ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
អក្សរសាស្រ្តខ្មែរ

ស្ពាននាគនៅអង្គរធំឆ្លុះបញ្ចាំងអត្ថន័យតាមឯកសារបុរាណ

25-Jan-2019 10:54 PM

រូបភាព


ដោយ: Uddam

នៅ​ប្រាសាទ​អង្គរវត្ដ​ និង​អង្គរធំ​ក៏​ដូច​នៅ​ប្រាសាទ​ដទៃៗ​ទៀត​ដែរ​ក្នុង​ចក្រភព​ខ្មែរ​បុរាណ​ ​ដូច​ជា ​ប្រាសាទ​ព្រះខ័ន​ ​ប្រាសាទ​វត្ដ​ភូ​ នៅ​ក្នុង​ប្រទេស​ឡាវ​ និង​ប្រាសាទ​ភ្នំរុង​នៅ​ក្នុង​ប្រទេស​សៀម​បច្ចុប្បន្ន​ជាដើម​ ​គេ​តែង​ឃើញ​មាន​ស្ពាន​បង្កាន់​ដៃ​ជា​រូបភាព​ដងខ្លួន​សត្វ​នាគ​ដែល​ ក្បូរក្បាច់​ជួនកាល​មាន​ក្បាល​៥​ ​ជួនកាល​ក្បាល​៧ ។​ ​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ​ ​គេ​ឆ្ងល់​ថា​ ​ស្ពាន​នាគ​ដ៏​សង្ហា​នេះ​មាន​អត្ថន័យ​យ៉ាងណា ?

លោក​បណ្ឌិត​មីសែល​ ​ត្រាណេ​ ​អ្នក​ឯកទេស​ខាង​វប្បធម៌​ខ្មែរ​បាន​អធិប្បាយ​ឱ្យ​ដឹង​ថា​ ​ទី​ក្រុង​អង្គរធំ​ដែល​មាន​ប្រាសាទ​បាយ័ន​ជា​ស្នូល​កណ្ដាល​ ​គឺ​ជា​រូបភាព​បំព្រួញ​ដ៏​តូច​មួយ​នៃ​សកលលោក​យើង​នេះ ។​ ​ទីក្រុង​អង្គរធំ​មាន​ហ៊ុម​ព័ទ្ធ​ជុំវិញ​ដោយ​កសិណ​ទឹក​ដ៏​ធំ​អស្ចារ្យ​ដែល​ គេ​អាច​ប្រៀបផ្ទឹម​បាន​ទៅ​នឹង​មហាសាគរ​ និង​កំពែង​ដូច​ភ្នំ​ ​ដែល​ព័ទ្ធ​ជុំវិញ​ព្រះធរណី​ដ៏​ធំ​មហិមា​ដូច្នោះ​ដែរ ។​ ​ចំពោះ​និមិត្ដរូប​និយម​នៃ​ទីក្រុង​អង្គរធំ​នេះ​ ​សិលាចារឹក​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ប្រាសាទ​មាន​កំពូល​ខ្ពស់​ដល់​ទៅ​អាកាស​ ​ចំណែកឯ​កសិណ​វិញ​មាន​ជម្រៅ​ដល់​ស្ថាន​ភុជង្គនាគ ។​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​បាន​សាង​សង់​ជ័យ​គិរី​ និង​ជ័យ​សន្ធុ​(មហាសាគរ​នៃ​ជ័យ​ជំនះ)នេះ​ឡើង​ដោយ​ត្រាប់​តាម​ឫទ្ធី​នៃ​ ធ្នូ-ស​ដ៏​មាន​មហិទ្ធិឫទ្ធិ ។​

