ឯកសារកសិកម្ម
រូបភាព
ការចិញ្ចឹមចង្រិតលក់ និងប្រើជាចំណីសត្វ អ្នកខ្លះគាត់សើច បើបានឮអ្នកណាម្នាក់និយាយថា ចង់ចិញ្ចឹមចង្រិតលក់ និងធ្វើជាមុខរបរ ។ ទោះបីអ្នកនោះគាត់សើចដោយហួសចិត្ដ ដោយចំអក ដោយនឹកស្មានមិនដល់ក៏ដោយ តែមុខរបរនេះ វាកំពុងកាក់កប និងពិតជាអាចឱ្យគេរកចំណូលបានច្រើនគួរសមដែរ បើសិនជាគេចិញ្ចឹមវាបានដោយត្រឹមត្រូវ ។
ជាធម្មតា ចង្រិត ជាសត្វល្អិតម្យ៉ាងដែលរស់នៅតាមព្រៃ តាមភូមិស្រុក ក្នុងដីចំការជាដើម ។ ដូចតួយ៉ាងនៅខេត្ដកំពង់ធំ ឱ្យតែដល់ដើមរដូវវស្សម្ដងៗ ហ្វូងចង្រិតរាប់លានក្បាល ហើរចេញមកព្រោងព្រាត បង្កើតបានជាមុខរបរមួយដល់អ្នកដែលមានលទ្ធភាពធ្វើកន្លែង ដើម្បីចាប់វាយកទៅលក់នៅម្ដុំគល់ស្ពានកំពង់ធំ និងនៅតាមទីកន្លែងនានា ។
តែរដូវវស្សាឆ្នាំកន្លងទៅនេះ គេមិនសូវឃើញមានចង្រិតចុះច្រើនដូចឆ្នាំមុនៗឡើយ ព្រោះវាពាយអស់ទៅ ដោយសារយើងបានចាប់វាដោយប្រើនុយភ្លើងងអំពូល បណ្ដាលឱ្យវាថយចំនួនបន្ដពូជ ។ សព្វថ្ងៃនេះតម្រូវការចង្រិតមានច្រើនគួរសមដែរ ព្រោះចង្រិតមានតែខែវស្សា ដែលសម្បូរណ៍ ឯខែប្រាំងវិញ មិនមានទេ ជាហេតុធ្វើឱ្យអ្នកប្រកបរបរចិញ្ចឹមចង្រិតរកកម្រៃបានច្រើនគួរសម ជាពិសេសអ្នកប្រករបរនេះនៅបន្ទាយមានជ័យ និងអ្នកនៅជិតព្រំដែនកម្ពុជាថៃ ។តាមការពិត មានតែចង្រិតចំនួនពីរប្រភេទប៉ុណ្ណោះ ដែលគេនិយមចូលចិត្ដទិញមកបរិភោគ និងយកមកលក់នៅក្នុងទីផ្សារ ទាំងក្នុងប្រទេស និងនាំចេញទៅប្រទេសថៃ គឺ ៖ចង្រិតដូង និងចង្រិតក្រហម។
ក្នុងចំណោមចង្រិតទាំងពីរប្រភេទខាងលើនេះ មានតែប្រភេទចង្រិតដូងមួយប៉ុណ្ណោះ ដែលគេនិយមបរិភោគ និងឱ្យតម្លៃច្រើនជាងចង្រិតដទៃ។ ចំណែកចង្រិតក្រហមវិញ វាមានរូបរាងតូចជាង តែអ្នកបរិភោគខ្លះយល់ថាវាមានរសជាតិឆ្ងាញ់ និងងាយស្រួលបរិភោគជាង ។ ដើម្បីធ្វើមុខរបរនេះ អ្នកចិញ្ចឹមត្រូវមានដើមទុនច្រើនគួរសម ព្រោះត្រូវធ្វើរណ្ដៅធំៗពីស៊ីម៉ង់ដ៍ មួយវិញទៀតនោះ គេត្រូវធ្វើរោងគ្របពីលើរណ្ដៅនោះ ដើម្បីការពារកំដៅ និងត្រូវមានប្រាក់សម្រាប់ទិញគ្រឿងសម្ភារៈមួយចំនួនផងដែរ ។
ខាងក្រោមនេះ គឺជាការតម្រូវនិងវិធីនៃការចិញ្ចឹមចង្រិតតាមគ្រួសារ ៖
+ រណ្ដៅចិញ្ចឹមចង្រិត៖ រណ្ដៅត្រូវធ្វើទទឹង ៣ ម បណ្ដោយ ៥ម ជម្រៅ ៧០ ទៅ ១០០ សង្ទីម៉ែត្រ យើងអាចធ្វើចំនួនរណ្ដៅតិច ឬច្រើនអាស្រ័យទៅលើបំណង និងធនធានដែលមាន ដើម្បីធ្វើជារបរបានយើងត្រូវធ្វើយ៉ាងហោចណាស់ចំនួន ១ រណ្ដៅដែរ ទើបសមល្មម (ទោះចំនួនរណ្ដៅតិចក៏មិនអីដែរ តែវាខាតពេល និងអាចរកកម្រៃបានតិចជាង) ត្រូវរៀបឥដ្ឋរួចបូកស៊ីម៉ងដ៍ បើមិនបានបូកស៊ីម៉ងដ៍ក៏មិនអីដែរ តែត្រូវភ្ជិត ឬបៀកឱ្យស្មើ កុំឱ្យមានសល់ប្រហោង សូម្បីតូចមួយក៏ដោយ ក៏មិនត្រូវឱ្យមានដែរ ។
