ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ទិដ្ឋភាពទូទៅនៃក្រុងអង្គរធំកាលពីអតីតកាល ..!!

24-Jan-2019 11:30 PM

រូបភាព


ដោយ: Uddam

មហានគរ​ដែល​ត្រូវ​ឆេះ​បាក់​បែក​ខូចខាត​អន្តរាយ​អស់​ជា​ច្រើន​ដោយ​សារ​ចាម​ក្នុង​ឆ្នាំ​១១៧៧ត្រូវ​បាន​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧គ.ស(១១៨១‑១២០១)រៀបចំ​ចាត់​ចែង​ឲ្យ​កសាង​ឡើង​វិញ​សា​ជា​ថ្មី។នេះ​ជា​លើក​ទី​៣​ហើយ​ដែល​មហានគរ​ត្រូវ​សាងសង់។នគរ​ធំ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្នាដៃ​ឯក​ប្លែក​ខុស​ពី​ធម្មតា​ដែល​មាន​នៅ​ក្នុង​សិល្បៈ​ខ្មែរ។គឺ​ខ្មែរ​ជំនាន់​នោះ​បាន​ប្រឌិត​បង្កើត​សិល្បៈ​ថ្មី​មួយ​ដែល​វិវត្ត​ទៅ​តាម​ចលនា​របស់​សង្គម​ជាតិ។នគរ​ធំ​ដែល​ស្ថិត​នៅ​រៀង​រហូត​មក​ដល់​សព្វថ្ងៃ​ ជា​ស្នាដៃ​យ៉ាង​ធំ​ធេង​ចម្បង​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧។

នគរ​ធំឬ​មហានគរ​មាន​ជ្រុង​នីមួយៗ​ប្រវែង​៣​គីឡូម៉ែត្រ ហើយ​មាន​ទំហំ​ប្រហែល​៩គីឡូម៉ែត្រ​ក្រឡា។នគរ​ធំ​មាន​កសិណ(គូឬប្រឡាយ​ទឹក)ដែល​មាន​ទទឹង​ប្រវែង​១០០​ម៉ែត្រនិង​ជម្រៅ​៥​ឬ​៦​ម៉ែត្រ​ព័ទ្ធ​ជុំ​វិញ។ដើម្បី​ចូល​ទៅ​ក្នុង​មហានគរ​ គេ​ត្រូវ​ដើរ​ឆ្លង​កាត់​តាម​ស្ពាន​ថ្ម​អម​ទៅ​ដោយ​រូប​ចម្លាក់​ទេវតា និង​យក្ស​ ដែល​កំពុង​តែ​នាំ​គ្នា​ទាញ​នាគ។ទេវតានិង​យក្សម្ខាងៗ​មាន​គ្នា​៥៤​នាក់។បន្ទាប់​មកយើង​ចូល​មក​ដល់​ក្លោង​ទ្វារ​មហានគរ​ដែល​នៅ​ខាង​លើ​មាន​រូប​ព្រះលោកេស្វរៈ ។

ជ្រុង​នគរ​ធំ​នីមួយៗ​មាន​ខ្លោង​ទ្វារ​មួយ​នៅ​ចំ​កណ្ដាល​បែរ​ទៅ​រក​ទិស​ទាំង​បួន។លើក​លែង​តែ​ជ្រុង​ខាង​កើត​ដែល​មាន​ទ្វារ​ពីរ​គឺ​«ទ្វារ​ខ្មោច» មួយនិង​«ទ្វារ​ជ័យ»​មួយ​ទៀត​ដែល​ចាក់​ចំ​ទៅ​រក​ប្រាសាទ​ភិមានអាកាស។ទ្វារ​ខាងត្បូង​ឈ្មោះ​ថា«ទ្វារ​ទន្លេអុំ»ទ្វារ​ខាងលិច​ឈ្មោះ«ទ្វារ​តាកាវ» និង​ទ្វារ​ខាងជើង​ឈ្មោះ«ទ្វារ​ដីឆ្នាំង»។ តាម​ខ្លោង​ទ្វារ​ទាំង​បួន​ទិស​មាន​ផ្លូវ​បួន​ទៅ​ជួប​កាត់​គ្នា​ចំ​កណ្ដាល​ទីក្រុង​នគរ​ធំ​ដែល​នៅ​ទី​នោះ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧​បាន​សាង​ប្រាសាទ​មួយ​ដែល​មាន​លក្ខណៈ​ខុស​ប្លែក​អំពី​ប្រាសាទ​មុនៗ​គឺប្រាសាទ​បាយ័ន។

