ឯកសារកសិកម្ម
រូបភាព
ការដាំដុះពពួកបន្លែយកស្លឹក គឺច្រើនទទួលរងនូវការបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់សត្វល្អិតចង្រៃមួយ ចំនួនដូចជា ដង្កូវយោលទោង ដង្កូវហ្វូង ដង្កូវកូនជ្រូក សត្វត្រចៀកគូរ និងប្រភេទសត្វល្អិតចង្រៃផ្សេងៗទៀត។ ដោយឡែកខ្ចៅដី គឺជាប្រភេទសត្វល្អិតចង្រៃម្យ៉ាង ដែលបំផ្លាញពួកបន្លែយកស្លឹកយ៉ាងខ្លាំងក្លា គួរឱ្យព្រួយបារម្ភ ណាស់ដែរ។
ខ្ចៅដីជាសត្វដែលមានទំហំតូចៗ មានគូថស្រួចដូច ខ្ចៅយើងហូបធម្មតា តែពុំមានសន្ទះមាត់ឡើយ។ វារស់នៅ តាមរងបន្លែ ហើយច្រើនកើតឡើងនៅរដូវ ភ្លៀងធ្លាក់ជោគជាំ ។ សកម្មភាពបំផ្លាញរបស់វាគឺ ចាប់ពីដំណាំដុះពន្លករហូត ដល់ប្រមូលផល។ ពេលដំណាំនៅតូចៗ វាកាត់បំផ្លាញពន្លក ឬកូនដើម ដំណាំដែលទើបដុះបណ្តាលឱ្យកូនដំណាំងាប់តែម្តង។ នៅ ពេលដំណាំធំ វាចូលទៅក្នុងដីស៊ីឫសរយោង (ឫសជញ្ជក់) របស់ដំណាំបណ្តាលឱ្យការដុះលូតលាស់យឺត ឬងាប់តែម្តងក៏មាន។
ដើម្បីការពារដំណាំទប់ទល់នឹងខ្ចៅដី គឺ
វត្ថុធាតុដើម៖ សាច់ជូរស
វិធីធ្វើ និងប្រើប្រាស់៖
-យកសាច់ជូរសចំនួន ៦គីឡូក្រាម លាយជាមួយទឹក ៣០លីត្រ
-កូរឱ្យរលាយសាច់ជូរអស់ ហើយទុកឱ្យរង
-ដួសទឹក សាច់ជូរ១កាតូសាប៊ូ (ប្រហែល ១លីត្រ) លាយជាមួយទឹកធម្មតា២១លីត្រ ស្រោចលើថ្នាលបន្លែ ឬថ្នាលបណ្តុះ កូនបន្លែ
-ការស្រោច គួរធ្វើនៅពេលល្ងាចត្រជាក់ (ប្រហែលជាម៉ោង ៥ឬ៦ល្ងាច) ព្រោះខ្ចៅដីវាចាប់ផ្តើម បំផ្លាញនៅពេលល្ងាចនិងពេលយប់។
-ក្រោយពីស្រោចទឹកសាច់ជូរអស់រយៈពេលរំលងមួយយប់មក អ្នកនឹងសង្កេតឃើញខ្ចៅដីផ្ងារមាត់ឡើងលើ ហើយងាប់គរលើគ្នា ជាពិសេស នៅពេលព្រះអាទិត្យរះ (ប្រហែលជាម៉ោង៩ព្រឹក)។ ខ្ចៅដីងាប់បណ្តាលមកពីទឹកសាច់ជូរកាត់ជាតិរំអិលរបស់វា។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត