ឯកសារកសិកម្ម
រូបភាព
១. ប្រភេទដី ៖
– ប្រភេទដីទូល ដីមិនលិចទឹក ឬជាំទឹក
– ទីតាំងស្រឡះមានខ្យល់ និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់
– ដីដែលគ្មានសត្វកណ្តៀរ រស់នៅ ដីស្រស់ទឹក ដីធូរខាងក្រោមដីសំបូរជាតិផូស្វ័រ
– បើដីហាប់ពេក ឬគ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង ឬបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឱ្យដីនោះធូរ និងត្រសុះទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ។
២. ការភ្ជួរ និងធ្វើទ្រើង ៖
– ការរៀបចំដីខែវិច្ឆិកា ឬខែធ្នូ
– ភ្ជួរឱ្យបានច្រើនជើង ភ្ជួរលើកទីមួយ លើកទីពីរ ដើម្បីអោយដីកាន់តែសុះល្អ
– រៀបចំទ្រើងឱ្យដើមទំពាំងបាយជូរវាតោងឡើង (បន្តលម្អិតនៅចំណុចទី៤)
– រៀបចំប្រព័ន្ធទឹកតាមរណ្តៅដែលយើងកាយដាំទំពាំងបាយជូរនោះ។
៣. របៀបដាំ
– គំលាតពីគុម្ពបួយទៅគុម្ពមួយប្រវែង ១ ម៉ែត្រ និងពីរងមួយទៅរងមួយទៀត មានប្រវែង ២ ម៉ែត្រ
– រៀបចំបណ្តាញទឹកតាមគាល់ ឬគុម្ពដែលបំរុងដាំកូនទំពាំងបាយជូរអោយបានគ្រប់រណ្តៅ
– បណ្តាញទឹករៀបចំសំរាប់បន្តក់ទឹកតាមគុម្ពដែលបានដាំរួច ពីព្រោះកូនទំពាំងបាយជូរដែលបានដាំរួចត្រូវបន្តក់ទឹកវាឱ្យបានរាល់ថ្ងៃ និងទៀងពេល
– ទំពាំងបាយជូរត្រូវការបន្តក់ទឹកបន្តិចម្តងៗតែប៉ុណ្ណោះ ក្នុងមួយគុម្ព
*តម្រូវការទឹក
-ដីកណ្តេង ត្រូវការដំណក់ទឹក ១០ លីត្រ
-ដីខ្សាច់ត្រូវការទឹក ១៥ លីត្រ។
៤. ការរៀបចំទ្រើង៖
-ប្រវែងទ្រើងគឺ ១,៩០ ម៉ែត្រនៅពីលើ
-នៅពេលដែលរៀបចំដី ទ្រើង និង ដំណក់ទឹករួច ត្រូវជីកដីសំរាប់ដាំកូនទំពាំងបាយជូរ ជំរៅ ៣០ ស.ម និងទំហំមុខកាត់ប្រវែងកន្លះម៉ែត្រ( ៥០ ស.ម, ០,៥ម៉ែត្រ )
-យកជីលាមកសត្វ (គោ មាន់ ទា មួយណាក៏បាន) មួយអំរែក (បើមានអាចម៍ប្រចៀវកាន់តែប្រសើរ ) មកដាក់ក្នុងរណ្តៅ រួចលាយជាមួយដីអោយបានសព្វស្រទាប់លើ ចាំយកកូនទំពាំងបាយជូរមកកប់ដាំ
– រង់ចាំរយៈពេលមួយសប្តាហ៍ កូនទំពាំងបាយជូរនឹងលូតលាស់បែកមែកច្រើនត្រួយ ជាពេលយើងត្រូវ គ្រៀវដើមវាចេញ។
៥. វិធីគ្រៀវដើម ៖
ប្រលះត្រួយចេញទុកតែត្រួយណាដែលលូតធំជាងគេឱ្យវាលួតតែឯងបានហើយ ដើម្បីឱ្យដើមធំលួតលាស់ល្អ
ប្រវែង ៧ តឹក ត្រូវគ្រៀវ បំបែកមែក ដើម្បីឱ្យបែកមែកទៅឆ្វេងទៅស្តាំ ហើយយើងត្រូវការតែពីរទងនេះទេ។
៦. ការប្រមូលផល៖
– រយៈពេល ៨ខែ ទៅ ៩ ខែអាចចេញផ្កាចេញផ្លែតាមការដែលយើងកាត់បំបែកត្រួយ ប៉ុន្តែ ត្រូវឧស្សាហ៍បេះស្លឹកចាស់ៗចោល ដើម្បីការពារជំងឺយាយីដំណាំ ឬត្រួយស្លឹកដែលទើបលូតលាស់ថ្មី
– ក្នុងមួយគុម្ពទំពាំងបាយជូរអាចផ្លែបាន ៣ គីឡូ គិតជាមធ្យម នៅឆ្នាំដំបូង។
សូមបញ្ជាក់ថា ៖ ទំពាំងបាយជូរត្រូវតែដាំដោយជីធម្មជាតិសុទ្ធប្រសើជាងដាក់ជីគីមី។
វីដេអូ៖ ដំណាំទំពាំងបាយជូរភ្នំបាណន់
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត