ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបរិស្ថាន

ភ្នំ​គូលេនគឺ​ជា​ទីកន្លែង​​ផ្ទុក​នូវ​និមិត្ត​រូប​ដ៏​ច្រើន​សម្បើមសំរាប់ប្រជាជនកម្ពុជា !!

12-Feb-2019 11:05 PM

រូបភាព


ដោយ: Uddam

ភ្នំគូលែន៖ភ្នំ​គូលែនឬព្រះមហិន្ទ្រាបវ៌តឬភ្នំ​ជាទីសក្ការៈគឺ​ជា​ទីកន្លែង​​ផ្ទុក​នូវ​និមិត្ត​រូប​ដ៏​ច្រើន​សម្បើម ហើយ​បាន​ធ្វើ​វិភាគ​ទាន​ដ៏​ផ្ទាល់​តាំង​ពី​ដើម​ដល់​ចប់​ ដើម្បី​ជួយ​កសាង​ប្រវត្តិសាស្ត្រ​មហានគរ​ដ៏​ឧត្តម ហើយ​ទី​ភ្នំ​នេះ​ស្ថិត​នៅ​ជា​មហា​កសិណ​ដ៏​រស់​រវើក​សព្វ​ថ្ងៃ​នេះ។

១-ភូមិ​សាស្ត្រ​បង្រួម​នៃ​ភ្នំ​គូលែន៖ភ្នំ​គូលែន​មាន​កំពស់​ប្រមាណ៤៩៥ ម៉ែត្រ។គឺ​ជា​ភ្នំ​មួយ​ដ៏​ធំ​ល្មម​​ប្រកប​ដោយ​សិលា​លាយ​ឡំ​នឹង​ព្រៃ​ស៊ុបទ្រុប​ដែល​ ផុស​​ដុះ​ចេញ​តែ​ឯក​ឯង​ជ្រងោ​នៅ​ក្នុង​កណ្ដាល​លំហរ​វាល​ដី​រាប​ដ៏​ល្វឹង​ ល្វើយ​នៅ​ឯ​ឥសាន​ទិស​នៃ​ប្រទេស​កម្ពុជាបាំង​ខែ​ឈម​មុខ​ទល់​នឹង​ខ្សែ​បន្ទាត់​ដែល​ចាក់​ពី​ភ្នំ​ក្រវាញ​កាត់​តាម​ ទន្លេសាប​ឆ្ពោះ​មក​​កាន់​ភ្នំ​ដងរែក​ ពី​ខាង​ត្បូង​ឈៀង​ខាង​លិច​មក​ខាង​ជើង​ឈៀង​ខាង​កើត។

ខ្យល់​ដែល​ពាំនាំ​ទឹក​ភ្លៀង​មក​ស្រោច​លើ​ភ្នំ​ក្រវាញ​ត្រូវ​ហួត​ហែង​ពេល​មក​ដល់​ផ្ទៃ​ទន្លេសាប តែ​ដោយ​ស្រង់​យក​ចំហាយ​ទឹក​សន្សើម​ដែល​ហួត​ចេញ​ពី​ទន្លសាប ​ខ្យល់​នោះ​ក៏​បង្ហួស​ទៅ​ជម្រុះ​ទឹក​នោះ​នៅ​លើ​ភ្នំ​គូលែន​ដែល​នៅ​ឈរ​សន្ធឹង ​បាំង​ផ្លូវ​របស់​ខ្លួន។

ភ្លៀង​ដែល​ធ្លាក់​នៅ​ទី​នោះ​មក​បំពេញ​ស្ទឹង​សៀមរាប​ដែល​ធំ​ជាង​គេ​នៅ​តំបន់​នោះ ហើយ​ដែល​យក​ប្រភព​ដង្ហើម​រស់​ហូរ​ចេញ​ពី​ខ្ពង់​រាប​នៅ​លើ​ភ្នំ​គូលែន​តែ​ម្ដងចម្លែក​ខុស​ពី​ធម្មតា​ដែល​ទឹក​ស្ទឹង​ហូរ​ចេញ​ពី​ជើង​ភ្នំ។ទី​ដែល​ប្រភព​ដង្ហើម​ទឹក​ស្ទឹង​នោះគេ​ឲ្យ​ឈ្មោះ​ថាខ្ពង់​រាប​ប្រភព​ដង្ហើម​ទឹកដោយ​មក​ពី​សភាព​ពិសេស​នេះ​ដែល​នឹង​មាន​អធិប្បាយ​នៅ​បន្ទាត់​ខាង​ក្រោយ។

ស្ទឹង​នេះ​ឆ្លង​កាត់​តំបន់​អង្គរ មុន​នឹង​បន្ត​ទៅ​ទម្លាក់​ខ្លួន​រំលាយ​ជាមួយ​នឹង​ទន្លេសាប ដែល​ប្ដូរ​ទឹក​ជារៀង​រាល់​ឆ្នាំ​ដោយ​សារ​ទឹក​ទន្លេ​មេគង្គ​ផ្ដល់​មក​ឲ្យដែល​​ទន្លេមេគង្គ​នេះ​យក​ប្រភព​ពី​ភ្នំ​ហិមវីត​ដ៏​សែន​ឆ្ងាយ​នៃ​តំបន់​​ទីបេ។

ក្រោយ​ពី​បាន​រំលាយ​ខ្លួន​ជាមួយ​ទន្លេសាប​ហើយស្ទឹង​សៀមរាប​ដែល​ក្លាយ​ជា​ទន្លេសាប​ក៏​ហូរ​បន្ដ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ឈូង​សមុទ្រ ​ដោយ​ឆ្លង​កាត់​ផ្ទៃ​រាប​នៃ​មជ្ឈឹម និង​ទក្សិណ​ប្រទេសព្រម​ទាំង​ជម្រុះ​ចោល​តាម​ផ្លូវ​នូវ​ជីវជាតិ​ដែល​ពាំនាំ​យក​ទៅ​ជាមួយ​ ផង។(សូមអានអត្ថបទតនៅថ្ងៃស្អែក៖ ២. ភ្នំ​គូលែន​ជា​ប្រភព​ពី​ព្រេងនាយ​នៃ​ជាតិ​ខ្មែរ)

វីដេអូដោយ៖ Yet Chan

អត្ថបទ៖ឈូកខ្មែរ