ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសចិញ្ចឹមឃ្មុំបែបទំនើបក្នុងប្រអប់សិប្បនិម្មិត

05-Jan-2019 09:05 AM

រូបភាព


ដោយ: Uddam

ឃ្មុំ គឺជាសត្វល្អិតម្យ៉ាងដែលផលិតទឹកឃ្មុំ ក្រៅពីឃ្មុំគឺនៅមានសត្វល្អិតម្យ៉ាងទៀតដែលផលិតទឹកឃ្មុំដែរ ហើយខ្មែរយើងនិយមហៅថា? ពង្រួត? វាមានរូបរាងតូចជាងឃ្មុំច្រើន ហើយវាច្រើនយករន្ធឈើប្រហោងធំៗធ្វើជាសំបុករបស់វា ខុសពីសត្វឃ្មុំដែលកកើតសំបុកតាមមែកឈើ ឬតាមអាគារលំនៅដ្ឋាន ។

នៅក្នុងប្រទេសជឿនលឿនមួយចំនួនគេបានចិញ្ចឹមឃ្មុំជារបៀបមួយប្លែកពីធម្មតា គឺធ្វើនៅប្រអប់ឡាំង ក្រដាស ឬឈើសម្រាប់ឲ្យឃ្មុំកកើតជាសំបុករបស់វា។ ក្រៅពីនេះ នៅតាមចំការមួយចំនួនម្ចាស់ចំការបានចិញ្ចឹមឃ្មុំនៅក្នុងចំការរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍ ២យ៉ាងគឺ : ទីមួយ: ឲ្យឃ្មុំជួយបង្កាត់លំអងញីឈ្មោលរបស់ដំណាំដើម្បីឲ្យវាមានផ្លែផ្កាច្រើន
។ ទីពីរ: គេបានទទួលទឹកឃ្មុំពីឃ្មុំដែលគេបានចិញ្ចឹមនោះ។

ក្រៅពីប្រយោជន៍ទាំងពីរខាងលើនេះ ឃ្មុំអាចនៅជួយកាត់បន្ថយបាននូវការយាយីពីសំណាក់សត្វល្អិតផ្សេងៗទៀតពេលដំណាំចេញផ្កា ប៉ុន្តែប្រការនេះមិនទាន់មានការអះអាងណាមួយឲ្យបានជាក់លាក់នៅឡើយទេ ។
ដោយហេតុថា តម្លៃទឹកឃ្មុំនៅលើទីផ្សារមានតម្លៃថ្លៃ ដូចនេះហើយទើបមានមនុស្សជាច្រើនមានបំណងស្វែងយល់ពីវិធីចិញ្ចឹមឃ្មុំ ប៉ុន្តែនៅពុំទាន់មានឯកសារ ឬសៀវភៅណាមួយនិយាយពីវិធីចិញ្ចឹមឃ្មុំនេះនៅឡើយទេ ហេតុនេះអត្ថបទមេរៀនស្តីពីការចិញ្ចឹមឃ្មុំនេះ អាចជាជំនួយស្មារតីមួយសំរាប់អ្នកដែលមានបំណងចង់ចិញ្ចឹមឃ្មុំ ។


១- ទីតាំង
ដើម្បីឲ្យការចិញ្ចឹមឃ្មុំអាចប្រព្រឹត្តទៅបានល្អ យើងត្រូវមានទីតាំងមួយសមស្រប ឆ្ងាយពីភូមិឋាន អាចជាដីចំការ ដីទំនេរទុកចោលដែលមិនមានការរំខានពីមនុស្សម្នាផ្សេងៗ។ នៅលើទីតាំងដីនេះ បើសិនជាយើងអាចដាំបន្ថែមនូវដើមឈើមួយចំនួនដែលសម្បូរណ៍ផ្កា ដូចជាលឿងរាជ្យ អង្កាញ់ អូយម៉ូយ ឬដើមឈើណាដែលមានផ្កាច្រើន ពីព្រោះផ្កាឈើទាំងនោះគឺជាការទាក់ទាញមួយ ហើយក៏ជាអ្វីដែលឃ្មុំត្រូវការផងដែរ។ ទីតាំងដីសំរាប់ចិញ្ចឹមឃ្មុំនោះ ពុំចាំបាច់មានទំហំធំពេកទេ ប៉ុន្តែបើសិនជាមានទំហំធំក៏ជាការប្រសើរដែរ។ ទំហំដីដែលយើងត្រូវការគឺអាចអាស្រ័យទៅលើចំនួនសំបុកឃ្មុំ ដែលត្រូវចិញ្ចឹមនិងការដែលយើងអាចគ្រប់គ្រងវាបាន ។ ក្នុងករណីខ្លះ ការជ្រើសរើសទីតាំងបានល្អដូចជា នៅក្បែរព្រៃ និងក្បែរចំការធំៗ អាចជួយបង្កើនប្រសិទ្ធភាពដល់ការចិញ្ចឹមឃ្មុំឲ្យដំណើរការទៅបានល្អប្រសើរដែរ ។

២- ពូជឃ្មុំសម្រាប់យកមកចិញ្ចឹម
ឃ្មុំមានច្រើនពូជ គឺឃ្មុំធំជាប្រភេទឃ្មុំដែលស្ថិតនៅក្នុងព្រៃធំៗ ឃ្មុំមួយពួកទៀតដែលមានមាឌតូចជាងបន្តិច ក្រៅពីនេះគេឃើញមានឃ្មុំមួយប្រភេទទៀតដែលយើងនិយមហៅថាឃ្មុំអាចម៍ឆ្កែ វាច្រើនមានទំហំតូចៗ គេច្រើនឃើញឃ្មុំប្រភេទនេះនៅតាមព្រៃរបោះ គុម្ពត្រែង ឬតាមទីវាលទំនាបលិចទឹកនានា ។
ប្រភេទ ឃ្មុំដែលយើងអាចយកមកចិញ្ចឹម គឺជាពពួកឃ្មុំដែលមានសំបុកខ្នាតមធ្យម ដែលឧស្សាហ៍បានឃើញនៅតាមដើមឈើ ឬចំការពីព្រោះឃ្មុំប្រភេទនេះវាមិនសូវបង្កគ្រោះថ្នាក់ដល់យើង មានការងាយស្រួលក្នុងការគ្រប់គ្រង ម្យ៉ាងទៀតយើងងាយស្រួលរកពូជផង ។

៣- ប្រភេទប្រអប់សម្រាប់ចិញ្ចឹម
ប្រអប់សំរាប់ធ្វើជាសំបុកឲ្យឃ្មុំស្នាក់នៅគេច្រើនធ្វើពីឈើ ឬដែកបន្ទះសង្ក័សីជាសំបកខាងក្រៅ ប៉ុន្តែសម្រាប់ប្រទេសយើង យើងមិនអាចធ្វើពីសង្ក័សីបានទេ ពីព្រោះប្រទេសយើងក្តៅ ។

៤- ចំណីរបស់ឃ្មុំ
យើងពុំចាំបាច់ត្រូវដាក់ចំណីឲ្យវាស៊ីដូចជាការចិញ្ចឹមជ្រូក មាន់ ទានោះឡើយ អ្វីដែលយើងត្រូវការចាំបាច់នោះគឺ កូនអាងទឹកមួយមានទឹកស្អាត សម្រាប់ឲ្យឃ្មុំផឹក និងចានទឹកស្ករ មួយចំនួនសំរាប់ទាក់ទាញកុំឲ្យឃ្មុំនោះ បោះបង់សំបុកចោលទៅរកកន្លែងថ្មីទៀត ។

៥-ការថែរក្សាឃ្មុំ និងការត្រួតពិនិត្យ
សំបុកឃ្មុំ ទាំងអស់ត្រូវមានការត្រួតពិនិត្យជាប់ជាប្រចាំយ៉ាងហោចណាស់ឲ្យបានចំនួន ៣ ដង ក្នុងមួយសប្តាហ៍ដែរ ដើម្បីឲ្យដឹងពីស្ថានភាពរបស់ឃ្មុំនោះវាមានសកម្មភាពយ៉ាងណា ។

៦- សម្ភារត្រូវការចាំបាច់សម្រាប់ការចិញ្ចឹមឃ្មុំ
ក្នុងករណីដែលយើងត្រូវធ្វើវាជារបៀបអាជីវកម្ម យើងប្រហែលជាត្រូវទាមទារឲ្យមានសំលៀក បំពាក់សំរាប់ការពារខ្លួនកុំឲ្យឃ្មុំទិច ស្រោមដៃក្រាស និងស្បែកជើង។ ក្រៅពីនេះគឺមានតែឧបករណ៍សម្រាប់កៀបយកទឹកឃ្មុំ ពីព្រោះការច្របាច់ដោយដៃពុំអាចយកទឹកឃ្មុំចេញអស់បានទេ ។

* ជាបឋម : (មុនចាប់ផ្តើមចិញ្ចឹម) មុនពេលចាប់ផ្តើមចិញ្ចឹមសូមធ្វើប្រអប់សំបុកឃ្មុំឲ្យបានតាមចំនួន ដែលយើងត្រូវការសិន ចំនួនសំបុកច្រើនប៉ុន្មាននោះគឺអាស្រ័យទៅលើធនធាន និងបំណងប្រាថ្នា ។ ប្រអប់នីមួយៗត្រូវមានលក្ខណៈត្រឹមត្រូវតាមគំនូរដែលបានភ្ជាប់មកជាមួយ។ ឈើក្តារដែលយើងយកមកប្រើអាចជាក្តារកុំផ្លាកេក៏បាន ជាបន្ទះក្តារធម្មតាក៏បានទៅតាមការចូលចិត្ត ។
* ក្រៅពីនេះយើងនៅត្រូវការ ក្រមួនឃ្មុំមួយចំនួនសំរាប់យកមកធ្វើជាពុម្ពរន្ធសំបុកឃ្មុំ ពុម្ពនេះនៅប្រទេសគេមានលក់សំរាប់អ្នកចិញ្ចឹមឃ្មុំ ប៉ុន្តែយើងអាចធ្វើដោយខ្លួនឯងបានដោយការគូរ ឬធ្វើជាពុម្ពចាក់ ។


៧- សំបុកឃ្មុំ
យើងនឹងមាន ការលំបាកក្នុងការស្វែងរកសំបុកឃ្មុំ ដើម្បីយកពូជមកផ្សាំបង្កើតជា សំបុកសិប្បនិមិត្តរបស់យើង ។ ក្រៅពីដើររកដោយខ្លួនឯងយើងអាចសាកសួរអ្នកដែលមានជំនាញខាងរកឃ្មុំ ឲ្យគេរកមកឲ្យយើង ឬយើងអាចទៅជាមួយគេក៏បាន ។

៨- វិធីនៃការនាំយកឃ្មុំមកផ្សាំចិញ្ចឹម
-ត្រូវមានធុងស្អាតមួយ (ធុងស្ពេត្រូ)
-ទឹកស្ករចំនួន ២ លីត្រ ស្ករ ១ គីឡូក្រាម លាយទឹក ១ លីត្រ ហើយប្រដាប់សម្រាប់បាញ់ទឹកស្ករ (សូមប្រើធុងបាញ់ថ្នាំ) ប៉ុន្តែទឹកស្ករត្រូវមានចំនួនច្រើនបន្តិចបើប្រើធុងបាញ់ថ្នាំ ។

-សំណាញ់ក្រឡាញឹកសំរាប់គ្របមាត់ធុង
-កៅស៊ូរឹតសំរាប់រឹតសំណាញ់ភ្ជាប់មាត់ធុង
-សំលៀកបំពាក់ការពារខ្លួនកុំឲ្យឃ្មុំទិច
-ហាមប្រើផ្សែងភ្លើងជាដាច់ខាត។

ខណ:រកឃើញសំបុកឃ្មុំហើយ យើងត្រូវធ្វើយ៉ាងណាឲ្យអាចព្យួរធុងស្ពេត្រូពីខាងក្រោមសំបុកឃ្មុំ ដើម្បីត្រងយកទឹកឃ្មុំបាន ប្រការនេះត្រូវធ្វើដោយប្រយ័ត្នប្រយែងក្នុងករណីដែលវាស្ថិតនៅក្នុង ទីមួយខ្ពស់ ។
រកវិធីចងធុងពីក្រោមសំបុកឲ្យជាប់ល្អ បន្ទាប់មកចាប់ផ្តើមបាញ់ទឹកស្ករលើសំបុកឃ្មុំស្រាលៗ រហូតសព្វជុំវិញសំបុក ។ សត្វឃ្មុំពេលត្រូវទឹកស្ករស្អិតវាពុំអាចហើរបានឡើយ សត្វឃ្មុំនឹងធ្លាក់ចូលមកក្នុងធុង ដែលដាក់ត្រងនៅខាងក្រោម។ ព្យាយាមបាញ់សាចទឹកស្ករលើឃ្មុំរហូតឃ្មុំលែងអាចហើរកើត យើងអាចអារកាត់យកទាំងបង្គងឃ្មុំ ឬយកតែឃ្មុំក៏បាន ។

ឃ្មុំដែលយើងយកបានមកហើយ ត្រូវប្រញាប់រួសរាន់លាយទឹកស្ករ ១ ផ្នែក ទឹកឃ្មុំ ១ ផ្នែកដាក់ក្នុងចានរួចលាបតាមបន្ទះសំបុកសិប្បនិមិត្ត ក្រៅពីនេះដាក់ចានល្បាយទឹកឃ្មុំនៅត្រង់មាត់រន្ធ (កុំឲ្យបិទផ្លូវចេញចូលរបស់រន្ធឲ្យសោះ) ។
ចំពោះឃ្មុំ ដែលប្រមូលបានមកនោះត្រូវដាក់ចូលទៅក្នុងសំបុកសិប្បនិមិត្ត រួចបន្សល់ខ្លះទៀតឲ្យវាចូលតាមរន្ធពីខាងក្រោមប្រអប់សំបុក បើសិនជាសំណាងល្អ ឃ្មុំនឹងបង្កើតមេមួយថ្មី (ស្តេចញី) តែបើសំណាងគ្មាននោះឃ្មុំនឹងហើរចេញអស់ ឬមិនបង្កើតមេថ្មីឡើយ ។


ហេតុនេះយើងត្រូវតាមដានមើលរាល់ថ្ងៃពី សកម្មភាពរបស់វាសូមកុំបារម្ភពីទឹកស្ករដែលស្អិតជាប់លើខ្លួនវា មិនយូរប៉ុន្មាន គ្នាវានិងបឺតស្រូបយកទឹកស្ករនោះអស់គ្មានសល់ទេ ។ ក្នុងករណីដែលឃ្មុំបានបញ្ចេញមេថ្មី នោះមានន័យថាយើងធ្វើកិច្ចការនេះបានជោគជ័យហើយ ។

ខាងលើនេះគឺគ្រាន់តែជាការសង្ខេបចំពោះការចាប់ផ្តើមចិញ្ចឹមឃ្មុំគ្រាដំបូងប៉ុណ្ណោះ ។

(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)