ឯកសារកសិកម្ម
រូបភាព
១-មុននឹងស្ទូងសូមលោកអ្នកធ្វើការពង្រាយដី និងយកជីធម្មជាតិទៅប្រើលើដីឲ្យបានស្មើល្អ។ ការធ្វើរបៀបនេះនឹងធ្វើឲ្យស្រូវគ្រប់គុម្ពអាចលូតលាស់បានផលស្មើល្អដូចគ្នា។
២-យកល្អ សូមធ្វើប្រព័ន្ធចង្អូរទឹកឲ្យបានខ្វាត់ខ្វែងក្នុងវាលស្រែ ប្រៀបដូចប្រព័ន្ធចង្អូរទឹកក្នុងថ្នាលសំណាបដែរ ដើម្បីជៀសវាងកុំឲ្យមានដក់ទឹកច្រើនពេកនៅកន្លែងត្រូវស្ទូង។ ការមានដក់ទឹកច្រើនពេក វាធ្វើឲ្យសន្ទួងមិនសូវបែកគុម្ពច្រើនល្អទេ។ ការធ្វើរបៀបនេះ វាក៏អាចជួយកាត់បន្ថយនូវការបំផ្លាញពីសត្វល្អិតដែរ។
៣-សូមជ្រើសរើសដកយកតែសំណាបដែលថ្លោសៗល្អទៅស្ទូង ពីព្រោះសំណាបថ្លោសវាមានការបែកគុម្ពបានល្អជាងសំណាបស្តើង។
៤-នៅពេលស្ទូងសូមដាក់តែ១ដើមក្នុង១គុម្ព តែត្រូវប្រើតែសំណាបថ្លោសបានហើយ។ ការប្រើសំណាបថ្លោស ១ដើមស្ទូង វាប្រសើរជាងការប្រើសំណាបស្តើងច្រើនដើមស្ទូង។ សំណាបស្គម ស្តើង វាមិនសូវមានសុខភាពល្អដូចសំណាបថ្លោសទេ ហើយនៅពេលយើងចាប់វាដាក់ជាមួយគ្នាច្រើនដើមស្ទូង នាំឲ្យវាកាន់តែលំបាកថែមទៀតក្នុងការលូតលាស់។ សូមបញ្ជាក់ថា ស្រូវ១ដើមជាជីវិត១ ដូចនេះ ជីវិតនីមួយៗវាត្រូវការសេរីភាពគ្រប់គ្រាន់ក្នុងការលូតលាស់ដែរ។
៥-នៅពេលស្ទូងស្រូវ គឺលៃចន្លោះគុម្ពឲ្យបានសមស្របទៅតាមរដូវកាល។ នៅពេលដើម រដូវយើងត្រូវទុកចន្លោះគុម្ពរាងធំ តែធ្វើការបន្ថយចន្លោះគុម្ពបន្តិចម្តងៗ។ យើងអាចចាប់ផ្តើមពីចន្លោះគុម្ព ៣តឹក ហើយបន្ថយមក ២,៥តឹក ២តឹក ១,៥តឹក ឬរហូតដល់ ១តឹក នៅរដូវជិតចុងរដូវភ្ជុំ។ ការមិនលៃចន្លោះគុម្ពឲ្យសមស្របទៅតាមរដូវកាល ធ្វើឲ្យយើងបាត់បង់ផលជាច្រើនសម្រាប់ពូជស្រូវវស្សាប្រកាន់រដូវ។ ដោយឡែកសម្រាប់ស្រូវមិនប្រកាន់រដូវ (ដូចជាពូជអ៊ីអ៊ែរ) ឬសែនពិដោរ យើងលៃចន្លោះគុម្ពទៅតាមអាយុសំណាប មានន័យថា អាយុសំណាបកាន់តែខ្ចី ចន្លោះគុម្ពធំជាងអាយុសំណាបចាស់។
សូមលោកអ្នកព្យាយាមអនុវត្តទៅតាមចំណុចខាងលើឲ្យបានល្អ យ៉ាងអន់ណាស់ក៏រើសតែសំណាបថ្លោសយកមកស្ទូង ហើយស្ទូងតែ ១ដើមក្នុង១គុម្ពបានហើយ។ ដើម្បីបានទទួលផលស្រូវល្អប្រសើរជាងមុន ទាល់តែលោកអ្នកសាកល្បងនូវវិធីសាស្ត្រអ្វីមួយដែលប្រសើរជាងមុន។