មានការ​សន្និដ្ឋាន​យ៉ាង​ត្រឹមត្រូវ​ថា​ ​គំនិត​ដែល​នាំ​ឱ្យ​ស្ថាបត្យករ​ និង​វិចិត្រករ​ខ្មែរ​បុរាណ​ឆ្លាក់​ក្បាច់​ចម្លាក់​រស់​រវើក​ ដូច​ជា​ ក្រុម​យក្ស​ និង​ទេវតា​ទាញព្រ័ត្រ​ជា​សត្វ​នាគ​អម​សងខាង​ទ្វារ​ចេញ​ចូល​ទីក្រុង​អង្គរធំ​ ​គឺ​កើត​ចេញពី​ទស្សនៈវិជ្ជា ។​ ​ម្យ៉ាងទៀត​យើង​បានដឹង​ថា​ ​ទ្វារ​ចេញ​ចូល​ទីក្រុង​អង្គរ​ដែល​មាន​វត្ដមាន​ពពួក​យក្ខ​ និង​ទេវតា​ ​ក៏​មាន​ស្ពាន​មួយ​យ៉ាង​ធំ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​រហូត​មក​ដល់​សព្វ​ ថ្ងៃនេះ​ជាមួយនឹង​និមិត្ដរូប​ចម្លាក់​ដ៏​ស៊ីជម្រៅ​បែប​នេះឯង ។​

លោកបណ្ឌិត​មីសែល​ ​ត្រាណេ ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​អត្ថន័យ​ដ៏​មាន​សារសំខាន់​របស់​ស្ពាន​ចេញចូល​ប្រាសាទ​អង្គរធំ​ ​គឺជា​និមិត្ដរូប​សម្រាប់​ការ​ចម្លង​មនុស្ស​ទៅ​កាន់​ស្ថាន​សុខ​ ក្សេមក្សាន្ដ ។​ ​ដោយហេតុ​ថា​ ​និមិត្ដរូប​និយម​មាន​ចែង​ក្នុង​គម្ពីរ​ឥណ្ឌា​បុរាណ​ស្ដី​ពី​រូបធាតុ​វិទ្យា ​ ​គឺ​ស្ថាន​មនុស្ស​ និង​ទេវស្ថាន​ត្រូវ​ត​ភ្ជាប់​ដោយ​បន្ទាត់​ពិសិដ្ឋ​មួយ​ដែល​មាន​តំណាង​ដោយ “ឥន្ទធនូ” ។ តាម​អត្ថន័យ​ខាងលើ​នេះ​ ​ស្ពាន​នាគ​មាន​បង្កាន់ដៃ​ក្នុង​ស្ថាបត្យកម្ម​ខ្មែរ​ពិតជា​ត្រូវ​បាន​បំពេញ​ តាម​លក្ខណៈ​ និង​តួនាទី​ខាងលើ​នេះ​នៃ​ខ្សែបន្ទាត់​ដែល​បាន​ភ្ជាប់​ភព​ទាំង​ពីរ​ដោយ​មាន​ កសិណ​ទឹក​នៃ​តំណាង​ចក្រវាឡ ។​

ទោះជា​យ៉ាងណា​ក្ដី​ក៏​និមិត្ដរូប​និយម​នៃ​ស្ពាន​នាគ-ឥន្ទធនូ​ ​គឺជា​បែប​ព្រាហ្ម​និយម​ផង​ ​និង​បែប​លទ្ធិ​ព្រះពុទ្ធ​សាសនា​ផង​ដែរ ។​ ​ចម្លាក់​ពាក់ព័ន្ធ​អត្ថន័យ​បែប​នេះ​ ​វិចិត្រករ​ខ្មែរ​តែង​មាន​ទម្លាប់​បង្ហាញ​តាម​រយៈ​ផ្ទាំង​គំនូរ​នៅ​តាម​ទីវ​ ត្ដ​អារាម ។​ ​អត្ថន័យ​របស់​ស្ពាន​នាគ​ឥន្ទធនូ​នេះ​ ​វិចិត្រករ​ខ្មែរ​ចង់​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ព្រះពុទ្ធ​អង្គ​បាន​យាងចុះ​ពី​ស្ថានសួគ៌​ត្រៃត្រិង្ស​តាម​ជណ្ដើរ​ដែល​ជា​ ឥន្ទធនូ ។​ ​ស្ពាន​ឥន្ទធនូ​មាន​តួនាទី​ជា​ចម្បង​មួយ​ ​គឺ​ចម្លង​មនុស្ស​ទៅ​កាន់​ទេវស្ថាន​ឬ​ស្ថានសួគ៌​ដែល​ពោរពេញ​ដោយ​សុភមង្គល​ឥត ​ត្រើយត្រាណ ៕​