គ្មាន
រូបភាព
ឧទ្យានភ្នំតាម៉ៅ ឬរមណីយដ្ឋានសួនសត្វភ្នំតាម៉ៅដំណើរការចាប់តាំងពីឆ្នាំ២០០០ មកម្លេះដែលមានផ្ទៃដីការពារសរុប២៥០០ហ.ត។
ក្នុងនោះផ្ទៃដី ៧០ហ.ត ត្រូវបានគេរៀបចំដាំដើមឈើ និង ធ្វើជាសួនសត្វតាមភ្នំចំនួន៥គឺភ្នំតាម៉ៅភ្នំថ្មដុះ ភ្នំផ្តៅពន្ធ ភ្នំឆយ និងភ្នំបាំង។ ភ្នំតាមៅមានទីតាំងស្ថិតនៅ ភូមិ-ឃុំក្រាំងសាប ស្រុកបាទី ខេត្តតាកែវ ចម្ងាយ ៤០គម ពីរាជធានីភ្នំពេញ កាត់តាមផ្លូវជាតិលេខ២បត់ស្តាំ៥គម។
សត្វដែលគេអភិរក្សនៅទីនេះមាន ៤ ប្រភេទធំៗ គឺ សត្វល្មូន សត្វជើងបួន សត្វស្លាប និង សត្វទឹក (សត្វកម្រ ៦ ប្រភេទដែលត្រូវបានគេយកមកអភិរក្ស មានដូចជា ពោះថ្លាន់ ក្រពើ ខ្លា តោ ដំរី និង ខ្លាឃ្មុំ)។ រមណីយដ្ឋានចម្រុះមានទីតាំងទស្សនាដូចជា ប្រាង្គប្រាសាទ ព្រៃភ្នំ ធម្មជាតិ សួនសត្វ ។
សួនសត្វភ្នំតាម៉ៅ មានសត្វជាង ១០០ ប្រភេទ និងមានជាង ១ ៣០០ ក្បាល ដោយមិនរាប់បញ្ចូលសត្វនៅក្រៅទ្រុង ។ សត្វទាំងអស់នោះមានដូចជា ប្រើស ឈ្លូស ឆ្កែចចក ប្រភេទសត្វស្លាប ល្មូន ពពួកស្វា ទោច និងប្រភេទសត្វដទៃជាច្រើនប្រភេទថែមទៀត។ សត្វអភិរក្សទីនេះច្រើនបានមកពី ទី១ ការបង្ក្រាប ពីការឈ្មួញជួញដូរ។
ទី២ បានមកពីប្រជាពលរដ្ឋដែលចិញ្ចឹមតាមផ្លូវយកមកប្រគល់ឲ្យ។ ទី៣ មានមកពី កើតចេញការបង្កាត់ពូជ សត្វដែលរស់នៅទីនេះស្រាប់តែម្ដង។ ទី៤ ការដោះដូរ ពីសួនសត្វ ក្រៅប្រទេស ប៉ុន្តែមានមួយចំនួនតិចតួច។ ក្នុងមួយឆ្នាំៗ ឧទ្យានអាចទាក់ទាញភ្ញៀវជាតិ អន្តរជាតិ និង អាចបង្កើតចំណូលពីការលក់សំបុត្រចូលទស្សនាបានជាង១០ម៉ឺននាក់/សំបុត្រ។
ប្រាក់ចំណូលទាំងប៉ុន្មានត្រូវបានគេយកទៅផ្គត់ផ្គង់ដល់ការជួសជុលថែទាំ អភិរក្សឧទ្យាន ផ្តល់ជាចំណី ឬ ព្យាបាលសត្វព្រៃ និង បើកប្រាក់ខែជូនបុគ្គលិកបម្រើការងារជិត១០០នាក់ ( ក្នុងនោះ បុគ្គលិកជាមន្ត្រីរាជការក្របខ័ណ្ឌក្រសួងកសិកម្ម ១៣នាក់ មន្ត្រីជាប់កិច្ចសន្យា ៥១នាក់ និង បុគ្គលិកអង្គការជាង៥០នាក់)។ ក្រៅពីទីតាំងសិប្បនិមិត្ត និង ធម្មជាតិ ឧទ្យាននេះមានទីតាំងប្រវត្តិគួរជាទីចាប់អារម្មណ៍ចំនួនពីរដូចជា ប្រាសាទភ្នំតាម៉ៅ និង ប្រាសាទភ្នំថ្មដុះ។