តជាប់​នឹង​ខ្លោង​ទ្វារ​មាន​ជញ្ជាំង​ថ្ម​យ៉ាង​ខ្ពស់​សម្រាប់​ការពារ​ទីក្រុង​ដែល​គេ​អាច​ដើរ​យាម​កាម​ចុះ​ឡើង​បាន។នៅ​ជាប់​កំពែង​នោះ​មាន​ប្រឡាយ​ទឹក​តូច​មួយ​ទៀត​ព័ទ្ធ​ជុំវិញ​មហានគរ​ ហើយ​ហូរ​ភ្ជាប់​ចូល​ទៅ​ក្នុង​ស្រះ​ធំ​មួយ​ឈ្មោះ «បឹងធំ» ដែល​មាន​បណ្ដោយ​ប្រវែង​៤០០​ម៉ែត្រ និង​ទទឹង​២០០​ម៉ែត្រ។

ដោយ​សំអាង​ទៅ​តាម​ទំហំ​ដី​ស្រែ​ចម្ការ​នៅ​ជិត​ជុំ​វិញ​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​សិលាចារឹក​ដោយ​យោល​ទៅ​តាម​នយោបាយ​ទឹក​របស់​ព្រះមហាក្សត្រ​ខ្មែរ​ដែល​មាន​ចំនួន​បារាយណ៍ស្រះ​ព្រែកនិង​គូ​ជា​ច្រើនបូក​រួម​ទាំង​ប្រជាជន​ដែល​ប្រកប​មុខ​របរ​ផ្សេង​ទៀត​ផងនគរ​ធំ ឬ​មហានគរ​ត្រូវ​មាន​ប្រជា​ពលរដ្ឋ​ប្រហែល​មួយ​លាន​នាក់។នេះ​ជា​ការ​គន់​គូរ​ប៉ាន​ស្មាន​របស់​អ្នក​ប្រវត្តិវិទូ និង​អ្នក​បុរាណវិទ្យា​ក្នុង​ពេល​ថ្មីៗ​នេះ។

តាម​អ្នក​ឯកទេស​ដែល​សិក្សា​អំពី​បូរាណវិទ្យានគរ​ធំ​ត្រូវ​បាន​សង់​ទៅ​តាម​បែប​ផែន​ទ្រឹស្ដី​ព្រះពុទ្ធសាសនា។ ទស្សនៈ​អ្នក​កាន់​ព្រះពុទ្ធសាសនា​យល់​ថា​នៅ​ចំ​កណ្ដាល​ចក្រវាល​មាន​ភ្នំ​មួយ​យ៉ាង​ធំ​ដែល​គេ​ឲ្យ​ឈ្មោះ​ ភ្នំព្រះសុមេរុ។ភ្នំ​នេះ​មាន​កំពូល​ប្រាំហើយ​នៅ​លើ​កំពូល​ភ្នំ​មាន​ស្ថាន​សួគ៌​បី​ជាន់។ឯការ​សាងសង់​នគរ​ធំ​ក៏​មាន​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ។គឺ​ជា​ទីក្រុង​មួយ​រាង​បួន​ជ្រុង​ដែល​នៅ​ចំ​កណ្ដាល​មាន​ប្រាសាទ​មួយ​ទៀត​ជា​តំណាង​ភ្នំ​ព្រះសុមេរុ។ប្រាសាទ​នេះ​គឺ​ប្រាសាទ​បាយ័នដែល​ខ្មែរ​ច្រើន​តែ​ហៅ​«ព្រហ្មបាយ័ន»។

នៅ​ក្នុង​បរិវេណ​អង្គរធំ​មាន​ប្រាសាទ និង​ទីតាំង​សំខាន់ៗ​យ៉ាង​ច្រើន​ដូចជា៖ប្រាសាទ​បាយ័នប្រាសាទ​បាភួន ប្រាសាទ​ភិមានអាកាស ព្រះបរម​រាជវាំង ប្រាសាទ​បាលីល័យ វត្ត​ទេពប្រណម្យ លាន​ស្ដេច​គំលង់ លាន​ជល់ដំរី ក្រុម​ប្រាសាទ​សួព្រ័ត្រ ប្រាសាទ​ឃ្លាំង​ខាងជើង ប្រាសាទ​ឃ្លាំង​ខាងត្បូង ក្រុម​ប្រាសាទ​ព្រះពិធូរ ប្រាសាទ​តុប​ខាងកើត ប្រាសាទ​តុប​ខាងលិច វត្ត​ព្រះងោក វត្ត​តាំងតុ វិហារ​ប្រាំពីរ​ល្វែង ។ល។