រោងសម្រាប់គ្របពីលើរណ្ដៅ ត្រូវមានកំពស់ពីដីចំនួន៣ម៉ែត្រ ទៅ ៤ម៉ែត្រ ដើម្បីឱ្យមានខ្យល់ចេញចូលល្អមួយទៀតនោះ គឺដើម្បីកាត់បន្ថយកំដៅ កុំឱ្យក្ដៅខ្លាំងពេក នៅកងរដូវប្រាំង ។
-ត្រូវទៅទិញពូជចង្រិតនៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ចំនួនមួយរយ ទៅបីរយចាន ។
– ពងមួយចានតម្លៃ ១៣០០០រៀល ទៅ ១៥០០០រៀល (ជួនកាលអាចថោកជាងនេះ បើទិញច្រើន)
- ត្រូវទិញប្រអប់ក្រដាសដាក់ពងមាន់ខ្នាតធំ ឱ្យបានច្រើនសម្រាប់ធ្វើជាកន្លែងឱ្យវារស់នៅ ជាពិសេស គឺសម្រាប់កូនចង្រិត
– ដាក់អេប៉ុងថ្មីមួយផ្សើមដោយទឹក ឬចានសំប៉ែត (ថាស់ក៏បាន) ដាក់ទឹកបន្ដិច រួច ចាក់ទឹកផ្សើមក្រដាសនោះឱ្យជោកសម្រាប់ឱ្យវាបឺតយកសំណើម ដែលវាត្រូវការ ។ តែបើយើងគ្មានលទ្ធភាព អាចប្រើត្រឹមស្លឹកកណ្ដបស្លឹកត្នោតក៏បានដែរ ដោយដាក់ស្លឹកនោះតម្រៀបវាបញ្ឈរជាប់ៗគ្នាឱ្យចុងស្លឹកធ្លាក់ដល់ក្រោម (កុំប្រើស្បូវកណ្ដប) យើងអាចប្រើប្រអប់ឬកេះក្រដាស់ កាត់ជាបន្ទះផ្ទាំងធំល្មមដាក់តម្រៀបគ្នា ក៏អាចប្រើការបានដែរ ក្រៅពីនេះយើងក៏អាចប្រើមែកឈើក៏បាន។
រយៈពេលនៃការចិញ្ចឹម និងការទទួលផល
បន្ទាប់ពីបានពងចង្រិតហើយ យើងត្រូវដាក់ពងចង្រិតនោះនៅក្នុងថង់ប្លាស្ទិកធំ ឬប្រអប់ក្រដាស់ធំមួយដែលបិទជិតរក្សាវាទុកក្នុងរណ្ដៅនោះចំនួន ៣០ថ្ងៃ នោះពងចង្រិតវានឹងញាស់។ កាលបើចង្រិតវាញាស់ហើយ យើងត្រូវទិញចំណីកូនមាន់យកមកកិនឱ្យម៉ដ្ឋ ដាក់ទឹកក្នុងដបស្ព្រេយ បាញ់ផ្សើមចំណីនោះគ្រាន់តែឱ្យសើមៗ រួចដាក់លាតនៅលើចានសំប៉ែតមួយចំនួន ពង្រាយឱ្យបានច្រើនកន្លែង ដើម្បីឱ្យកូនចង្រិតវាស៊ី។ ឱ្យវាស៊ីតែចំណីនេះ ទាំងទើបញាស់រហូតដល់វាធំចាប់លក់ ឬទុកពូជក្ដី ។
បើយើងទុកវាឱ្យដល់រយៈពេលពីរខែ ចង្រិតនឹងមានពង យើងប្រមូលយកពងនោះមកភ្ញាស់ខ្លះ អាចលក់ឱ្យគេបានខ្លះ ដើម្បីយកកម្រៃ។ ទុកចង្រិតមួយចំនួនឱ្យវាពងជាលើកទីពីរ សឹមលក់វាចេញ យើងទុកតែពងវាសម្រាប់ភ្ញាស់បានហើយ ។
បន្ទាប់ពីវាពងលើកទីពីរ ហើយត្រូវចាប់លក់ចេញទាំងអស់ ភ្ញាស់សារជាថ្មីទៀត។ ចង្រិតពងតែពីរដងទេក្នុងមួយជីវិតរបស់វា។ ចង្រិតញីមានស្លាបលាត ឯចង្រិតឈ្មោលមានស្លាបក្រញ៉ាញ់ ។
យើងអាចពង្រីកមុខរបរនេះ ទៅតាមលទ្ធភាពដែលមានបាន ជាបណ្ដើរៗ យើងអាចបង្កើនចំនួនពងត្រូវភ្ញាស់ រហូតយើងអាចរកចំណូលបានគ្រប់គ្រាន់ ។
+ អត្ថប្រយោជន៍នៃការចិញ្ចឹមចង្រិត ៖ ងាយស្រួលចិញ្ចឹម ស៊ីចំណីតិចបំផុត
- អាចពង្រីកមុខរបរបាន មិនសូវមានការប្រជែងក្នុងទីផ្សារ អាចលក់បានក្នុងមួយគីឡូ ៦០០០ ទៅ ៨០០០ រៀលក្នុងមួយគីឡូ មិនត្រូវការថែទាំច្រើន។
- ត្រូវការទីកន្លែងមិនធំពេក អាចធ្វើបានគ្រប់គ្នា ការខាតបង់មានតិចតួចណាស់ បើសិនជាមាន អាចរកចំណូលបានច្រើន។
- ប្រើពេលវេលាតិច ឆាប់បានទទួលផល
- យើងអាចយកវាធ្វើជាចំណីមាន់ទា ត្រី បើលក់មិនបាន៕
សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត