ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ព័ត៌មាន

ប្រាសាទ​ព្រះឥន្ទកោសីយ៍មានអាយុកាលប្រហាក់ប្រហែលនឹងប្រាសាទបក្សីចាំក្រុង​ដែរ…!!

24-Jan-2019 08:22 AM

រូបភាព


ដោយ: Uddam

ធ្វើ​ដំណើរ​តាម​ផ្លូវ​ខាងលិច​ដង​ស្ទឹង​សៀមរាប​ពី​ស្ពាន​ថ្ម​ព្រះរាជ​ដំណាក់ ទៅ​ជិត​ដល់​អភិរក្ស​អង្គរ មាន​ស្ពាន​ឈើ​មួយ (បច្ចុប្បន្ន​កំពុង​សាងសង់​ជា​ស្ពាន​បេតុង) ឆ្លង​ទៅ​ដល់​មុខ​វត្ត​ព្រះឥន្ទកោសីយ៍ ស្ថិត​ក្នុង​ភូមិ​ដូនប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ដ​សៀមរាប ។ ប្រាសាទ​ព្រះឥន្ទកោសីយ៍​គឺ​ជា​ប្រាសាទ​តូច​មួយ​ស្ថិត​ខាងកើត​ព្រះវិហារ​វត្ត ។ ឈ្មោះ​ប្រាសាទ​នេះ ជួនកាល​ឃើញ​គេ​សរសេរ​ថា «ព្រះឥន្ទកោសិយ» ដែល​ពាក្យ «កោសិយ» នៅ​ក្នុង​វចនានុក្រម​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត មាន​ន័យថា «ព្រះឥន្ទ្រ» ។ ប៉ុន្តែ​ឈ្មោះ​ដែល​មាន​ជា​ផ្លូវការ​សរសេរ​នៅ​លើ​ឃ្លោងទ្វារ​វត្ត និង​សាលា​បឋម​សិក្សា​គឺ «ព្រះឥន្ទកោសីយ៍» ។

ប្រាសាទ​ព្រះឥន្ទកោសីយ៍​សាងសង់​ឡើង​បែរ​មុខ​ទៅ​ទិស​ខាងកើត មាន​ប្រាង្គ​២ ប្រាង្គ​តូច​ស្ថិត​នៅ​ខាង​ជើង និង​ប្រាង្គ​ធំ​ស្ថិត​នៅ​ខាងត្បូង ។ នៅ​ពី​លើ​ផ្ដែរ​ប្រាង្គ​ធំ មាន​ចម្លាក់​អាទិទេព​នៃ​សាសនា​ព្រាហ្មណ៍ គឺ​ព្រះនរាយណ៍ ព្រះព្រហ្ម និង​ព្រះឥសូ និង​ចម្លាក់​ស្ដីពី​ការ​កូរ​សមុទ្រ​ទឹកដោះ ។ ចំណែក​ឯ​ចម្លាក់​នៅ​លើ​ហោជាង​ដែល​ធ្វើ​អំពី​បាយអ របេះ​ធ្លាក់​ស្ទើរ​អស់​មើល​រូប​មិន​យល់ ។ នៅ​ក្នុង​ប្រាង្គ​ធំ​នេះ​ពុំ​មាន​តម្កល់​ទេវរូប​អ្វី​ទេ ខុស​ពី​ប្រាង្គ​តូច​ដែល​មាន​តម្កល់​ព្រះពុទ្ធរូប​ជា​ច្រើន​សណ្ឋាន​ប្លែកៗ​ពី​គ្នា ។ គួរ​ឲ្យ​ចម្លែក​ដែរ ព្រោះ​ថា​ ជាទូទៅ​នៅ​ប្រាសាទ​ដទៃ​ទៀត គេ​តម្កល់​ទេវរូប​សម្រាប់​គោរព​បូជា​នៅ​ប្រាង្គ​ធំ ។

ប្រាសាទ​ព្រះឥន្ទកោសីយ៍​ស្ថិត​ក្នុង​រចនាបថ​បាខែង ប្រហែល​ជា​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ហស៌វរ្ម័ន​ទី​១ (គ.ស​៩០០​‑​៩២២) ក្នុង​អំឡុង​ពេល​ជាមួយ​គ្នា​នឹង​ប្រាសាទ​ក្រវ៉ាន់ និង​បក្សីចាំក្រុង​ដែរ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា ។ ប្រាសាទ​ទាំង​​បី​នេះ​ប្រហែល​ត្រូវ​បាន​ជួស​ជុល​កែ​លម្អ​ឡើង​វិញ​នៅ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ទី​២ (គ.ស​៩៤៤​‑​៩៦៨) និង​ព្រះរាជបុត្រ​ព្រះអង្គ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ (គ.ស​៩៦៨​‑​១០០១) ពី​ព្រោះ​គេ​បាន​រក​ឃើញ​សិលាចារឹក​និយាយ​អំពី​មហាក្សត្រ​ទាំង​ពីរ​អង្គ​នេះ ។

ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ទី​២​ជា​ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ដ៏​ធំ​ខ្លាំង​ពូកែ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ។ តែ​ខ្មែរ​ជំនាន់​ក្រោយ​ភាគ​ច្រើន​ណាស់​ដែល​មិន​បាន​ស្គាល់​អំពី​ស្នាដៃ ទេព​កោសល្យ និង​ប្រវត្តិ​តស៊ូ​ អង់អាច ធ្វើ​ពលិកម្ម​ជូនជាតិ​របស់​ព្រះអង្គ ។ សិលាចារឹក​ព្រះ​ឥន្ទកោសីយ៍​បាន​លើក​សរសើរ​ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ថា​ជា​ «ទី​គោរព​បូជា​នៃ​ព្រះរាជា​ទាំង​ឡាយ ទ្រង់​ជា​ស្ដេច​អបរាជ័យ និង​តែង​តែ​មាន​ជ័យជម្នះ​ជានិច្ច​លើ​ខ្មាំង​សត្រូវ ។ ទ្រង់​ប្រៀប​បាន​ទៅ​នឹង​រតនវត្ថុ​នៅ​លើ​កំពូល​មកុដ​នៃ​ព្រះរាជា​ទាំងអស់​នៅ​លើ​ផែនដី​នេះ ។ ជ័យជម្នះ​របស់​ព្រះ​អង្គ​ល្បី​រន្ទឺ​ទៅ​គ្រប់​ទិស​ទី» ។ អ្នក​ប្រវត្តិវិទូ​បារាំង​ អេទីជែន អាយម៉ូនីញេ (Etienne Aymonier) ដែល​ជា​អ្នកឯកទេស​បាន​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ យល់ និង​មាន​ជំនឿ​ថា​ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ទី​២​ជា​ព្រះបាទ​បក្សីចាំក្រុង ព្រះមហាក្សត្រ​ខ្មែរ​ទី​១៩ ក្នុង​ពង្សាវតារ​ខ្មែរ​ភាគ​រឿង​ព្រេងនិទាន ។

ព្រះរាជា​ដែល​សោយរាជ្យ​បន្ដ​ពី​ព្រះបាទ​រាជេន្ទ្រវរ្ម័ន​ទី​២ គឺ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ ព្រះបាទ​ជ័យវរ្ម័ន​ទី​៥ ដែល​ជា​ព្រះរាជា​កែទម្រង់ ឬ​ប្រត្យា​ស្ថាបនិក និង​ជា​ព្រះរាជា​ពូកែ​ខាង​ធ្វើ​សង្គ្រាម តែ​មាន​អធ្យាស្រ័យ​ល្អ ។ សិលាចារឹក​ព្រះឥន្ទ្រ​កោសីយ៍​បាន​ដំណាល​ថា «ព្រះ​អង្គ​បាន​រៀបចំ​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ​ក្នុង​វណ្ណៈ ប្រៀប​បី​ដូច​ជា​រៀបចំ​ឡើង​ដោយ​ព្រះព្រហ្ម​ផ្ទាល់ ។ ព្រះ​អង្គ​ប្រកប​ទៅ​ដោយ​ទេព​កោសល្យ និង​មាន​ព្រះ​ហត្ថា​កាន់​កងចក្រ ។ នៅ​ពេល​ទ្រង់​ចេញ​ដំណើរ​ម្ដងៗ សន្ធឹក​ជើង​កងទ័ព​របស់​ព្រះ​អង្គ ធ្វើ​ឱ្យ​កក្រើក​ផែនដី និង​ព្រៃ​ភ្នំ​ទាំងឡាយ ប្រៀប​បាន​នឹង​មហាសាគរ​ដែល​ត្រូវ​រញ្ជួយ​ដោយ​ព្យុះ​ខ្យល់» ដូច្នោះ​ដែរ ។

ពេល​នោះ «សន្ធឹក​ស្គរ​លាយឡំ​ជាមួយ​សំឡេង​កងរំពង​របស់​គង​ឃ្មោះ​ធ្វើ​អំពី​ស្ពាន់ និង​ត្រែ ខ្លុយ ស័ង្ខ​… ធ្វើ​ឱ្យ​ពួក​សត្រូវ​ភ័យ​បាក់បប​ខ្លបខ្លាច​ជា​ខ្លាំង» ។ សិលាចារឹក​ក៏​បាន​លើក​ពី​ព្រះ​អង្គ​ដែរ​ថា ទ្រង់​បាន​ដុត​បំផ្លាញ​ប្រទេស​ទាំងឡាយ​ណា​ដែល​ព្រះ​អង្គ​ធ្វើសង្គ្រាម​ជាមួយ ដោយ​និយាយ​ថា «អណ្ដាត​ភ្លើង​នៃ​ការ​បូជា​ដែល​កើត​ឡើង​ពី​ប្រតិបត្ដិការ​របស់​ព្រះ​អង្គ បង្ក​បាន​ជា​ផ្សែង​ធំ​វែង ប្រៀប​បាន​នឹង​ទង់ជ័យ​ចម្បាំង ធ្វើ​ឱ្យ​សត្រូវ​ភ័យ​ខ្លាច ហើយ​រត់​គេច​ចេញ​បាត់​អស់ បើ​ទោះជា​អង់អាច​យ៉ាងណា​ក៏​ដោយ» ។ ព្រះ​អង្គ​គួរ​ឱ្យ​ខ្លាច​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ទ្រង់​ខ្ញាល់ «កាលណា​ព្រះ​អង្គ​គ្រហឹម​ដូច​រាជសីហ៍​ពេល​មាន​កំហឹង ព្រះរាជា​ជា​សត្រូវ​ទាំងឡាយ​រត់គេច​ចូល​ព្រៃ​ជ្រៅ ប្រៀប​បាន​នឹង​សត្វ​ឈ្លូស​ដ៏​កំសាក ។ នៅ​ពេល​ដែល​ព្រះ​អង្គ​លើក​ដាវ​ដ៏​មុត​ថ្លា ប្រឡាក់​ទៅ​ដោយ​ឈាម ដែល​ហូរ​ចេញពី​សិរសា​សត្រូវ គេ​ឃើញ​ព្រះ​អង្គ​ដូច​ជា​ព្រះ​នាង​ជ័យជម្នះ​ដ៏​ស្រស់​ស្អាត​ដែល​មាន​ព្រះ​ហស្ដ និង​ព្រះបាទ​ក្រហម​ទៅ​ដោយ​លម្អងផ្កា» ។

សិលាចារឹក​ដដែល​បាន​និយាយ​ថែម​ទៀត​ថា «ព្រះ​ហស្ដ​ព្រះ​អង្គ​ដែល​ប្រៀប​បាន​នឹង​ស្ពាន​យុត្ដិធម៌ ឆ្លង​កាត់​មហាសាគរ​ដ៏​ស្មោកគ្រោក​នៃ​សតវត្សរ៍ … មាន​រាង​សង្ហា​ស្រស់​ប្រិមប្រិយ ស្អាត​លើស​ពី​ព្រះ​នាង​កាម​ទេព ហើយ​ធ្វើ​ឱ្យ​ពិភពលោក​នេះ​មាន​ពន្លឺ​ប្រៀប​បីដូច​ព្រះ​ចន្ទ​កំពុង​រះ» ។

នៅ​ក្នុង​បរិវេណ​វត្ត​ព្រះឥន្ទកោសីយ៍​ប៉ែក​ខាងត្បូង​ មាន​សាលាបឋម​សិក្សា​មួយ​ឈ្មោះ​ថា ព្រះឥន្ទកោសីយ៍ ដែរ ។ បើ​ពិនិត្យ​មើល​ទៅ សាលា​មួយ​នេះ​បាន​ទទួល​អំណោយ​ជា​អាគារ​ច្រើន​ពី​សប្បុរស​ជន​នានា និង​មាន​ការ​រៀបចំ​សួនច្បារ​បាន​ល្អ​ប្រសើរ ។

ប្រភព៖ឈូកខ្មែរ