ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

៤សញ្ញាបញ្ជាក់ថាអ្នកកំពុងតែមានជំងឺក្រិនថ្លើមដំណាក់កាលដំបូង

28-Sep-2018 05:19 PM

រូបភាព


ដោយ: Uddam

ថ្លើម ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏សំខាន់នៅក្នុងរាងកាយ ព្រោះវាជាអ្នកកម្ចាត់ជាតិពុលចេញពីចំណីអាហារដែលយើងទទួលទានរាល់ថ្ងៃ។ ក៏ប៉ុន្តែប្រសិនបើជាតិពុលនៅកកុញច្រើនពេក ថ្លើមច្បាស់ជាគ្មានសមត្ថភាពក្នុងការកម្ចាត់ឡើយ ហើយយូរទៅអាចបង្កឲ្យមានជំងឺថែមទៀត ជាពិសេសជំងឺក្រិនថ្លើម។

ជារឿយៗ អ្នកដែលមានជំងឺក្រិនថ្លើមមិនដែលកត់សម្គាល់ឃើញរោគសញ្ញាដំបូងនោះទេ ដែលបណ្តោលឲ្យជំងឺប្រែក្លាយទៅជាធ្ងន់ធ្ងរ។ ជំងឺក្រិនថ្លើន អាចបង្កឡើងដោយសារតែកត្តាជាច្រើន ដែលបណ្តោលឲ្យកោសិកាថ្លើមចុះខ្សោយ លទ្ធផលថ្លើមនឹងទទួលរងនូវការខូចខាតដែលបង្កើតទៅជាជំងឺរលាកថ្លើម ក្រិនថ្លើម និងមហារីកថ្លើមជាដើម។ ដូច្នេះហើយ ការរកឃើញរោគសញ្ញាដំបូងនៃជំងឺក្រិមថ្លើម គឺជាកត្តាដ៏សំខាន់បំផុត ព្រោះក្រុមគ្រូពេទ្យអាចជួយសង្គ្រោះទាន់ពេលវេលា។ ខាងក្រោមនេះ គឺជារោគសញ្ញាទូទៅបំផុតនៃជំងឺក្រិនថ្លើម ទាំង៤ប្រភេទ ដែលត្រូវបានអ្នកជំនាញព្រមានឲ្យមានការប្រុងប្រយ័ត្ន៖

១.ស្បែកមុខលេចស្នាមអុជខ្មៅ
ប្រហែលជា ១ភាគ៣នៃអ្នកជំងឺដែលមានជំងឺរលាកថ្លើមរ៉ាំរ៉ៃ ឬជំងឺក្រិនថ្លើមរ៉ាំរ៉ៃ ជាធម្មតាស្បែកមុខ និងស្បែកនៅជុំវិញភ្នែកអណ្តែតស្នាមអុជខ្មៅៗ ជាងស្បែកនៅតំបន់ផ្សេងទៀត។ នេះបណ្តោលមកពីការថយចុះនៃមុខងារថ្លើម ដែលជាលទ្ធផលធ្វើឲ្យស្បែកផលិតមេឡានីនកើនឡើង ហើយសារធាតុពណ៌នេះនឹងប្រែស្បែកឲ្យទៅជាខ្មៅងងឹងដុំៗ។

២.ស្បែកឡើងសរសៃក្រហម
អ្នកជំងឺមួយចំនួនតូចអាចមានការលេចឡើងនៃសរសៃឈាមតិច ឬមធ្យមនៅលើស្បែក ដែលមានរូបរាងដូចជាសត្វពីងពាង ប៉ុន្តែគ្មានការឈឺចាប់ទេ។ ប៉ុន្តែសរីរាង្គថ្លើមដែលធ្លាប់មានសភាពធម្មតា នឹងប្រែក្លាយទៅជាដុំពកតូចៗ នៅពេលដែលជំងឺកាន់តែធ្ងន់ធ្ងរ។

៣.រាងកាយមានភាពស្លេកស្លាំង
រាងកាយហាក់ដូចជា អស់កម្លាំង ខ្វះថាមពល មានភាពត្រជាក់ និងស្លេកស្លាំង ត្រូវបានគេកត់សម្គាល់ឃើញកើតចំពោះអ្នកដែលមានជំងឺក្រិនថ្លើម។

៤.ញ៉ាំតិច ឬមានបញ្ហារំលាយអាហារ
អ្នកជំងឺក្រិនថ្លើម អាចមានអារម្មណ៍មិនចង់ទទួលទាន ទទួលទានតិច មានបញ្ហារំលាយអាហារ ទល់លាមក រាគរូស ឬឈឺចាប់នៅក្នុងថ្លើម ហើយពេលក្រោយមកអ្នកអាចមានអារម្មណ៍អស់កម្លាំងខ្លាំងកាន់តែកើនឡើង។ បើអ្នកមានអាការបែបនេះកើតឡើងអូសបន្លាសពេលយូរមិនព្រមបាត់ គួរដល់ពេលទៅជួបគ្រូពេទ្យហើយ។

ប្រសិនបើអ្នកមានរោគសញ្ញាទាំងអស់នេះកើតមានឡើង គួរតែយកចិត្តទុកដាក់ចំពោះការពិនិត្យថ្លើមឲ្យបានត្រឹមត្រូវ។ ព្រោះការរកឃើញរោគសញ្ញាដំបូង អាចធ្វើការព្យាបាលទាន់ពេលវេលា។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត