ឯកសារកសិកម្ម
រូបភាព
អ្នកដាំដំណាំគ្រប់ប្រភេទត្រូវតែចេះកែដីឲ្យមានកម្រិត PH មួយស្របតាមដំណាំត្រូវដាំនោះទើបយើងបានទទួលផលល្អ!
ពាក្យថា PH គឺជាពាក្យកាត់សង្ខេប ពាក្យពេញរបស់វាគឺ Potential Hydrogen។
-ដីដាំដំណាំគួរត្រូវបានយកចិត្តទុកដាក់ទៅលើកម្រិត PH របស់វានៅរាល់ពេលមុនដាំដំណាំណាមួយ ទោះជាដំណាំអ្វីក៏ដោយចុះ គឺចាំបាច់ណាស់ត្រូវវាស់រកកម្រិត PH របស់វាឲ្យដឹងមុនសិន ។
-ដំណាំណាមួយដែលត្រូវយកមកដាំ យើងគួរដឹងជាមុនសិនថា តើដំណាំនោះត្រូវការ PH របស់ដីក្នុងកម្រិតណា? ឯដីដែលយើងបម្រុងយកដំណាំនោះមកដាំមាន PH កម្រិតណាដែរ។ ប្រការដែលយើងដឹងបានពីកម្រិត PH របស់ជាមុន មុនពេលយកដំណាំមកដាំ គឺជាការតម្រូវមួយរបស់ប្រភេទដំណាំ បើកម្រិត PH របស់ដីទាបជាង ឬខ្ពស់ជាងកម្រិត PH ដែលដំណាំត្រូវការនោះការដុះលូតលាស់របស់វានឹងជួបប្រទះនូវភាពមិនប្រក្រតីជាមិនខានឡើយ។
-ជាធម្មតា PH របស់ដីត្រូវបានកំណត់ពី ១ ដល់ ១៤៖
+ដីដែលមានកម្រិត PH ចំនួន៧ (PH=7) គេចាត់ទុកថាណឺត (Neutral)
+ដីដែលមានកម្រិត PH ទាបជាង៧ (PH<7) គេចាត់ទុកថា ដីនោះមានអាស៊ីដច្រើនពេក
+ ដីដែលមានកម្រិត PH ខ្ពស់ជាង៧ (PH>7) គេចាត់ទុកថាដីនោះមានអាល់កាលីនខ្ពស់ពេក។
-ក្នុងន័យបច្ចេកទេសកម្រិត PH ត្រូវបានវាស់ដោយឧបករណ៍ផ្សេងៗ មានបន្ទះ Strip ដូចឈើដោតការ៉េម មានប្រដាប់វាស់មានសណ្ឋានជាដែកវែងដូចម្ជុល មានជាប្រអប់ និងការវាស់ដោយប្រើវិធីលាយជាមួយទឹកថ្នាំ។
-ដីទាំងអស់នៅលើភពផែនដីយើងនេះ មិនថានៅប្រទេសណាទេ ហើយក៏មិនថានៅកនែ្លងណាដែរ តែងមានកម្រិត PH ចន្លោះពី ៤.៥ ទៅ ៨.៥ ។
-ដីដែលមានកម្រិត PH ៤.៥ គឺជាដីដែលមានអាស៊ីដច្រើន ជាដីជូរ (Sour) មានតែរុក្ខជាតិ ឬដំណាំប្រភេទខ្លះប៉ុណ្ណោះ ដែលត្រូវការដីប្រភេទនេះ។
-ដីដែលមានកម្រិត PH ច្រើនរហូត ៧.៨ វិញ គឺមានអាល់កាលីនច្រើនពេក ឬផ្អែមពេកសម្រាប់ដំណាំ។
– ដីដែលមានកម្រិត PH ចន្លោះ ៦.៥-៧ គឺទាបជាងកម្រិតណឺត (Neutral) បន្តិច។ ដំណាំភាគច្រើនទាំងដំណាំដាំដោយមនុស្ស និងឈើព្រៃ ដោយរាប់បញ្ចូលទាំងបន្លែស្រូវ ពោត សណ្តែក ផ្កា អាចដុះលូតលាស់បានល្អ
អ្នកដាំដំណាំក្នុងចំការធំៗ ឬការដាំបែបជាឧស្សាហ៍កម្ម មានកៅស៊ូ ដូងប្រេង ឬដំណាំអ្វីផ្សេងទៀតក៏ដោយចុះ តែងតែយកដីត្រូវដាំនោះទៅពិនិត្យជាមុនសិន ការពិនិត្យនោះគឺគេចង់រកមើល PH របស់ដី កម្រិតសំណើមរបស់ដីសារធាតុទាំងឡាយ ដែលមាននៅក្នុងដីនោះ រួមទាំងការធ្វើចំណាត់ថ្នាក់របស់ដីនោះផងដែរ ។
