ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីផ្សំថ្នាំពីធម្មជាតិសម្រាប់ព្យាបាលនិងការពារជំងឺមាន់បានគ្រប់រដូវ

11-Jan-2019 03:33 PM

រូបភាព


ដោយ: Uddam

រកបានហើយ សម្រាប់បងប្អូនដែលចង់ការពារមាន់កុំឲ្យឈឺងាប់! វិធីផ្សំថ្នាំពីធម្មជាតិសម្រាប់ព្យាបាលនិងការពារជំងឺមាន់បានគ្រប់រដូវ! ជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម ជម្ងឺពេលមេឃក្តៅខ្លាំង និងជម្ងឺមាន់នៅរដូវវស្សា។

* វិធីធ្វើថ្នាំ និងការប្រើប្រាស់៖ ចំពោះជំងឺមាន់ច្រើនតែក្អក និងតឹងផ្លូវដង្ហើម៖

– ធាតុផ្សំ៖ ក្បាលខ្ជាយ ១០០ក្រាម ខ្ទឹមស ១០០ក្រាម ពន្លៃ ១០០ក្រាម និងសត្វក្អែបរស់ ជាសត្វពិស ១០០ក្រាម ស្រាស មានកម្រិត ៤០អង្សាចំនួនកន្លះលីត្រ។

– វិធីធ្វើ៖ យកធាតុផ្សំទាំងអស់មកច្រករួមគ្នាក្នុងដប រួចត្រាំជាមួយស្រាសនោះ។ ក្រោយពីត្រាំទុកឲ្យបានរយៈពេលកន្លះខែ កសិករអាចសម្រិតយកទឹកត្រាំរួចនោះ ដែលវាក្លាយជាថ្នាំ យកទៅច្រកមាត់មាន់សម្រាប់ព្យាបាលជំងឺមាន់។

– វិធីប្រើ៖ យកទៅឲ្យមាន់ផឹក ដោយបាញ់នឹងស៊ីរ៉ាំងតូចទំហំ ១សេសេ។ ការព្យាបាលមាន់ទម្ងន់ ៨ខាំ ព្យាបាល ០,៤ ឬ ០,៥សេសេ នៃទឹកថ្នាំដែលផ្សំនោះ។ យើងច្រកហើយ ក្នុងរយៈពេលតែ ៣ម៉ោងទៅ ៤ម៉ោងយើងអាចដឹង តែវាស្រួលខ្លួន វានឹងអាចដើររកស៊ីចំណី សញ្ញាដែលវាស្រួលខ្លួន គឺវាដើររកចំណីឡើងវិញហើយ។

ចំពោះការការពារជម្ងឺពេលមេឃក្តៅខ្លាំង៖

– ធាតុផ្សំ៖ សំបកគស្ទោះប៉ុន៣ធ្នាប់ ប្រវែង១ចង្អុលដៃ គល់ស្លឹកគ្រៃមួយចំហៀងគល់ បណ្តូលពេជ្រយកតិចទេមួយចំណិតស្តើងតូច។

– វិធីប្រើ៖ យើងដំគល់ស្លឹកគ្រៃឲ្យទក់ និងសំបកគដំឲ្យទក់ៗ ដាក់ចូលក្នុងទឹក រួចចាក់ទឹក ២លីត្រមកត្រាំដាក់ឲ្យមាន់ផឹកក្នុងរយៈពេលប្រហែល១ថ្ងៃហ្នឹង។ បើកាលណាយើងអស់ទឹក យើងអាចថែមទឹកបានទៀត ដោយថ្នាំយើងមិនចាំបាច់ថែមទេ ព្រោះវាចេញនៅក្នុងនោះខ្លះ ប៉ុន្តែកុំឲ្យតែអស់ទឹករលីងពីស្នូកពេក។

ចំពោះការការពារជម្ងឺនៅរដូវវស្សា៖រដូវវស្សា រដូវដែលវាត្រជាក់មានភ្លៀងនោះ យើងត្រូវផ្សំខ្ទឹមស ហើយនិងខ្ញី។ វិធីធ្វើត្រូវយកខ្ទឹមស ហើយនិងខ្ញីឲ្យបាន៣ភាគ រួចយើងលាយស្ករត្នោតចំនួន ១ភាគ ហើយបុកខ្ញីជាមួយខ្ទឹមសឲ្យហ្មត់ហើយ យើងយកមកច្របល់ជាមួយស្ករ ហើយផ្អាប់ទុក ១៥ថ្ងៃ ចាំយើងអាចជាត់យកទឹកវាមកលាយជាមួយទឹក ឬចំណី ដាក់ឲ្យមាន់ស៊ី ការពារពេលខែត្រជាក់។ ១គីឡូចំណី អាចលាយទឹកថ្នាំជាត់ហ្នឹង១ស្លាបព្រាកាហ្វេ យកមកលាយជាមួយទឹកដើម្បីយកទៅដាក់ផ្សើមជាមួយចំណីដែលយើងលាយរួចនោះ ស្មានឲ្យតែល្មម សើមៗបានហើយ។

វីដេអូ៖

អត្ថបទ៖អ៊ាង សុផល្លែត