ចំណេះដឹងទូទៅ
រូបភាព
“ពេទ្យលោកសង្ឃ” ជាឈ្មោះដែលមនុស្សទូទៅស្គាល់ច្បាស់ជាងគេមកដល់បច្ចុប្បន្ន។ មន្ទីរពេទ្យនេះ មានប្រវត្តិវែងឆ្ងាយ និងបានប្តូរឈ្មោះច្រើនសារអាស្រ័យតាមរបបនិងសម័យកាល។ សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៥៦ ហៅថា “មន្ទីរសង្ឃពេទ្យកុសុមៈ”។ ក្នុងរវាងឆ្នាំ១៩៦០ មន្ទីរពេទ្យនេះក៏ធ្លាប់ហៅឈ្មោះមួយទៀតថា “គិលានុបដ្ឋានព្រះមហាក្សត្រិយានី” ដែរ។ ប៉ុន្តែឆ្លងដល់របបសាធារណរដ្ឋខ្មែរ គេបានប្តូរឈ្មោះនិងហៅខ្លីត្រឹម “ពេទ្យលោកសង្ឃ”។ លុះផុតសម័យសង្គ្រាម មន្ទីរពេទ្យនេះបានបើកដំណើរការឡើងវិញដោយប្តូរឈ្មោះថ្មីថា “មន្ទីរពេទ្យ ១៧ មេសា”។
ឈ្មោះថ្មីនេះ បានប្រើរហូតដល់ត្រឹមរវាងឆ្នាំ១៩៩០។ ចូលដល់សម័យព្រះរាជាណាចក្រទី២ មន្ទីរពេទ្យ១៧ មេសា ក៏បានប្តូរឈ្មោះជាផ្លូវការម្តងទៀតទៅជា “មន្ទីរពេទ្យព្រះកុសុមៈ” រហូតមក។ ឈ្មោះនេះ ហាក់បានហៅត្រឡប់ទៅភ្ជាប់នឹងឈ្មោះដើមក្នុងទសវត្ស៦០ ពោលគឺភ្ជាប់នឹងព្រះនាមរបស់ព្រះករុណាព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសុមៈនារីរ័ត្ន សិរីវឌ្ឍនា ជាព្រះមាតារបស់ព្រះករុណាព្រះបាទបរមរតនកោដ្ឋ នរោត្តម សីហនុ។ ប៉ុន្តែយ៉ាងណាក៏ដោយ មនុស្សទូទៅនៅតែហៅឈ្មោះមន្ទីរពេទ្យនេះថា “ពេទ្យលោកសង្ឃ” ដដែល។
ដើមឡើយត្រង់ភូមិសាស្រ្តមន្ទីរពេទ្យលោកសង្ឃគេហៅថាភូមិបាក់ទូក ដែលនៅផ្នែកខាងជើងមានស្ពានមួយឈ្មោះ “ស្ពានយមរាជ” ហើយមន្ទីរពេទ្យនេះសោត កសាងដោយមានច្រកទ្វារចេញចូលនៅទិសខាងជើង ចូលចំមុខអគារធំតែម្តង។ បច្ចុប្បន្ន ច្រកទ្វារបុរាណនោះត្រូវប្រជាពលរដ្ឋរស់នៅបិទជិតមិនអាចប្រើប្រាស់ឡើងវិញបានដូចដើមឡើយ។ ចំណែកផ្នែកខាងកើត គេបានសង់កូនព្រះវិហារតូចមួយសម្រាប់ជាទីសក្ការតាមបែបព្រះពុទ្ធសាសនា។ វិហារនេះ ពុំមានព្រះសង្ឃគង់នៅប្រើប្រាស់អចន្រ្តៃយ៍ដូចវិហារធម្មតាទេ តែរាល់ថ្ងៃឧបោសថ និងថ្ងៃបុណ្យទានផ្សេងៗតែងមានព្រះសង្ឃនិមន្តពីវត្តជុំវិញមកធ្វើកិច្ចវត្តជាធម្មតា សម្រាប់បរិស័ទជុំវិញមន្ទីរពេទ្យ។ ចំពោះគំនិតសង់ព្រះវិហារនេះ ប្រហែលដើម្បីជាទីសម្រាប់ធ្វើកិច្ចវត្តរបស់ព្រះសង្ឃដែលនិមិន្តមកគង់ព្យាបាល។
