ចំណេះដឹងទូទៅ
យល់ដឹងពីវិធីសាស្រ្តងាយៗមួយចំនួនក្នុងការព្យាបាលការរលាកបំពង់ក និងការថែទាំសុខភាពបានដោយខ្លួន!
រូបភាព
ការរលាកបំពង់ក មានន័យថា ជាការឈឺរមាស់ ឬរលាកក្នុងបំពង់ក ហើយវាកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលលេបទឹកមាត់។ ចំពោះមូលហេតុចម្បងបំផុតរបស់ជំងឺនេះគឺ ការបង្ករោគដោយវីរុសដូចជា ជំងឺផ្តាសាយជាដើម។ ការឈឺបំពង់កដែលបណ្តាលមកពីវីរុសនឹងជាវិញដោយខ្លួនឯង តាមរយៈការថែទាំសុខភាពដោយខ្លួនឯង។ ចំពោះការរលាកបំពង់ក ដោយសារបាក់តេរីវិញ ឬ Streptococcal Infection ច្រើនតែត្រូវការព្យាបាលដោយថ្នាំផ្សះ ដើម្បីបង្ការផលវិបាករបស់វា។
នេះគឺជាវិធីសាស្ត្រមួយចំនួននៃការថែទាំសុខភាពដោយខ្លួនឯង ដែលអាចជួយបំបាត់បញ្ហាបានបណ្តោះអាសន្នផងដែរ ខាងក្រោមនេះមានដូចជា ៖
១. សម្រាក៖ គេងឲ្យបានច្រើន និងថ្នមសម្លេង។
២. ញ៉ាំទឹក៖ ញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាសំណើមនៅបំពង់ក និងបង្ការការខ្សោះជាតិទឹក។ បើញ៉ាំទឹកតែក្តៅឧណ្ហៗជាមួយក្រូចឆ្មារ ឬទឹកឃ្មុំ កាន់តែប្រសើរ។
៣. ព្យាយាមញ៉ាំអាហារ និងភេសជ្ជៈផ្តល់ផាសុខភាព៖ ទឹកក្តៅឧណ្ហៗ ទឹកស៊ុបក្តៅ តែគ្មានជាតិកាហ្វេអ៊ីន ទឹកឃ្មុំក្តៅឧណ្ហៗ សុទ្ធតែអាចជួយបន្ធូរអាការៈឈឺបំពង់កបានទាំងអស់។ សូមជៀសវាងអាហារដែលមានជាតិហឹរ។
៤. ខ្ពុរទឹកអំបិល៖ ការខ្ពុរទឹកអំបិល អាចជួយបន្ធូរ ឬសម្រួលដល់ការឈឺបំពង់កបាន។ ខ្ពុរឲ្យបាន ២-៣ដង ក្នុងមួយថ្ងៃ។
៥. ធ្វើឲ្យខ្យល់មានសំណើម៖ ចូរប្រើប្រាស់ខ្យល់មានសំណើមត្រជាក់ ដើម្បីបំបាត់ខ្យល់ដែលស្ងួត ហើយក៏អាចបង្ការការរលាកបំពង់កបានល្អដែរ។
៦. ចៀសវាងសារធាតុបង្ករលាក៖ ចូរធ្វើយ៉ាងណាឲ្យផ្ទះគ្មានផ្សែងបារី និងប្រើផលិតផលលាងសម្អាតណា ដែលមិនអាចបង្កការរលាកបំពង់ក។
សម្រួលអត្ថបទដោយ៖ ស្រីពៅ