ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតមានក្រា កណ្ដាំ ចៃ ដំណាំស្រូវបណ្ដេញដង្កូវមូរស្លឹក សម្លាប់ដង្កូវដួងក្នុងដើមឈើ បណ្ដេញ ចៃឬកណ្តាំ ឬង៉ម ពីបន្លែ និងបណ្ដេញសត្វទិច ផ្លែឈើ និងដង្កូវពីដើមស្រូវ

23-Jul-2018 04:16 PM

រូបភាព


ដោយ: Uddam

នៅពេលដែលរដូវរាំងស្ងួតអូសបន្លាយយូរខែ ដំណាំស្រូវតែងតែសំបូរសត្វល្អិតយាយី។ កសិករជាច្រើននាំគ្នាទិញថ្នាំគីមីមកបាញ់សម្លាប់សត្វទាំងនោះចេញពីដើមស្រូវ ប៉ុន្តែសារធាតុគីមីនោះធ្វើឲ្យប៉ះពាល់ច្រើនដល់ជីវចម្រុះក្នុងដីនិងសត្វមានប្រយោជន៍ការពារស្រូវ និងបង្កកំណើតស្រូវ។ ដើម្បីឲ្យដីស្រែល្អមានជីវចម្រុះសត្វល្អិតមានប្រយោជន៍និងជួយការពារដើមស្រូវកសិករគួរប្ដូរទៅប្រើថ្នាំពុលធម្មជាតិជំនួសវិញ។

ជារឿយៗកសិករតែងតែជួបការលំបាកដោយសារសត្វល្អិតបំផ្លាញស្រូវក្នុងស្រែ នារដូវវស្សាជាពិសេសក្នុងពេលដែលអាកាសធាតុផ្លាស់ប្ដូរធ្វើអោយតំបន់ធ្វើស្រែមួយចំនួនខ្វះទឹកនិងស្រែតាមតំបន់មាត់ទន្លេមួយចំនួនត្រូវទឹកជន់លិច។

ដូច្នេះ សូមបង្ហាញជូនពីរបៀបផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតមានក្រា កណ្ដាំ ចៃ ដំណាំស្រូវបណ្ដេញដង្កូវមូរស្លឹក សម្លាប់ដង្កូវដួងក្នុងដើមឈើ បណ្ដេញ ចៃឬកណ្តាំ ឬង៉ម ពីបន្លែ និងបណ្ដេញសត្វទិច ផ្លែឈើ និងដង្កូវពីដើមស្រូវ ឱ្យបានដឹង និងសូមអនុវត្តទាំងអស់គ្នាព្រោះវាពិតជាមានប្រសិទ្ធភាពណាស់!

គ្រឿងផ្សំ៖
-សំបកស្តៅ ១គីឡូ


-មើមល្មៀត ២ខាំ


-មើមខ្ទឹមស ២ខាំ


-ម្ទេសទុំ២ខាំ

-ទឹកនោមសត្វ ៥លីត្រ
-លាមកមេគោស្រស់ ១គីឡូ
-ទឹក ៥លីត្រ

វិធីធ្វើ
-យកសំបកស្ដៅ ឬមស្លឹកស្តៅបុកឲ្យម៉ត់ទុកមួយអន្លើ

-បន្ទាប់មក យកខ្ទឹមល្មៀត និងម្ទេស បុកឲ្យម៉ត់បុក

-យកសារធាតុទាំងអស់មកដាក់ក្នុងធុង ទើបយកទឹក ៥លីត្រ ទឹកនោមគោ ៥លីត្រ អាចម៍គោ ១គីឡូ ដាក់ចូលគ្នាហើយកូរបញ្ចូលគ្នា
-ទុកបានរយៈពេល១៥ថ្ងៃ អាចប្រើបានហើយ។

វិធីប្រើប្រាស់ថ្នាំបាញ់បណ្ដេញដង្កូវមូរស្លឹកស្រូវ
-យកទឹកមេថ្នាំ ១លីត្រ លាយទឹកធម្មតា ៣លីត្រ បាញ់បណ្ដេញសត្វល្អិតស៊ីស្រូវ មានដង្កូវស៊ីស្លឹក ដង្កូវមូរស្លឹកដង្កូវយោលដៃ ដង្កូវយោលទោង ជាដើម
-សុំបញ្ជាក់ថាដង្កូវមូរស្លឹក បើបាញ់ដំណាំស្រូវវិញ គឺត្រូវការយករពាក់ដូចជាបន្លាផ្សេងៗ មកអូសសិន ព្រោះវាមានសំបុកមូរនៅក្នុងស្រូវ កាលណាបាញ់ថ្នាំ សត្វល្អិតទាំងនោះមិនចេញ វាងាប់ទេ។ ដូច្នេះ ត្រូវអូសវាសិន ដើម្បីឲ្យវាបែកចេញពីសំបុកសិន ទើបបាញ់ថ្នាំ។

បើបាញ់ស្រូវ គឺត្រូវស្លៀកខោវែង ហើយពាក់ម៉ាស់ផង ព្រោះថ្នាំសុទ្ធតែជាតិក្តៅដូចជាម្ទេស ការពារកុំឱ្យរលាក ឬក្តៅ។

វិធីប្រើប្រាស់ថ្នាំបាញ់បណ្តេញសត្វទិចដំណាំ
-សត្វទិចដំណាំធ្វើឲ្យដើមដំណាំ មានពណ៌អុចខ្មៅៗ ដើមស្រូវអន់ ហើយខ្លោចដើម។ វិធីប្រើត្រូវយកទឹកមេថ្នាំ ១លីត្រ លាយទឹកធម្មតា៣លីត្រ លាយបន្ថែម ស្លឹកក្រូចសើច ២ ទៅ ៣ខាំ បុកឲ្យម៉ត់ ច្រោះកាកចេញយកទឹកក្រូចសើចទៅលាយជាមួយទឹកល្បាយថ្នាំពុល

-បាញ់បណ្តេញសត្វទិច គឺសត្វទិចចាញ់ក្លិន វានឹងមិនទិចដំណាំស្រូវ និងបន្លែមានផ្លែនោះទៀតទេ

-ល្បាយទឹកថ្នាំពុលមានលាយស្លឹកក្រូចសើចនេះ អាចបាញ់សម្លាប់ដួងស៊ីដើមឈើដូចជាដង្កូវដួងក្នុងដើមធុរេន ដើមស្វាយ ដើមខ្នុរ គឺបាញ់ទៅដង្កូវដួងក៏ងាប់ដែរ

បើសត្វល្អិតចង្រៃទាំងនោះស៊ីស្វាយ ស៊ីខ្នុរ ឬដួងស៊ី ត្រូវចោះ យកកាំបិតកាប់ឲ្យឃើញរន្ធ រួចយកថ្នាំបាញ់ ដោយប្រើសឺរ៉ាំងបាញ់បញ្ចូល
-បន្ទាប់មកត្រូវយកអាចម៍គោស្រស់ និងភក់លាយទឹកតិចៗ ប៉ាតវិញ នោះដួងនឹងងាប់អស់ ហើយដើមឈើនឹងដុះសាច់ជិតវិញ។

វិធីប្រើប្រាស់ថ្នាំបាញ់បណ្ដេញចៃ ឬកណ្តាំ ឬង៉ម និងទាកគូ
-សត្វល្អិតទាំងនេះ មានស្រោមការពារខ្លួន បើថ្នាំពុលធម្មតាបាញ់សម្លាប់ គឺមិនងាយមានប្រសិទ្ធភាពទេ។ ដើម្បីឲ្យការបាញ់ថ្នាំបំពុលសត្វទាំងនោះមានជោគជ័យ យកទឹកថ្នាំពុល១លីត្រ លាយទឹកធម្មតា ៣លីត្រ លាយសាប៊ូម្សៅ១ស្លាបព្រាបាយ
-កូរចូលគ្នាឲ្យសព្វ យកទៅបាញ់សត្វនោះនៅពេលមេឃមិនមានកម្ដៅថ្ងៃទើបទឹកល្បាយមានប្រសិទ្ធភាពលើសត្វល្អិតយាយីដំណាំ។

វិធីបាញ់ថ្នាំពុលលើដំណាំស្រូវត្រូវមើលទឹកក្នុងស្រែ បើមានទឹកច្រើន ត្រូវបង្ហូរទឹកនោះចេញសិនចាំបាញ់ថ្នាំពុលនោះទៅ ទើបមានប្រសិទ្ធភាព។
វិធីផ្សំថ្នាំពុលកម្ចាត់ក្រា វត្ថុធាតុដើមផ្សំ
-ប្រេងកាត កន្លះស៊ី
-មើមខ្ទឹមស ២ខាំ

-ម្សៅសាប៊ូ ១ស្លាបព្រា
វិធីធ្វើ
-យកខ្ទឹមហ្នឹងបកសំបកចេញ បុកឲ្យម៉ត់
-យកប្រេងកាតកន្លះស៊ី យកខ្ទឹម ញាត់ចូលដបទឹកសុទ្ធ កូរក្រឡុក ឲ្យសព្វ

-ក្រឡុកឲ្យបាន ៥នាទី ហើយកូរឲ្យបាន ៥នាទី ឲ្យសព្វ ព្រោះថាជាតិប្រេង និងទឹកមិនងាយចូលគ្នាទេ ដូច្នេះត្រូវទុកវាឲ្យបានរយៈពេល ២៤ម៉ោង ទើបប្រើបាន។

វិធីប្រើថ្នាំពុលកម្ចាត់ក្រា
-ត្រូវយកវត្ថុផ្សំបានទៅច្រោះនឹងក្រណាត់ស

-យកទឹកនោះលាយទឹកធម្មតា ១លីត្រ ហើយថែមសាប៊ូម្សៅ ១ស្លាបព្រាបាយទៀត។
-កូរចូលគ្នាឲ្យសព្វ មិនមានថែមទឹកទៀតទេ ទើបយកទៅបាញ់លើដំណាំដែលមានស្លឹកក្រាស់ ដូចជាទៀប ក្រូច មៀនដែលមានក្រាស៊ី

-យកទឹកនោះទៅបាញ់សត្វក្រាឆាប់ងាប់ ព្រោះចាញ់ក្លិនប្រេងកាត និងខ្ទឹម ហើយពុលនឹងសាប៊ូ ប៉ុន្តែបើយកទឹកថ្នាំពុលបាញ់លើស្លឹកសណ្ដែកកួរ ម្ទេស ជាដើមយកទឹកថ្នាំពុលនោះទៅលាយទឹកធម្មតា ៥លីត្រទៀតទើបយកល្បាយនោះទៅចាញ់បន្ថើរៗពីលើសត្វក្រាកំពុងរោម។

ថ្នាំពុលលាយប្រេងកាត និងសាប៊ូ ហាមបាញ់លើបន្លែហូបស្លឹក ដូចជាស្ពៃស្លឹកខ្ទឹម ជាដើម នាំឲ្យស្លឹកវាខ្លោច និងមិនអាចទទួលទានបាន។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត