ឯកសារកសិកម្ម
រូបភាព
បច្ចេកទេសផ្សាំកូនក្រូចពោធិ៍សាត់។ បងប្អូនអាចធ្វើការសាកល្បងបច្ចេកទេសនេះដោយខ្លួនឯង។
១-ការជ្រើសរើសមែក
-ជ្រើសរើសមែកក្រូចមិនខ្ចីពេក មិនចាស់ពេក និងមិនមានជំងឺ មិនមានសត្វល្អិតនៅលើសំបកមែក (នៅលើសំបកមិនមានស្នាមជាំ ឬអុច)
-មែកដែលរលោងមិនសូវមានបន្លាប្រភេទ
-មែកនៅផ្នែកខាងក្រោម
-ត្រូវជ្រើសរើសមែកទៅផ្សាំពីដើមដែលមានអាយុចាស់ចាប់ពី ២ឆ្នាំឡើងទៅ។
២-សម្ភារ
សម្ភារសម្រាប់ផ្សាំមានដូចជា
-កាំបិតមុត ១
-ខ្សែសម្រាប់ចងរឹត (យកល្អខ្សែត្រចៀកត្នោត)
-ស្រកីដូង (ហែកយកសំបកក្នុងដែលទន់ងាយប៊ឺតទឹក)
-ដបទឹកក្រូចសម្រាប់បន្តក់ទឹក
-ថង់ប្លាស្ទីកសម្រាប់បន្តក់ទឹក និងថង់ប្លាស្ទីកសម្រប់រុំពីខាងក្រៅ។
៣-វិធីផ្សាំ
-យកកាំបិតដែលមុតមកចៀរក្រឡឹងជុំវិញមែកពីលើ និងពីក្រោមថ្នាំងប្រវែង ២ ទៅ ៣ សង្ទីម៉ែត្រ ឆ្កឹះកន្លែងចៀរហើយបកសំបកចេញ
-យកកាំបិតកោសសំបកពីលើចុះក្រោមថ្នមៗឲ្យអស់រំអិល
-យកក្រណាត់ទៅរូសឲ្យស្អាត រួចយកដីដែលមានលាយលាមកគោពុកផុយទៅរុំព័ន្ធជុំវិញកន្លែងដែលចៀរ
-យកស្រកីដូងដែលបានត្រាំទឹកទុករុំជុំវិញដើម និងយកថង់ប្លាស្ទីកទៅរុំព័ន្ធពីខាងក្រៅ (ថង់ប្លាស្ទីកចោះប្រហោង ២ ទៅ ៣រន្ធ ដើម្បីកុំឲ្យដក់ទឹកនៅក្នុងថង់នាំឲ្យឫសមិនអាចដុះចេញបាន។
៤-ការកាត់មែកក្រូចពោធិ៍សាត់ដែលផ្សាំរួច
-ក្រោយពីផ្សាំបានរយៈពេល ៦០ថ្ងៃ កាត់មែកក្រូចដោយប្រើរណាអារ
-កាត់រួចយកដើមផ្សាំទៅដាក់នៅលើថ្នាលបន្តទៀតរយៈពេល ៤៥ ទៅ ៦០ថ្ងៃ ដោយដាក់នៅក្លែងដែលបានរៀបចំរួច គឺជីកដីជំរៅមួយតឹក ត្រសុសដី រួចយកលាមកមាន់ ទា គោពុកផុយទៅដាក់នៅបាតរណ្តៅ ហើយយកមែកក្រូចពោធិ៍សាត់ទៅដាក់តំរៀបគ្នា និងលុបដីកៀនៗ រួចស្រោចទឹកពីលើឲ្យសើម។
៥-ការដាំមែកផ្សាំ
-ក្រោយពីផ្សាំបានរយៈពេល ៤៥ ទៅ ៦០ថ្ងៃ យកក្រូចទៅដាក់ដាំនៅក្នុងចំការ ដោយជីករណ្ដៅដែលមានទំហំ ១ម៉ែត្រ៤ជ្រុង និងជម្រៅ ១ម៉ែត្រ