-ដីជាស្រទាប់លើ និងដីនៅស្រទាប់ក្រោមអាចមានកម្រិត PH មិនដូចគ្នាទេ ជាពិសេសផ្នែកខាងលើរបស់ដី ពីព្រោះវាទទួលរងឥទ្ធិពលរបស់ធម្មជាតិ និងមនុស្ស
-ដីស្រទាប់ក្រោម គឺជាដីដែលមិនបានរងឥទ្ធិពលរបស់ធម្មជាតិ ឬពីមនុស្ស ហេតុនេះការវាស់រកកម្រិត PH ចាំបាច់ត្រូវធ្វើទាំងផ្នែកស្រទាប់លើ ៥០សង់ទីម៉ែត្រ ចុះទៅក្រោម និងស្រទាប់ដី ៥០សង់ទីម៉ែត្រ ទៅក្រោមទៀត ។ មានរូប :
-PH របស់ដីមានភាពវិជ្ជមានដោយផ្ទាល់ទៅលើការលូតលាស់របស់ដំណាំ និងរ៉ែដែលមានក្នុងដី ។ ភាពខុសគ្នារបស់ដី និងរ៉ែសំខាន់ៗ មួយចំនួនដែលមាននៅក្នុងដីសម្រាប់ជួយធ្វើឲ្យដំណាំដុះលូតលាស់បានត្រឹមត្រូវ ។ សារធាតុចិញ្ចឹមរ៉ែផ្សេងៗ ច្រើនឃើញមាននៅក្នុងដីដែលស្ថិតក្រោមកម្រិតតិចជាងណឺត (Neutral) ឬលើសណឺតបន្តិចមិនសូវសម្បូរណ៍ជីជាតិ ឬរ៉ែចិញ្ចឹមឡើយ ។ តួយ៉ាងសារធាតុហ្វូសហ្វាតមិនអាចមាននៅដីណឺត ឬច្រើនជាងណឺតឡើយ តែវាអាចមាននៅក្នុងដី ដែលក្រោមណឺតបន្តិចគឺក្នុងកម្រិត PH ៦.៥ ។
-ចំពោះដីដែលមានអាស៊ីដខ្លាំងចន្លោះ PH ៤-៥ វាច្រើនសម្បូរណ៍ដោយសារធាតុអាលុយមីញ៉ូម (Aluminum) ដែក (Iron) និង Manganes សារធាតុទាំងនេះសម្បូរណ៍ជាតិពុលអាចមិនល្អសម្រាប់ដំណាំភាគច្រើន ។
– PH ចន្លោះ ៦-៧ ជាកម្រិតមួយសមស្របបំផុតសម្រាប់ដំណាំច្រើនប្រភេទ ពីព្រោះវាជាដីដែលប្រកបដោយជីជាតិច្រើនយ៉ាងសម្រាប់ជួយដល់ការលូតលាស់របស់ដំណាំ ។
មិនមែនគ្រប់ដំណាំទាំងអស់ត្រូវការដីក្បែរណឺត (ជិត៧) ទាំងអស់ឡើយ មានដំណាំខ្លះវាត្រូវការដីបែបអាស៊ីដបន្តិច សម្រាប់ការលូតលាស់របស់វា ដីដែលមានអាល់កាលីនច្រើនពេក វាបាត់បង់សារធាតុដែក បណ្តាលឲ្យដំណាំប្រែជាមានពណ៌ពពាលស្លេក គ្មានការលូតលាស់ ដំណាំមិនអាចទាញយកសារធាតុចិញ្ចឹមពីក្នុងដីបាន ដូច្នេះ ការដុះលូតលាស់របស់វាក៏មានបញ្ហាដែរ ។
PH របស់ដីមានការប៉ះពាល់ដល់អតិសុខុមប្រាណ (បាក់តេរីដែលល្អរស់នៅក្នុងដី) (Microorganioms) ។ ពួកវាគឺជាប្រភេទបាក់តេរី ដែលរំលាយអ្វីទាំងឡាយនៅក្នុងដីឲ្យទៅជាដី បើគ្មានបាក់តេរីទាំងនោះធ្វើសកម្មភាព ដំណាំអាចជួបបញ្ហាក្នុងការបឺតស្រូបយកសារធាតុចិញ្ចឹម ពីព្រោះវាមិនអាចធ្វើដោយខ្លួនទាំងស្រុងឡើយ វាត្រូវពឹងលើបាក់តេរីល្អទាំងនោះជាអ្នកជួយបម្លែងសារធាតុចិញ្ចឹមឲ្យវា ។
-ដីភាគច្រើន ច្រើនក្លាយទៅជាដីមានអាស៊ីដច្រើនពេកទាំងនេះសឹងត្រូវបណ្តាលដោយទឹកភ្លៀងដែលហូរចេញបាននាំយកសារធាតុដែក (Iron) ទៅជាមួយដោយរួមទាំងកាល់ស្យូម (Caleuiem) ម៉ាញ៉េស្យូម (Magnesium) ប៉ូតាស្យូម (Potassivm) និងសូដ្យូម (Sodium)
-ទឹកភ្លៀងអាចជាកត្តាមួយចម្បងគេ ពីព្រោះវាបានហូរនាំយកកំទេចរបស់កំប៉ុសធម្មជាតិនៅស្រទាប់លើរបស់ដី វាបានលាងដីស្រទាប់លើឲ្យខ្សោះសារធាតុចិញ្ចឹមបាត់បង់អស់ពពួកបាក់តេរី ដែលជាភ្នាក់ងារជួយបម្លែង កំប៉ុសឲ្យទៅជាដីសម្រាប់ដំណាំ ។
ហេតុនេះ គេគួរចាំបាច់ត្រូវដាំដំណាំនៅលើដីមិនបានប្រើប្រាស់ដោយដាំរុក្ខជាតិទាំងឡាយណា ដែលមានផ្លែជាគួរដូចជា អង្គារដី កន្ទុំទេស ដើមក្ងោក អង្កាញ់ ៘ ពីព្រោះដំណាំទាំងនេះអាចជួយរក្សាតុល្យភាពរបស់ដី និងបង្កើតគុណភាពដីឲ្យល្អមកវិញបាន ពីព្រោះពួកវាបឺតស្រូបយកសារធាតុ នីត្រូហ្សែន ពីក្នុងខ្យល់មកផ្តល់ឲ្យដីនៅខាងក្រោម ហេតុនេះ បើសិនជាដីយើងមិនប្រើការទេនោះ គួរដាំពួកវាប្រសើរជាងទុកដីឲ្យហាលខ្យល់ហាលភ្លៀងខូចអស់គុណភាពដី ។
***ដើម្បីកែគុណភាពដី
-ប្រើម្សៅថកំបោរដូចជា Caleie Limestone (ម្សៅកំបោរស)
-ក្រៅពីនេះ អាចប្រើផេះគ្រប់ប្រភេទយកមករាយលើដីដែលត្រូកែ PH ឲ្យស្របតាមប្រភេទដំណាំត្រូវដាំ
-ចំនួនកំបោរសយកមកប្រើគឺ អាស្រ័យទៅលើប្រភេទដីផងដែរ ដូច្នេះ ការកំណត់ចំនួនបរិមាណរបស់កំបោរស សម្រាប់យកមកកែដីឲ្យមាន PH មួយតាមការចង់បានគឺ ពិបាកសន្មតបន្តិច ពីព្រោះបើយើងចង់ធ្វើឲ្យបានត្រឹមត្រូវ យើងចាំបាច់ត្រូវវាស់មើលទាំងកម្រិត PH របស់ដីកម្រិតសំណើមរបស់ដី និងរ៉ែដែលមាននៅក្នុងដីនោះ ទើបអាចសន្មតពីចំនួនកំបោរត្រូវប្រើ ដើម្បីកែ PH របស់ដីតាមការចង់បាន ។
-ក្នុងករណីខ្លះប្រដាប់វាស់មិនអាចផ្តល់កម្រិត PH របស់ដីបានត្រឹមត្រូវឲ្យយើងនេះក៏ជាការបង្កជាបញ្ហាផងដែរ ដូចនេះ គុណភាពរបស់ប្រដាប់វាស់ PH គឺជាកត្តាមួយសំខាន់ណាស់ដែរ ដែលអ្នកវាស់ ឬជាអ្នកដាំត្រូវពិចារណា ។
-កន្លែងលក់ចែកចាយកំបោរស (កំបោរកសិកម្ម) សម្រាប់ឲ្យអ្នកដាំដំណាំទិញយកទៅបានលើដីត្រូវកែ ក៏ជារឿងមួយសំខាន់ណាស់ដែរ ព្រមជាមួយការណែនាំឲ្យដឹងពីរបៀបកែ PH ដី និងនាំដល់ការកើនឡើងនៃភោគផលដំណាំ ពីព្រោះអ្នកដាំចេះកែដីឲ្យស្របតាមដំណាំ អ្នកដាំអាចទាញបានផលច្រើនជាងមុន ពីព្រោះគាត់ដឹងពីគុណភាពដីដែលគាត់មាន និងយល់បានច្បាស់ពីដំណាំ និងដីដែលគាត់កំពុងប្រើ ។
ក្នុងតារាងខាងក្រោមនេះគឺជាការបង្ហាញពីចំនួនកំបោរដែលត្រូវប្រើទៅតាមកម្រិត PH ដែលវាស់ឃើញ និងប្រភេទរបស់ដី ។
សូមបញ្ជាក់ថា ការវាស់កម្រិត PH របស់ដីចាំបាច់តូវធ្វើឲ្យបានច្រើនដង និងច្រើនកន្លែងនៅលើដីដែលយើងមានជាពិសេសគឺដីស្រែ និងដីដាំដំណាំកសិកម្មគ្រប់យ៉ាងទោះបីចំការតូចតាចក៏ដោយ ។
ទីមួយ៖ កំបោរកសិកម្ម (Garden Lime) (ដាក់រូបដុំថ្ម Lime stone)
ចំនួនកំបោរដែលត្រូវប្រើសម្រាប់ប្រភេទដី និងកម្រិត PH
១.ដីឥដ្ឋ
-PH ៦.០ ប្រើកំបោរ ៤២០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥.៥ ប្រើកំបោរ ៤៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥ ប្រើកំបោរ ៨២០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៤.៥ ប្រើកំបោរ ១២០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
២. ដីកណ្តោងល្បាយ ដីឥដ្ឋលាយខ្សាច់
-PH ៦ ប្រើកំបោរ ១៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥.៥ ប្រើកំបោរ ៣៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥ ប្រើកំបោរ ៦៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៤.៥ ប្រើកំបោរ ៩៦០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
៣. ដីខ្សាច់
-PH ៦ ប្រើកំបោរ ១៤០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥.៥ ប្រើកំបោរ ២៤០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥ ប្រើកំបោរ ៤២០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៤.៥ ប្រើកំបោរ ៦៧០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
ទីពីរ៖ ម្សៅស (Hydrale Lime)
ចំនួនម្សៅសដែលត្រូវប្រើសម្រាប់ប្រភេទដី និងកម្រិត PH
១. ដីឥដ្ឋ
-PH ៦. ប្រើ ៣០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥.៥ ប្រើ ៣៥០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥ ប្រើ ៥៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៤.៨ ប្រើ ៨៦០ ក្រាម ក្នុង ១ម៉ែត្រការ៉េ។
២. ដីកណ្តោងល្បាយ ដីឥដ្ឋលាយខ្សាច់
-PH ៦ ប្រើ ១៤០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥.៥ ប្រើ ២៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥ ប្រើ ៤៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៤.៥ ប្រើ ៦៩០ ក្រាម ក្នុង ១ម៉ែត្រការ៉េ។
៣. ដីខ្សាច់
-PH ៦ ប្រើ ១០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥.៥ ប្រើ ១៧០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៥ ប្រើ ៣០០ ក្រាម ក្នុង ១ម៉ែត្រការ៉េ
-PH ៤.៨ ប្រើ ៤៨០ ក្រាម ក្នុង ១ម៉ែត្រការ៉េ។
របៀបនៃការវាស់ PH របស់ដីត្រូវធ្វើទៅតាមការណែនាំរបស់ឧបករណ៍ ដែលបានទិញមកប្រើ ។
ការផ្សាយនេះគឺមានគោលបំណងដើម្បីផ្ដល់ចំណេះដឹងទូទៅជូនប្រជាកសិកម្មខ្មែរយើង….
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត