ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

មូលហេតុទាំង៥ចំនុច បង្កឱ្យខូចឆ្អឹងខ្នង ដែលជាទម្លាប់មនុស្សភាគច្រើនប្រព្រឹត្តរាល់ថ្ងៃដោយមិនដឹងពីផលប៉ះពាល់!

25-Jul-2018 03:20 PM

រូបភាព


ដោយ: Uddam

មានឆ្ងល់ទេថា ហេតុអ្វីបានអ្នកចេះតែមានការឈឺចាប់ឆ្អឹងខ្នង? មនុស្សភាគច្រើនតែងតែមានការត្អូញត្អែរចំពោះអាការមួយនេះ ហើយវាមិនមែនកើតចំពោះតែមនុស្សចាស់នោះទេ សូម្បីតែក្មេងៗបច្ចុប្បន្នក៏ដូចគ្នាដែរ។ ការឈឺចាប់ឆ្អឹងខ្នង គឺបណ្តោលមកពីមូលហេតុទាំង៥ចំណុចខាងក្រោមនេះ ដែលមនុស្សភាគច្រើនធ្វើរាល់ថ្ងៃ ប៉ុន្តែពួកគេមិនដឹងខ្លួនឡើយ។ ខាងក្រោមនេះ គឺជាចំនុចមួយចំនួនដែលមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពនោះឡើយ ថែមទាំងបង្កឲ្យខូចឆ្អឹងខ្នងថែមទៀត៖

 

១. អង្គុយច្រើនពេក
នៅពេលដែលអ្នកអង្គុយធ្វើការច្រើនពេក រាងកាយនឹងមានលក្ខណ:កោងទៅមុខ ហើយប្រសិនបើអ្នកទម្លាប់បែបនេះរយ:ពេលយូរ ឆ្អឹងខ្នងច្បាស់ជាឆាប់ខូចបំផុត។ សញ្ញាដំបូងមុននឹងឆ្អឹងខ្នង ត្រូវទទួលរងនូវការខូចខាត គឺឈឺស្មា ឈឺចាប់នៅតាមបណ្តោឆ្អឹងខ្នង។ ដូច្នេះដើម្បីជៀសផុតពីបញ្ហាមួយនេះ អ្នកគួរតែទម្លាប់អង្គុយឲ្យត្រង់ខ្លួន ហើយឧស្សាហ៍ងើបដើរឲ្យបានញឹកញាប់។

 

២. ការប្រើប្រាស់ទូរស័ព្ទដៃ
យុវវ័យសម័យនេះញៀននឹងទូរសព្ទស្មាតហ្វូនខ្លាំងណាស់ ក៏ប៉ុន្តែការប្រើប្រាស់ទូរសព្ទច្រើនពេកមិនល្អសម្រាប់ខុសភាពនោះឡើយ ជាពិសេសប្រសិនបើអ្នកប្រើមិនបានត្រឹមត្រូវ។ នៅពេលដែលអ្នកអោនក្បាលចុះ សម្លឹងមើលអេក្រង់ទូរសព្ទច្រើនហួសប្រមាណនឹងកើតមានបញ្ហាឈឺក ឬឈឺខ្នងជាពុំខាន។ 

 

ប្រសិនបើអ្នកទម្លាប់បែបនេះរយ:ពេលយូរឆ្អឹងខ្នង របស់អ្នកនឹងចុះខ្សោយ ហើយសន្លាក់ឆ្អឹងកងខ្នង ក៏ងាយនឹងបំផ្លិចបំផ្លាញដែរ។ ដើម្បីជៀសវាងផលអាក្រក់មកលើឆ្អឹងខ្នង អ្នកគួរកាត់បន្ថយការប្រើប្រាស់ទូរសព្ទ ឬលើកទូរសព្ទឲ្យខ្ពស់ស្មើនឹងផ្ទៃមុខ កុំឲ្យក្បាលអោនចុះក្រោម។

 

៣. ស្ពាយកាបូបធ្ងន់ពេក
ទម្លាប់នៃការស្ពាយកាបូបធ្ងន់ពេកមិនល្អសម្រាប់ឆ្អឹងកងខ្នងឡើយ ព្រោះឆ្អឹងខ្នងមិនអាចបត់បែនបាន។ លើសពីនេះទៅទៀតការស្ពាយកាបូបធ្ងន់តែម្ខាង អាចធ្វើឲ្យវៀចឆ្អឹងខ្នងទៅម្ខាងដូចគ្នា។ ហេតុនេះសូមកាត់បន្ថយទម្លាប់ស្ពាយកាបូបធ្ងន់ ឬរបស់ដែលមិនចាំបាច់កុំដាក់នៅក្នុងកាបូបស្ពាយឲ្យសោះ។

 

៤. ពាក់ស្បែកជើងកែងចោទ
ទម្លាប់ពាក់ស្បែកជើងកែងចោទ អាចដាក់សម្ពាធធ្ងន់ទៅលើឆ្អឹងកងខ្នង ដែលនាំឲ្យមានរោគសញ្ញាឈឺខ្នង ក និងស្មា។ យកល្អអ្នកគួរតែទម្លាប់ពាក់ស្បែកជើងរាបស្មើធម្មតា ឬជៀសវាងស្បែកជើងដែលមានកែងខ្ពស់ពេក។

 

៥. ការជក់បារី
លោកវេជ្ជបណ្ឌិត Nathaniel Tindel ជាគ្រូពេទ្យផ្នែកវះកាត់នៅមន្ទីរពេទ្យ Lenox Hill ក្នុងទីក្រុងញ៉ូវយ៉ក បានមានប្រសាសន៍ថា ការជក់បារីអាចបណ្តោលឲ្យមានបញ្ហាឆ្អឹងខ្នង។ ព្រោះផ្សែងបារីអាចរារាំងដល់ចរន្តឈាមទៅកាន់សន្លាក់ឆ្អឹងកងខ្នង ដែលធ្វើឲ្យខ្សោះជាតិទឹក និងពិបាកក្នុងការស្រូបយកសារធាតុចិញ្ចឹម។ដូច្នេះ ទើបវេជ្ជបណ្ឌិតបានណែនាំឲ្យឈប់ជក់បារី ដើម្បីការពារឆ្អឹងខ្នងកុំឲ្យខូច និងថែរក្សារាងកាយឲ្យមានសុខភាពល្អ។

 

ទាំងប៉ុន្មានចំណុចនេះហើយដែលធ្វើឲ្យខូចឆ្អឹងខ្នង តែមនុស្សភាគច្រើនបានប្រព្រឹត្តរៀងរាល់ថ្ងៃ។ អាស្រ័យហេតុនេះ ដើម្បីការពារឲ្យឆ្អឹងខ្នងមានសុខភាពល្អ ត្រូវកែប្រែចំពោះទម្លាប់ទាំងប៉ុន្មានចំណុចនៅខាងលើនេះ។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