នៅក្នុងរណ្តៅមានដាក់ជី តាមស្រទាប់ដូចជា៖
-ស្រទាប់ទី១ ដាក់ទន្ទ្រានខែត្រស្រស់ ២០គីឡូក្រាម
-ស្រទាប់ទី២ ដាក់ដីលាយជាមួយលាមកគោស្រស់ ៥បង្គី
-ស្រទាប់ទី៣ ស្លឹកឈើពុកផុយ ៥បង្គី រួចរោយដីស្រទាប់លើ ២បង្គី។ បន្ទាប់មកដាក់កូនក្រូចដាំរួចលុបដីពីលើ និងដាក់ទន្ទ្រានខែត្រគ្របគល់ (ការពារកុំឲ្យឆាប់ហាប់ដី)។
៦-ការថែទាំក្រូចក្រោយពីដាំ
-ក្រោយពីដាំរួច បោចស្មៅចេញពីគល់កុំឲ្យស្មៅស្រូបយកជីជាតិ រួចស្រោចទឹកនៅរដូវ
ប្រាំង (ជីកចង្ហូរព័ន្ធជុំវិញគល់ដោយទុកចំងាយ ០,៥ម៉ែត្រពីគល់)
-ដាក់ទន្ទ្រានខែត្រគ្របគល់
-ក្រោយពីដាំរហូតដល់ក្រូចអាយុ ៦ឆ្នាំ ទើបប្រមូលផល (ប្រសិនបើផ្លែនៅអាយុចន្លោះពីដាំរហូតទៅដល់ ៥ឆ្នាំ គឺត្រូវបេះផ្លែចោល។ ធ្វើដូចនេះជួយឲ្យដើមក្រូចមានអាយុវែង)
-ក្រៅពីនេះ ត្រូវឧស្សាហ៍កាត់មែកងាប់ និងមែកដែលរាងចាស់ចោល ឬមែកស៊ុបទ្រុបចេញដើម្បីឲ្យ
ស្រឡះមានពន្លឺចូលដល់ ក្រូចអាចលូតលាស់បានល្អ។
សរុបបច្ចេកទេសផ្សាំ សំខាន់ៗ៖
-ជ្រើសរើសមែកផ្សាំ មិនចាស់ពេក មិនខ្ចីពេក គឺរើសពីដើមដែលមានអាយុ ២ឆ្នាំ
-យកកាំបិតមុតចៀរក្រឡឹងនៅលើមែកប្រវែង ២ ទៅ ៣សង្ទីម៉ែត្រ (ចៀរលើ-ក្រោម)
-ឆ្កឹះសំបកចៀរចោល និងកោសឲ្យស្អាត
-យកដីលាយជីកំប៉ុស្តមករុំកន្លែងមុខចៀរ ដោយមានរុំស្រកីដូងផ្អោបកុំឲ្យជ្រុះដី ព្រមទាំងរុំថង់ប្លាស្ទីកដែលមានចោះរន្ធពីក្រៅផង
-កាត់មែកផ្សាំយកទៅដាំនៅថ្នាល ក្រោយពីផ្សាំបាន ៦០ថ្ងៃ
-កាប់រណ្តៅដាំកូនក្រូចជម្រៅ ១ម៉ែត្រ និងទំហំ ១ម៉ែត្រ៤ជ្រុង ក្រោយពីដាំនៅថ្នាល ៤៥ ទៅ ៦០ថ្ងៃ
-ដាក់ជីក្នុងរណ្តៅតាមស្រទាប់រួចដាក់កូនក្រូចដាំ
-នៅពេលក្រូចចេញផ្លែនៅឆ្នាំដំបូងគួរបេះចោលដើម្បីក្រូចមានអាយុបានយូរឆ្នាំ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត