ព័ត៌មាន
រូបភាព
១.ការប្រឡាក់អំបិល
-ចាក់ត្រីចូលក្នុងអាង ឬធុង (អាង និងធុងត្រូវស្អាត)
-ប្រឡាក់អំបិលត្រីក្នុងអត្រាពី ៣០-៤០ ភាគរយ
-លាយឱ្យសព្វល្អ និងគ្រប់គ្រាន់ដោយត្រូវប្រុងប្រយ័ត្ន
-ប្រសិនបើប្រឡាក់អំបិលមិនគ្រប់គ្រាន់ទេ វានឹងធ្វើឱ្យទឹកត្រីខូចគុណភាព និងធុំក្លិនស្អុយ ។
២.ការផ្អាប់
-ក្រោយពីប្រឡាក់អំបិលរួច ត្រូវបានដាក់ចូលក្នុងនៅបាតអាង ឬធុងផ្អាប់ ដែលមានក្រាលអំបិលបន្ថែមនៅបាតក្រោម និងនៅផ្នែកខាងលើប្រហែលកម្រាស់ ១០ ស.ម ថែមទៀតដែរ ដើម្បីការពាររុយពងដាក់
-គ្របបន្ទះកន្ទេលពីលើ រួចហើយត្រូវយកឈើ ឬឫស្សីខ្ទាស់ពីលើឱ្យជាប់ ដើម្បីសង្កត់ត្រីធ្វើឱ្យត្រីហាប់ និងជៀសវាងកុំឱ្យត្រីអណ្តែតនៅពេលកំពុងផ្អាប់ម្យ៉ាងទៀតជៀសវាងកុំឱ្យទឹកឈាមចេញពីត្រីហូរចេញមកក្រៅ
– ផ្អាប់រយៈ ០១ ឆ្នាំ ទើបធ្វើចលនាបង្ហូរ ឬសម្រក់វា ។
៣.ការបង្ហូរទឹកត្រីដំបូង ហៅថាទឹកឈាម
-បើកបង្ហូរទឹកត្រីដំបូង ឱ្យហូរចូលទៅក្នុងកូនអាង ឬធុងស្តុក
-យកវាទៅដាក់ក្នុងអាង ឬធុងផ្អាប់ដើមវិញ
-ធ្វើរបៀបនេះដដែលៗ រយៈពេល ៤ ទៅ៥ខែដោយត្រូវឧស្សាហ៍ដួសយកខ្លាញ់ដែលអណ្តែតលើមាត់អាងចេញ
-រៀងរាល់រយៈពេល ០២ ខែម្តង លាងសំអាតកន្ទេល និងឈើខ្ទាស់ឱ្យបានស្អាត
ពេលបង្ហូរចេញចូលទឹកត្រីដំបូង ត្រួតត្រួតពិនិត្យកំហាប់អំបិលដោយប្រើវិធីដូចតទៅ:
-ប្រសិនបើកំហាប់អំបិលទាបទឹកឈាមមានក្លិនឆ្អាប និងមានទឹកពណ៌លឿង សាច់ត្រីហើម ហើយធ្វើឱ្យដង្កូវលេចចេញឡើង បើឃើញដូចនេះត្រូវបន្ថែមអំបិល
-ពេលដែលកំហាប់អំបិលល្អទឹកឈាមមានលក្ខណៈក្រហមថ្លា ហើយសាច់ត្រីនៅរឹង ហើយមិនបែកបាក់ទេ ។
៤.ការប្រមូលទឹកត្រី និងការរក្សាក្រោមកំដៅថ្ងៃ
-ទឹកត្រីលើកទី១ ជាទឹកត្រីដែលមានគុណភាពខ្ពស់ចាត់ទុកជាមេទឹកត្រី ដែលជាទូទៅគេមិនលក់ទេ គេប្រើវាសម្រាប់លាយជាមួយទឹកត្រី ដែលទទួលបានពីការប្រមូលនៅលើកទី២
-ពេលលាយហើយ គេនឹងបានទឹកត្រីប្រភេទលេខ១។ ចំពោះទឹកត្រីដែលបានទទួលមកពីការប្រមូលលើកទី៣ គេប្រើសម្រាប់ផលិត ទឹកត្រីលេខ២ និងលេខបន្តបន្ទាប់ទៀតតាមការចង់បាន ។ គេប្រើប្រាស់វាដើម្បីធ្វើជាទឹកត្រីលេខ១
បន្ទាប់ពីបានបង្ហូរទឹកឈាមអស់ហើយ គេក៏ត្រឡប់កាកត្រីដែលនៅសល់
-លាយអំបិលជាមួយទឹក ៣០ ភាគរយ បន្ថែម
-បង្ហូរត្រលប់ចុះឡើង ដោយយកទឹកអំបិលចាក់បន្ថែម ដើម្បីប្រមូលយកទឹកត្រីដែលនៅសល់ ដែលជាទូទៅប្រើពេលធ្វើចាប់ពី ១០ ថ្ងៃ រហូតដល់ ១ ខែ
-ធ្វើរបៀបនេះរហូតដល់ទៅ ៥ លើក រហូតទាល់តែទឹកត្រី ដែលហូរចេញមកនោះថ្លា និងមានតែជាតិអំបិល
-ទឹកត្រី ដែលប្រមូលបានត្រូវដាក់ក្នុងពាង ឬធុងរួចយកទៅហាលថ្ងៃ ដើម្បីឱ្យមានក្លិនឈ្ងុយ និងមានរសជាតិ
-យកវាទៅហាលថ្ងៃ ដើម្បីឱ្យមានក្លិនឈ្ងុយ និងមានរសជាតិ ដែលអាចប្រព្រឹត្តទៅអស់រយៈពេលពី ០១ ទៅ ០២ ខែ ។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។