមកបង្កើតពូជថ្មីឲ្យវាបន្តពូជបានឡើយ។
ចំពោះការចិញ្ចឹមវារហូតធំនោះវិញ គឺធ្វើដូចគ្នាទៅនិងការចិញ្ចឹមទាបែបដទៃដែរ តែប្រើពេលខ្លីជាង និងប្រើចំណីតិចជាង។ ពូជទាថ្មីនេះ វាមានសក្តានុពលផ្នែកពាណិជ្ជកម្មច្រើនជាង ព្រោះសាច់វាឆ្ងាញ់ជាងទាដទៃ៕

ប្រភពៈ សៀវភៅបៃតង កសិកម្ម ភាគ២