ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសប្រើប្រាស់ស្បៃមុង ក្នុងការដាំ និងការពារពីការបំផ្លាញរបស់សត្វល្អិត

29-Aug-2018 03:10 PM

រូបភាព


ដោយ: Uddam

វិធីសាស្ត្រនៃការអនុវត្តបច្ចេកទេសប្រើប្រាស់ស្បៃមុង ក្នុងការដាំ និងការពារពីការបំផ្លាញរបស់សត្វល្អិត
មានដូចខាងក្រោម៖
១-របៀបនៃការរៀបចំការដាំដុះដំណាំលើរាន
-យកដីស្រទាប់លើ ឬដីក្រោមដើមឈើ២ភាគ និងលាមកគោពុកផុយ១ភាគ លាយជាមួយគ្នាឲ្យសព្វ រួចហាលសំដិលថ្ងៃឲ្យស្ងួត

-ធ្វើជាធ្នើ ឬរានដែលមានទទឹង១ម៉ែត្រ និងបណ្តោយតាមលទ្ធភាព កំពស់១ម៉ែត្រ
-យកថង់ប្លាស្ទីកមកក្រាលពីលើរានចោះរន្ធដើម្បីការពារឫសដំណាំពីការជាំទឹក
-យកដីដែលបានលាយរួចមកចាក់ពីលើកំពស់ ១០ ទៅ ១៥សង្ទីម៉ែត្រ


-នៅតាមជ្រុករានដោតបង្គោល ហើយតភ្ជាប់គ្នាមានលក្ខណៈជាដំបូល ដែលអាចព័ន្ធស្បៃគ្របពីលើបាន
-យកកូនដំណាំមកដាំនៅលើរាន រួចយកស្បៃមុងមកហ៊ុំព័ន្ធជុំវិញ ដើម្បីការពារសត្វមេអំបៅ ឬដង្កូវចូលក្នុងកន្លែងដាំ
-នៅពេលស្រោចទឹកគឺគាត់បើកស្បៃពីខាងលើ ស្រោចទឹករួចទើបគ្របទៅវិញ។

ការដាំដំណាំនៅលើរាន និងមានប្រើស្បៃសំរាប់ការពារ មានលក្ខណៈងាយស្រួល និងសាមញ្ញ ពិសេសមិនមានការប៉ះពាល់ដល់សុខភាព ទាំងដាំដុះ ព្រមទាំងអ្នកបរិភោគ ហើយវាមានប្រសិទ្ធភាពក្នុងការការពារដំណាំដោយ៖
-សត្វល្អិត និងមេអំបៅមិនអាចចូលទៅបំផ្លាញដំណាំបានឡើយ
-កំរមានស្មៅចង្រៃដុះប្រជែងជាមួយនឹងដំណាំណាស់បើប្រៀបធៀបនឹងការដាំដំណាំនៅលើដីផ្ទាល់
-ការដាំដុះនៅលើរានអាចធ្វើឲ្យដំណាំជៀសផុតពីការជាំទឹក និង អាចដាំដំណាំបានទាំងរដូវប្រាំង និងរដូវវស្សា

-ដំណាំដែលអាចដាំបានភាគច្រើនមានដូចជា ដំណាំខាត់ណា សាលាដ៍ ផ្ទីស ខ្ទឹមស្លឹក ជាដំណាំដែលមិនមានឫសវែង ហើយត្រូវការតែដីធូរល្អដែលមានជីជាតិគ្រប់គ្រាន់ និងអាចធ្វើឲ្យដំណាំលូតលាស់បាន
-ក្រោយពេលប្រមូលផលដំណាំរួចគឺគ្រាន់តែបន្ថែមជីលាមកគោពុកផុយ នោះអាចដាំដុះដំណាំបន្តទៀតបាន
-ការលូតលាស់របស់ដំណាំមានលក្ខណៈល្អប្រសើរជាងការដាំដុះដំណាំធម្មតា ហើយដំណាំគ្មានសារធាតុគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាពទេ។

សរុបមក បទពិសោធន៍សំខាន់ៗក្នុងការដាំដំណាំមាន៖
-ធ្វើរានដែលមានទទឹង ១ម៉ែត្រ, កំពស់ ១ម៉ែត្រ និងបណ្តោយតាមលទ្ធភាព
-ក្រាលថង់ប្លាស្ទីកក្រាស់ ដែលមានចោះរន្ធនៅបាតរាន

-លាយដីស្រទាប់លើជាមួយលាមកគោពុកផុយដាក់លើរានសម្រាប់ដាំ
-រៀបចំដោតបង្គោលរាន និងប្រក់ស្បៃហ៊ុំព័ន្ធ ដើម្បីការពារសត្វល្អិតបំផ្លាញ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត