អក្សរសាស្រ្តខ្មែរ
ប្រាសាទភ្នំក្រោមជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រ នៅមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប !!
រូបភាព
ប្រាសាទភ្នំក្រោមជារមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រមានទីតាំងស្ថិតនៅលើកំពូលភ្នំមានរយៈកម្ពស់១៤០ ម៉ែត្រ នៅទិសនិរតីមានចម្ងាយ១២គីឡូម៉ែត្រពីទីក្រុងសៀមរាប ដោយធ្វើដំណើរតាមផ្លូវស្របនឹងដងស្ទឹងសៀមរាបពីជើងទៅត្បូង ហើយស្ថិតនៅខាងជើងបឹងទន្លេសាប ។
បើតាមឯកសារស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ប្រាសាទភ្នំក្រោមត្រូវបានកសាងឡើងបែរមុខទៅទិសខាងកើត នាចុងសតវត្សទី៩ និងដើមសតវត្សទី១០ រចនាបថបាខែងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (ឆ្នាំ៨៨៩-៩១០) ដើម្បីឧទ្ទិសដល់ព្រះព្រហ្ម ព្រះនរាយណ៍ និងព្រះឥសូរ ។ ប្រាសាទភ្នំក្រោមស្ថិតនៅក្នុងកំពែងរាងបួនជ្រុងស្មើ មួយជ្រុងប្រវែង៥០ម៉ែត្រ និងមានតួប៉មបីជាជួរចំអ័ក្សខាងជើង និងខាងត្បូងនៅលើខឿនដែលមានកម្ពស់១ម៉ែត្រ២តឹក និងមានប្រាសាទចំនួន៤ទៀតនៅខាងកើត ហើយបែរមុខទៅរកប្រាសាទចម្បងទាំងបី ។
បច្ចុប្បន្នបើពិនិត្យសង្កេតទៅលើស្ថានភាពជាក់ស្ដែង ប្រាសាទភ្នំក្រោមនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ។ បើពិនិត្យទៅលើគុណភាពថ្មភក់មានសភាពពុកផុយដែលជាកត្ដានាំឱ្យតួ ប្រាសាទទាំងមូលប្រេះស្រាំស្ទើរតែនៅគ្រប់ផ្ទាំងស្រទាប់ថ្មដែលជាហេតុនាំឱ្យរលេះបាក់នូវក្បាច់រចនារបស់ប្រាសាទ។ទន្ទឹមនឹងនោះដែរក៏មានសំណង់សម័យថ្មីជាច្រើននៅជុំវិញប្រាសាទ ផ្នែកខាងកើត ។ សំណង់ទាំងនេះមានកុដិព្រះសង្ឃ ខ្ទមសំណាក់ធម៌របស់យាយជី តាជី សាលាឆាន់ ព្រះវិហារ និងស្លាកស្នាមសំណង់បាក់បែកមួយចំនួនទៀតអំពីស៊ីម៉ង់ត៍ប្រហែលជា សាងសង់តាំងពីសម័យបារាំង ។
ការខូចខាតរបស់ប្រាសាទភ្នំក្រោមអាចបណ្ដាលមកពីកត្ដាជាច្រើនដូចជា ៖
1-ប្រាសាទភ្នំក្រោមកសាងនៅជាប់នឹងទន្លេសាបបណ្ដាលឱ្យប្រាសាទនេះ មានសំណើមច្រើនគ្រប់ពេលវេលា ។ សំណើមនេះបានបក់មកពីបឹងទន្លេសាប ជាពិសេសដោយអាកាសធាតុរបស់ប្រទេសកម្ពុជាក្ដៅហើយសើមទៀតធ្វើឱ្យថ្ម មានសភាពសើមស្ងួតរីករួមៗជាកត្ដានាំឱ្យថ្មភក់ពុកផុយ
2-ទឹកភ្លៀង (ទឹកភ្លៀងមានជាតិអាស៊ីត) ហូរចូលទៅផ្នែកខាងក្រោមនៃគ្រឹះប្រាសាទច្រោះដី និងថ្មបាយក្រៀមធ្វើឱ្យពុកផុយលែងរឹងមាំដែលជាហេតុបណ្ដាលឱ្យ គ្រឹះប្រាសាទត្រូវបាក់ស្រុតតួប្រាសាទត្រូវហែកបាក់ធ្លាក់ជា អន្លើៗ
3-រុក្ខជាតិជាមូលហេតុសំខាន់មួយដែរដែលធ្វើឱ្យប្រាសាទហែកបាក់ ធ្លាក់ដោយឫសវាបានចាក់ចូលទៅក្នុងមុខតំណថ្ម ។ ពេលណាឫសធំឡើងវាធ្វើឱ្យហើបប៉ើងថ្មបាក់ធ្លាក់
4-សត្វក៏ជាមូលហេតុដែរ ។ ប្រចៀវដែលចូលទៅរស់នៅក្នុងប្រាសាទហើយជុះនោម អាចម៍ ដែលមានជាតិប្រៃហូរធ្លាក់តាមជញ្ជាំងប្រាសាទក៏ធ្វើឱ្យថ្មពុក ផុយដែរ
5-ក្រៅពីការបំផ្លាញដោយធម្មជាតិ សត្វ ក៏នៅមានមនុស្សដែលជាហេតុនាំឱ្យប្រាសាទត្រូវខូចខាតដែរដូចជាការគាស់កកាយដាប់យករូបចម្លាក់ទៅលក់ ឬក៏យកទីតាំងសម្រាប់ធ្វើសឹកសង្គ្រាម ។