ចំណេះដឹងទូទៅ
រូបភាព
1. ជំនួយភ្នែក៖ នៅក្នុងស្លឹកបាស មានវីតាមីន A ចំនួនច្រើនគួរសម ដែលយើងងាយស្រួលរកបាន ហើយក្រៅពីវីតាមីន A ហើយនោះ បេតាខេរ៉ូទីន (Beta Carotene) ដែលមាននៅក្នុងស្លឹកបាស គឺជាសារធាតុរ៉ាឌីកាល់សេរីដែលអាចបំលែងខ្លួនឱ្យទៅជាវីតាមីន A បានថែមទៀតផង។ ដូច្នេះ ស្លឹកបាស ជាបន្លែដែលជួយដល់ភ្នែកមួយប្រភេទ ដែលអ្នកងាយរកទទួលទាន។
2. បង្កើនប្រព័ន្ធភាពស៊ាំ៖ ដូចបានដឹងថា ស្លឹកបាសមានវីតាមីន A និង បេតាខេរ៉ូទីន ដែលជាសារធាតុបង្កបង្កើតវីតាមីន A កម្រិតខ្ពស់នៅក្នុងរាងកាយ។ ដោយឡែក វាក៏បានជួយបង្កើនប្រព័ន្ធភាពស៊ាំបន្ថែមឱ្យអ្នក ធ្វើឱ្យអ្នកមិនងាយឈឺថ្កាត់ផ្តេសផ្ដាស។ ជាពិសេស អាចការពារជំងឺគ្រុនផ្ដាសាយ ទើបប្រសិនបើរាងកាយរបស់អ្នកខ្វះខាតវីតាមីន A នោះនឹងមានឱកាសឈឺ ឬគ្រុនបានដោយងាយបំផុត។
3. ស្លឹកបាសព្យាបាលទឹកនោមផ្អែម៖ បើតាមអ្នកជំនាញខាងសុខភាព និងមហាវិទ្យាល័យស្រាវជ្រាវសុខាភិបាលពិភពលោក បានអះអាងថា នៅក្នុងស្លឹកបាសមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ដូចជា Flavonoid ច្រើនគួរសម អាចជួយព្យាបាល និងការពារជំងឺផ្សេងៗបាន ទាំងជំងឺទឹកនោមផ្អែមផងដែរ។ ក្រៅពីបានធ្វើការស្រាវជ្រាវរកឃើញថា ស្លឹកបាស មានចំណែកជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម ហើយនៅក្នុងស្លឹកបាសមានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីជាច្រើនទៀត ដែលជួយការពារការកកើតជំងឺមហារីកផងដែរ។
4. ជួយថែរក្សាសុខភាពឆ្អឹង៖ ការរួមផ្សំនៃជាតិកាល់ស្យូម និងជាតិដែក ដែលត្រូវបានរកឃើញនៅក្នុងស្លឹកបាស ជាហេតុផលដែលអាចជួយដល់សុខភាពឆ្អឹងរបស់អ្នកយ៉ាងល្អ។ លើសពីនេះទៅទៀតស្លឹកបាសក៏ត្រូវបានគេណែនាំដល់ស្ត្រីមានផ្ទៃពោះឱ្យទទួលទានផងដែរ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការលូតលាស់របស់គភ៌ និងទារកក្នុងផ្ទៃ។ ចំពោះអ្នកដែលមានអាការចាញ់ទឹកដោះគោ ឬពិសាទឹកដោះគោហើយបណ្ដាលឱ្យរាក អ្នកអាចងាកមកទទួលទានស្លឹកបាសជំនួសវិញ។
5. ព្យាបាលអាការរមាស់ដោយសារសត្វល្អិតខាំ៖ ស្លឹកបាស មានធាតុត្រជាក់ ជួយបន្សាពិសក្ដៅចេញពីសត្វល្អិតបានក្នុងមួយកម្រិត ដោយអ្នកធ្វើការលាងសាច់របួសដោយទឹកស្អាតឱ្យបានស្អាត រួចយកស្លឹកបាសចាស់ មកទំពាឱ្យល្អិត ហើយញីពីលើស្នាមរបួសដែលសត្វល្អិតខាំ។ បន្ទាប់មក បិទកម្ទេចស្លឹកបាសដែលបានទំពាឱ្យល្អិតមួយសន្ទុះ នោះអាការរមាស់នឹងមានភាពសះស្បើយប្រសើរឡើងវិញ។
6. បង្កើនប្រសិទ្ធភាពប្រព័ន្ធរំលាយអាហារ៖ ស្លឹកបាសក៏ជាប្រភពនៃវីតាមីន B1 ឬជាតិ Thiamine ដែលមានតួនាទីក្នុងការស្រូបយកសារធាតុចិញ្ចឹម និងបង្កើនថាមពលជំនួសឱ្យកោសិកាខ្លាញ់ដែលរាងកាយមិនត្រូវការផងដែរ។ លើសពីនេះទៅទៀត ស្លឹកបាសក៏ជួយចែកចាយអុកស៊ីហែ្ស៊ន និងសារធាតុចិញ្ចឹមដល់រាងកាយបានល្អប្រសើរទៀតផង។ មិនតែប៉ុណ្ណោះ ស្លឹកបាស មានអង់ស៊ីម អាម៉ាយលែសជាច្រើន ដែលជួយជំរុញដល់ការរំលាយអាហារ ដែលការពាររាល់ជំងឺតឹងពោះ ចុកសៀតណែន និងល្អសម្រាប់អ្នកនិយមបរិភោគអាហារម្សៅ។
7. ជួយការពារភាពធាត់ហួសកំណត់៖ អ្នកត្រូវដឹងថា ការធាត់ហួសកំណត់មិនមែនបណ្តាលមកពីការទទួលទានច្រើនពេកទាំងស្រុងនោះទេ វាអាចបណ្តាលមកពីការរំលាយអាហារមិនបានល្អ ឬកត្តាផ្សេងៗមួយចំនួនទៀត។ ហេតុនេះស្លឹកបាសអាចជួយអ្នកក្នុងការការពារបញ្ហាធាត់ហួសកំណត់តាមរយៈការជំរុញល្បឿនរំលាយអាហារ។
សម្រួលអត្ថបទ៖ កូនផ្កាម្លិះ