ចំណេះដឹងទូទៅ
រូបភាព
«ល្ខោនខោល» គឺជារបាំដ៏ចំណាស់មួយរបស់ប្រទេសកម្ពុជា ដែលក្រៅពីឈ្មោះថាល្ខោនខោល ក៏មានអ្នកខ្លះហៅថាជាល្ខោនពាក់របាំងមុខផងដែរ ហើយល្ខោនមួយនេះមានដើមកំណើតមុនសម័យអង្គរឯណោះ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើម ក្នុងអំឡុងប្រហែលសតវត្សរ៍ទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងប្រាសាទអង្គរជាច្រើន។
តាមសៀវភៅ «ទស្សនីយភាពខ្មែរ» អត្ថាធិប្បាយថា ពាក្យថា «ខោល» ឬ «ល្ខោនខោល» បើតាមសង្ឃដីការបស់សម្តេចព្រះសង្ឃរាជជួន ណាត ដែលបានកត់ទុកក្នុងវចនានុក្រមខ្មែរ បោះពុម្ពផ្សាយដោយពុទ្ធសាសនាបណ្ឌិត្យឆ្នាំ១៩៦៧ ត្រង់ទំព័រ១០២ថា ៖ ខោលគឺជាពួកល្ខោនប្រុស រឿង«រាមកេរ្តិ៍ » ។ ចំពោះលោកហ្សក សឺដេស វិញ បើតាមប្រសាសន៍របស់លោកដែលសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានស្រង់យកមកចុះក្នុងកម្រងសិក្សាកថា «Annale de l’ URBA No 1» បោះពុម្ពឆ្នាំ១៩៦៧ ត្រង់ទំព័រ១៥៧ថា៖ Le mot Khol serait celui queles Cambodgiens emploient pour désigner une variété des grands singes ។ ដូច្នេះ សម្រាប់លោកសឺដេស ល្ខោនខោលគឺជា «ល្ខោននៃរបាំស្វា» ។
ឯកសារខាងក្រោមនេះអាចជួយឲ្យយើងយល់កាន់តែច្បាស់នូវប្រវត្តិសាស្រ្តរបស់ខ្លួន។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត