ចំណេះដឹងទូទៅ
រូបភាព
មុនគឺជាអ្វី? មូលហេតុ និងកត្តាដែលធ្វើឱ្យកើតមុន?
មុន គឺជាដុំប៉ោងគ្រាប់តូចៗ ដែលមានខ្ទុះពណ៌សៗនៅខាងក្នុង កើតឡើងព្រោះស្បែកកើតមានប្រតិកម្ម ឬមានការកកស្ទះជាតិខ្លាញ់នៅរន្ធរោម។ ការកកកុញនៅក្រោមរន្ធរោមចេញពីក្បាលមុន ហៅថា “Comedone” ដែលវាអាចកើតប្រតិកម្មបានដោយងាយ ប្រសិនបើមានការប៉ះពាល់បន្ថែមដូចជាបាក់តេរី ឬលម្អងនៅក្នុងអាកាស ជាទូទៅវានៅក្បែរៗបរិវេណស្បែកមុខរបស់អ្នក។ មុន ភាគច្រើនកើតឡើងនៅបវរិវេណផ្ទៃមុខ ក និងដងខ្លួនផ្នែកខាងលើ ដែលជាផ្នែកដែលមានក្រពេញជាតិខ្លាញ់ខ្នាតធំ។
“មុន” អាចកើតឡើងចាប់តាំងពីក្មេងអាយុ 8-10ឆ្នាំ និងចាត់ទុកថាជាការចាប់ផ្ដើមកើតមុនក្នុងពេលបម្រែបម្រួលវ័យជាសញ្ញាបញ្ជាក់ពីការឈានចូលដល់យុវវ័យដំបូង ឬជាវ័យពេញក្រមុំពេញកំលោះ។
ក្មេងស្រីដែលកើតមុនជាលើកដំបូង គឺនៅពេលមុនមករដូវដំបូងមួយឆ្នាំ ដែលអាយុចាប់ផ្ដើមកើតមុនច្រើននៅក្នុងអំឡុងពីអាយុ 12-15ឆ្នាំ និងកើតមុនខ្លាំងបំផុតនៅចន្លោះអាយុ 17-21ឆ្នាំ។
ក្មេងប្រុសអាចកើតមាននៅក្នុងអាយុ 16-17ឆ្នាំ និងចាប់ផ្ដើមបាត់ទៅវិញនៅអាយុឈានដល់វ័យកំលោះ (យុវវ័យ) ដោយមុននឹងចាប់ផ្ដើមបាត់បន្ដិចម្ដងៗ។ លើកលែងតែអ្នកជំងឺធ្ងន់ធ្ងរមួយចំនួន ដែលមានមុនច្រើន ហើយត្រូវចំណាយពេលព្យាបាលរហូតដល់អាយុ35ឆ្នាំ ឬយូរជាងនេះក៏មានដែរ។ ក្រៅពីនេះ បុរសដែលមានអាយុ 40ឆ្នាំ គឺមានម្នាក់ក្នុងចំណោមបុរស 100នាក់ ដែលនៅតែកើតមានបញ្ហាមុខឡើងមុន និងស្ត្រី 5នាក់ ក្នុងចំណោម 100នាក់ ដែលនៅតែមានមុននៅលើស្បែកមុខ ហើយអាចនឹងបាត់ទៅវិញនៅអាយុ 45ឆ្នាំ។
មូលហេតុនៃការកើតមុន
ការស្រាវជ្រាវរកឃើញថា ស្ត្រីកើតមុននៅអាយុ 25ឆ្នាំ គឺមានច្រើនជាបុរស ព្រោះអាចមកពីស្ត្រីបើគ្រឿងសម្អាង ដើម្បីបន្ថែមភាពស្រស់ស្អាត គឺគ្រឿងសម្អាងនេះហើយ ដែលជាមូលហេតុសំខាន់នៃការកកើតមុននៅលើស្បែកមុខ ប្រសិនបើអ្នកជ្រើសរើសផលិតផលគ្រឿងសម្អាងខុស ឬមិនត្រូវជាមួយនឹងសភាពស្បែករបស់អ្នក។
កត្តាផ្សេងៗទៀតដែលបណ្តាលឱ្យកើតមុនគឺ៖
