ឯកសារកសិកម្ម
រូបភាព
តើគួរធ្វើដូចម្តេចទើបដឹងថាគួរផ្តល់ចំណីត្រីប៉ុន្មានឱ្យគ្រប់គ្រាន់ទើបត្រីធំធាត់ល្អ?
ដើម្បីគណនារកបរិមាណចំណីដែលត្រូវផ្តល់ឲ្យត្រី និងផលត្រីដែលនឹងអាចទទួលបាន គឺគេធ្វើការវាស់ទម្ងន់ត្រី ឬធ្វើសំណាក។
តើគួរប្រើឧបករណ៍អ្វីដើម្បីចាប់ត្រីធ្វើសំណាក?
សំណាញ់ជាឧបករណ៍ងាយចាប់ត្រីយកមកធ្វើសំណាក។ ប៉ុន្តែបើស្រះធំ យើងអាចប្រើអួនអូសនៅ ជ្រុងស្រះណាមួយក៏បាន។
តើគួរធ្វើសំណាកនៅពេលណា?
ជាការសមស្រប ការធ្វើសំណាកត្រូវធ្វើជារៀងរាល់មួយខែម្ដង។ ការធ្វើសំណាកបណ្តាលឲ្យត្រីស្ត្រេស ដូច្នេះបើធ្វើច្រើនដងអាចប៉ះពាល់ដល់សុខភាពនិងការលូតលាស់របស់ត្រី។
តើគួរចាប់ត្រីប៉ុន្មានក្បាលពេលធ្វើសំណាក?
ចំនួនត្រីដែលចាប់ធ្វើសំណាកគួរមានយ៉ាងតិចបំផុត១៥ក្បាល។ ប្រសិនបើបង់សំណាញ់ឬអូសអួនម្តង មិនបានត្រីគ្រប់ចំនួន១៥ក្បាលទេ ត្រូវធ្វើម្តងទៀតរហូតដល់ចាប់បានគ្រប់ចំនួន។ ប៉ុន្តែប្រសិនបើចាប់ម្តងបានលើសពី១៥ក្បាលត្រូវយកត្រីទាំងអស់នោះមកថ្លឹង ហើយរាប់ចំនួន និងកត់ត្រាទុក។
តើធ្វើដូចម្តេចដើម្បីដឹងថាត្រីក្នុងស្រះមានទម្ងន់មធ្យមប៉ុន្មានគីឡូក្រាម?
យើងអាចគណនាទម្ងន់មធ្យមរបស់ត្រីតាមរូបមន្ត៖
ទម្ងន់ត្រីមធ្យម= ទម្ងន់សរុបរបស់ត្រីទាំង១៥ក្បាល / ចំនួនត្រីសរុប ១៥ក្បាល
គេអាចថ្លឹងត្រីឲ្យបានលឿននិងមិនឲ្យត្រីស្ដេ្រសខ្លាំង ដោយ៖
-ដាក់ត្រីដែលចាប់បានចូលក្នុងកញ្ឆេរដែលបានត្រាំនៅក្នុងទឹកស្រះរួចចាប់ផ្តើមដោះត្រីចេញពីសំណាញ់,
-យកកញ្ឆេរទៅថ្លឹង រួចកត់ត្រាទម្ងន់ (ទាំងត្រី និងកញ្ឆេរ),
-រាប់ចំនួនត្រីដែលបានថ្លឹង រួចលែងចូលក្នុងស្រះវិញ និងកត់ត្រាទុកឲ្យបានត្រឹមត្រូវ
-ផ្លឹងសម្បកកញ្ឆេរនិងកត់ត្រាទម្ងន់
-គណនាទម្ងន់ត្រីដោយយកទម្ងន់សរុប (ទាំងត្រី និងកញ្ឆេរ) ដកទម្ងន់សម្បក កញ្ឆេរ ។ ចុងក្រោយ យើងគណនារកទម្ងន់មធ្យមរបស់ត្រីដោយយកទម្ងន់ ត្រីសរុបចែកនឹង ចំនួនត្រីដែលរាប់ឃើញ។
តើត្រូវអានព័ត៌មានអ្វីខ្លះទៀតសម្រាប់ធ្វើសំណាក?
ទម្ងន់ត្រី
ព័ត៌មានសំខាន់មួយទៀតមិនអាចខ្វះបានសម្រាប់ការធ្វើសំណាកគឺការប៉ាន់ស្មានចំនួនត្រីសរុបនៅក្នុងស្រះ (សូមអានព្រឹត្តបត្របច្ចេកទេសស្តីពីការដាក់ត្រីចិញ្ចឹមក្នុងស្រះ)។
ការដឹងពីទម្ងន់មធ្យមរបស់ត្រីក្នុងមួយក្បាល និងចំនួនត្រីសរុបក្នុងស្រះ យើងអាចគណនារកទម្ងន់ត្រី សរុបក្នុងស្រះ។
តើគេអាចគណនាទម្ងន់ត្រីសរុបក្នុងស្រះដូចម្ដេច?
ទម្ងន់ត្រីសរុបក្នុងស្រះអាចគណនាតាមរូបមន្តខាងក្រោម៖
ទម្ងន់ត្រីសរុបក្នុងស្រះ = ទម្ងន់ត្រីមធ្យមក្នុងមួយក្បាល x ចំនួនត្រីសរុបក្នុងស្រះ
ទម្ងន់ត្រីជាមធ្យមក្នុងមួយក្បាលគុណនឹងចំនួនត្រីសរុបក្នុងស្រះ(ប៉ាន់ស្មាន) គឺជាទម្ងន់ត្រីសរុប ក្នុងស្រះ(ប៉ាន់ស្មាន)។
ប្រភព៖ ព្រឹត្តិបត្របច្ចេកទេសលេខ ៣៣ នៃគំរោងជួយស្រាយភាពរងគ្រោះនៅតាមជនបទ និងសេ្ថរភាពប្រព័ន្ធអេកូឡូស៊ី (កម្ពុជាហាវែស)