បើត្រឡប់មើលប្រវត្តិគំនិតនៃការសាងសង់មន្ទីរពេទ្យលោកសង្ឃ គេដឹងថានៅចុងឆ្នាំ១៩៤៩ ក្នុងប្រទេសកម្ពុជាមាន “សមាគមគិលានសង្រ្គោះចំពោះព្រះសង្ឃពុទ្ធសាសនិក” មួយបានកើតឡើង និងដឹកនាំដោយឯកឧត្តម ឃួន ណៃ ដែលមាននាទីយកចិត្តទុកដាក់លើបញ្ហាសុខទុក្ខរបស់ព្រះសង្ឃជាទូទៅ។ លុះដល់ឆ្នាំ១៩៥៣ សមាគមគិលានសង្រ្គោះបានស្នើរាជរដ្ឋាភិបាលបង្កើតមន្ទីរពេទ្យមួយត្រឹមត្រូវ សម្រាប់ព្យាបាលព្រះសង្ឃឱ្យនៅដោយឡែកពីគ្រហស្ថ។ ហេតុដែលគួរតែមានមន្ទីរពេទ្យសម្រាប់ព្រះសង្ឃដូច្នេះ ឯកឧត្តម ឃួន ណៃ បានថ្លែងក្នុងថ្ងៃសម្ពោធថា ក្នុងសម័យពុទ្ធកាល ព្រះបាទពិម្ពិសារបានកសាងគិលានសាលាសម្រាប់ព្រះសង្ឃដែលមានអាពាធ ដែលមានគ្រូពេទ្យធំម្នាក់ឈ្មោះកោមារភត្យ ឬហៅថា “កុមារពេទ្យ” ជាអ្នកទទួលខុសត្រូវ។
លុះដល់សម័យព្រះបាទធម្មាសោករាជ ឬព្រះបាទអសោក ទ្រង់ក៏បានសង់អារោគ្យសាលាដោយឡែកសម្រាប់ព្រះសង្ឃចូលព្យាបាលរោគបានត្រឹមត្រូវតាមវិន័យដែរ។ មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់មកដល់ប្រវត្តិសាស្រ្តកម្ពុជាថា ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ក៏បានសង់អារោគ្យសាលាដោយឡែកសម្រាប់ព្រះសង្ឃដូចក្នុងសម័យព្រះបាទធម្មាសោក។ដោយយោងគំនិតដូចរៀបរាប់ខាងលើ ទើបឯកឧត្តមប្រធានសមាគមស្នើសុំរាជរដ្ឋាភិបាលសង់មន្ទីរពេទ្យលោកសង្ឃ ឬមន្ទីរសង្ឃពេទ្យឡើង ដោយមានលោកវិស្វករឈ្មោះ “ជី” មេការឈ្មោះ “ផ្កា” ជាអ្នកទទួលខុសត្រូវសាងសង់។ តាមរបាយការណ៍ មន្ទីរពេទ្យនេះចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៥៣ និងរួចរាល់ជាស្ថាពរសម្ពោធនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៥៦។ អគារនៃមន្ទីរពេទ្យនេះមានបណ្តោយ៨២ម៉ែត្រ ទទឹងកន្លែងធំ២០ម៉ែត្រ កន្លែងតូច១០ម៉ែត្រ កម្ពស់១៦,៨០ម៉ែត្រ មាន៣០បន្ទប់ ចំណុះបាន១៥០គ្រែ និងមាន ជាន់ខាងក្រោមជាឃ្លាំង ការិយាល័យរដ្ឋបាល ការិយាល័យក្រុមបច្ចេកទេស និងសាលពិគ្រោះ។
ចំណែកជាន់លើបំផុតគេរចនាជាលានគ្មានដំបូល និងដាំដើមផ្កាផ្សេងៗលម្អសម្រាប់លម្ហែ។ ឯផ្នែកខាងក្រោយនៃអគារនេះមានឃ្លាំងឱសថមួយប្រក់ស័ង្កីលម្អដោយជហ្វាដូចសាលាឆាន់។ បច្ចុប្បន្ន ទម្រង់អគារ មុខងារ និងរចនាសម្ពន្ធជាច្រើននៃអតីតមន្ទីរពេទ្យសម្រាប់តែព្រះសង្ឃនេះ បានផ្លាស់ប្តូរស្ទើរតែទាំងស្រុង ដោយមានការសង់អគារតូចធំជាច្រើន ហើយប្រែជាមន្ទីរពេទ្យសារធារណៈរបស់រដ្ឋ ដែលទទួលឱ្យប្រជាពលរដ្ឋទូទៅចូលសម្រាកនិងព្យាបាលដូចមន្ទីរពេទ្យដទៃដែរ ហើយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មន្ទីរពេទ្យនេះ ក៏បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មីមួយលើគ្រឹះអគារចាស់ផ្នែកខាងជើង ក្រោមជំនួយរដ្ឋាភិបាលចិន ដោយដាក់ឈ្មោះថ្មីនៃគម្រោងនេះថា “មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ”៕
ប្រភព៖kamvu:កម្វុ