ស្ករ៖ជាតិស្ករ គឺវាជាសារធាតុមួយ ដែលធ្វើឲ្យអ្នក កើតមុនបាន ដូច្នេះប្រសិនបើអ្នក កំពុងតែកើតមុន អ្នកគួរ តែបញ្ឈប់ នូវជាតិស្ករទាំងនោះ។បន្ថែមពីនេះទៅទៀត ជាតិស្ករ អាចធ្វើឲ្យមុន នៅលើ របស់អ្នក ឡើងទៅជារីកធំ។
គ្រឿងស្រវឹង៖ ជាតិពុល ភាគច្រើនមានក្នុង ថ្នាំជក់ និង គ្រឿងស្រវឹង ហើយ វាជាមូល ហេតុចំបងមួយ ដែលធ្វើឲ្យកើតមុនបាន លើផ្ទៃមុខ។
អាហារមិនល្អ៖ ចំពោះអាហារដែលសម្បូរជាតិ អំបិល ខ្លាញ់ ស្ករ សុទ្ធតែពពួក ធ្វើឲ្យមុនរបស់អ្នកឡើងកាន់តែខ្លាំង។ អ្វីដែលប្រសើរនោះ អ្នកគួរតែជៀសវាងពីពពួកទាំងនោះ ទៅជាបន្លែ ផ្លែឈើវិញ ទើបអាចកច្ចាត់មុនចេញពីមុខរបស់អ្នកបាន។
អាហារសម្បូរជាតិទឹកដោះគោ៖ ប្រសិនបើរបបអាហាររបស់អ្នកពោរពេញទៅដោយអាហារ សម្បូរជាតិទឹកដោះគោ ដូចជា ឈីស ក្រែមក្នុងបង្អែម គឺបញ្ហាមុន គឺវាមិនអាចបាត់ទៅវិញនោះទេ។ ដូច្នេះ បើអ្នកចង់បន្ថែមជាតិកាល់ស្យូម ដោយមិនចាំបាច់ពឹងពាក់លើជាតិទឹកដោះគោនោះ គឺមានបន្លែមួយចំនួន ដូចជា ស្ពៃប្រូខូលី រឺក៏ទឹកសណ្តែក គឺពពួកទាំងនេះ ក៏សម្បូរជាតិកាល់ស្យូមដូចគ្នា។
កាហ្វេអ៊ីន៖ តើអ្នកដឹងទេថា កាហ្វេខ្មៅ អាចធ្វើឲ្យមុនរបស់អ្នករីកធំបាន ដូច្នេះ ប្រសិនបើអ្នកកំពុងតែកើតមុន ហើយចង់បំបាត់វា គឺអ្នកគួរនៅឲ្យឆ្ងាយពីជាតិកាហ្វេអ៊ីន។ ជាពិសេសអ្នកអាចប្តូរពី ការពិសារកាហ្វេមកជាពិសារទឹកធម្មតា ដែលអាចជួយលើសរីរាង្គក្នុងរាងកាយរបស់អ្នកបានផងដែរ។
អាហារលឿនៗ (Fast Food)៖ ភាគច្រើន មនុស្សចូលចិត្តបរិភោគពពួកអាហារទាំងនោះ ដូចជា បឺហ្កឺ អាហារបែបបំពងជាដើម ប៉ុន្តែចំពោះអាហារទាំងនេះ គឺវាមិនអាចជួយឲ្យមុនរបស់អ្នកអាចបាត់នោះទេ ហើយអាហារដែលល្អសម្រាប់អ្នក មានដូចជា សាឡាដ៍ ទើបជួយចំពោះសុខភាព និងបញ្ហាកើតមុនបាន។
បន្ថែមពីនេះ ប្រសិនបើទម្លាប់របស់អ្នកចូលចិត្តជក់បារី រឺក៏ផឹកស្រា នោះបញ្ហាមុន នឹងកើតឡើង ជាបន្តបន្ទាប់ នៅផ្ទៃមុខរបស់អ្នក។ ទាំងនេះជាអាហារមួយចំនួន ដែលអ្នកគួរតែជៀសវាងនៅពេលអ្នកកើតមុន។
ខាងក្រោមនេះបង្ហាញពីទីតាំងមុននៃការកើតមុននៅលើផ្ទៃមុខ និងដងខ្លួន ដែលអាចចង្អុលបង្ហាញអំពីបញ្ហាសុខភាពខាងក្នុងរបស់អ្នក!
១.មុនផ្នែកខាងលើថ្ងាស៖ ជាសញ្ញាព្រមានពីបញ្ហាដែលទាក់ទងទៅនឹងប្រព័ន្ធរំលាយអាហារ និងថ្លើម។ ក្រៅពីនេះការគេងមិនលក់ ភាពតានតឹង ក៏អាចបណ្តោលឲ្យកើតមុនលេចឡើងនៅតំបន់នេះដែរ។
២.មុនក្រោមផ្នែកខាងក្រោមថ្ងាស ឬជិតចន្លោះចិញ្ចើម៖ ជាសញ្ញាអាចពាក់ព័ន្ធជាមួយបេះដូង។ ប្រសិនបើអ្នកមានបញ្ហាធុញថប់ វាមិនត្រឹមតែ ធ្វើឲ្យកើតមុន នៅក្រោមថ្ងាសប៉ុណ្ណោះទេ វាថែមទាំងអាចកើត នៅជុំវិញរាងកាយរបស់អ្នកបានថែមទៀត។ ដូច្នេះ វិធីដែលជួយអ្នក ឲ្យជាសះស្បើយលើបញ្ហាមុននេះបាន គឺត្រូវហាត់ប្រាណជាប្រចាំ ដើម្បីឲ្យបេះដូង មានភាពរឹងមាំ និងការរៀបចំ របបអាហាររបស់អ្នក ឲ្យបានត្រឹមត្រូវ ពិសេស អ្នកគួរតែកាត់បន្ថយអារម្មណ៍ ធុញថប់ ពីព្រោះវា ជាមូលហេតុមួយ ដែលធ្វើឲ្យអ្នកកើតមុន។
៣.លើថ្ពាល់៖ វាពាក់ព័ន្ធជាមួយនឹងសួត និងផ្លូវដកដង្ហើម។ បើសួតអ្នកទទួលរងជាមួយនឹងការជក់បារី ប្រតិកម្មនឹងអ្វីមួយ រឺជាតិពុលជុំវិញតំបន់ ដែលអ្នកកំពុងរស់នៅជាដើម នោះលើថ្ពាល់របស់អ្នក នឹងអាចឡើង ទៅជាមុនបាន។ ដូច្នេះអ្វីដែលអ្នកគួរធ្វើ គឺជៀសវាង ការជក់បារី និងនៅឲ្យឆ្ងាយ ពីទីកន្លែងណា ដែលមានគេជក់បារី ដើម្បីកុំឲ្យផ្សែងបារី ជ្រាបចូលក្នុងរាងកាយរបស់អ្នកបាន។
៤.ក្រោមថ្ពាល់៖ អាចពាក់ព័ន្ធជាមួយបញ្ហាធ្មេញ។ ដូច្នេះ អ្នកគួរតែកាត់បន្ថយជាតិស្ករ និងភេសជ្ជៈដែល មានជាតិផ្អែមជាដើមប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកតែងតែដុសសម្អាតធ្មេញជារៀងរាល់ថ្ងៃ។
៥.មុនក្រោមចង្កា និងថ្គាម៖ អាចបង្ហាញអំពីសុខភាពតម្រងនោមអ្នក ដូច្នេះ សូមព្យាយាមផឹកទឹកឱ្យបានច្រើន។ មួយវិញទៀត មុនដែលកើតឡើងនៅតំបន់នេះ ជាធម្មតាពាក់ព័ន្ធជាមួយនឹងបញ្ហាអ័រម៉ូន ជាពិសេសអ័រម៉ូន androgens។
៦.ចំហៀងចង្ការ៖ អាចបង្ហាញពីសញ្ញានៃជាតិអរម៉ូនរបស់អ្នក។ ពេលខ្លះ ប្រសិនបើអ្នកតែងតែមានអារម្មណ៍ធុញថប់ វាក៏អាចកើតមុនត្រង់ចង្ការបានផងដែរ។ វិធីដែលល្អ គឺអ្នកគួរតែកាត់បន្ថយអារម្មណ៍ធុញថប់ និងគេងឲ្យបាន គ្រប់គ្រាន់។ មិនត្រឹមតែអ្នកគេងនោះទេ អ្នកគួរតែជៀសវាងនូវអាហារដែលមិនល្អសម្រាប់សុខភាពរបស់អ្នក ហើយប្តូរមកទទួលទាន សារជាតិដែលមានអាស៊ីតខ្លាញ់អូមេហ្កា៣ បន្លែ វីតាមីន និងជាតិរ៉ែ ជាដើម។
៧.មុនលើ ឬម្តុំត្រចៀក៖ អាចពាក់ព័ន្ធនឹងប្រព័ន្ធតម្រងនោម មួយទៀត មុនប្រភេទនេះ អាចកើតឡើងដោយសារតែការស្ទះរន្ធញើស ឬការប្រើប្រាស់ផលិតផលថែសម្រស់មួយចំនួនមិនត្រូវ។ មូលហេតុមួយទៀត ការនិយាយទូរសព្ទច្រើនពេក បាក់តេរីនឹងឆ្លងតោងជាប់ត្រចៀក ក៏អាចបង្កទៅជាមុនដែរ។
៨.មុនលើរោមចិញ្ចីម ឬជិតចញ្ចើម៖ នេះជាសញ្ញាព្រមាននៃរបបអាហារគ្មានផាសុខភាព ឬអាហារដែលសម្បូរខ្លាញ់ច្រើន។ ម្យ៉ាងវិញទៀត វាក៏ជាសញ្ញាបង្ហាញថា ថ្លើម កំពុងតែមានបញ្ហា ដែលធ្វើឲ្យប៉ះពាល់ដល់តួនាទីក្នុងការរំលាយអាហារ។
៩.មុនលើច្រមុះ៖ មុនប្រភេទនេះ កើតឡើងដោយសារតែអ្នកញ៉ាំអាហារហិរ ឬខ្លាញ់ច្រើនពេក។ ជាពិសេសប្រសិនបើមុនកើតឡើងនៅលើបបូរមាត់ខាងលើ និងច្រមុះ គួរតែប្រុងប្រយ័ត្នចំពោះបញ្ហាបេះដូង សួត និងសម្ពាធឈាមឡើងខ្ពស់ផងដែរ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត