ព័ត៌មាន
រូបភាព
ប្រាសាទព្រះធាតុទឹកឆា សាងសង់ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ (គ.ស.១០២៥) ប្រាសាទព្រះធាតុទឹកឆា មានទីតាំងស្ថិតនៅចន្លោះភូមិពីរជាប់គ្នា គឺភូមិថ្មដាឃុំបឹងណាយនិងភូមិថ្មីឃុំក្រូចស្រុកព្រៃឈរមានចម្ងាយ៣៩គ.ម ពីទីរួមខេត្តកំពង់ចាម ចូលពីផ្លូវជាតិ១៣គ.មត្រង់ភូមិក្រូច ត្រូវបែក ចេញពីផ្លូវខេត្តបត់ទៅស្តាំតាមផ្លូវសសៀរបណ្តោយប្រឡាយទឹក៥គ.ម.ទៀត ទើបដល់ប្រាសាទព្រះធាតុទឹកឆានេះ។
ប្រាសាទព្រះធាតុឬវត្តព្រះធាតុបើតាមឈ្មោះបុរាណនៃប្រាសាទដែលហៅថា«គុកព្រះធាតុឬវត្តព្រះធាតុ»នៅត្រង់កន្លែងទឹកឆានេះ។ពាក្យ«ទឹកឆា»នេះទៀត ក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីដែរគឺមានតាំងពីយូរណាស់ហើយ ទើបបានជាមានជាប់ហៅនៅក្នុងសៀវភៅ«សិលាចារឹកនៅប្រទេសកម្ពុជា» របស់លោក ហ្ស-សឺដែស (Inscription du Cambodge par G. Cœdès) សរសេរកំណត់ឈ្មោះកន្លែងនេះថា«វត្តព្រះធាតុនៅទឹកឆា»(Vat Parh That de Tuk-C’a)។
ដើម្បីនឹងយកជាសំអាង យើងតោងតែងនិយាយតាមសិលាចារឹកមួយ ដែលអ្នកស្រាវជ្រាវបានរកឃើញ ហើយនាំមកតម្កល់ទុកនៅសារមន្ទីរជាតិ នាក្រុងភ្នំពេញសព្វថ្ងៃ។សិលាចារឹកនេះ នៅមានរូបរាងល្អស្អាត អក្សរនៅច្បាស់ជាបន្ទះក្រាស់កម្ពស់១ ម៉ែត្រ(មិនគិតជើងតម្កល់)ទទឹងមុខ ០.៥០ម៉ែត្រកំពូលលើ មានឆ្លាក់ជារូប ព្រះគណេស។អក្សរចារឹកមានទាំងសងខាងគឺម្ខាងមាន២៣បន្ទាត់ ជាភាសាសំស្ក្រឹត និងម្ខាងទៀតមាន ១៦ បន្ទាត់ ជាភាសាខ្មែរ ។
សេចក្ដីក្នុងសិលាចារឹកនេះហើយ ជាទ្វារបើកចំហរ ឲ្យយើងមើលផ្លូវឃើញនូវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ នៃទីកន្លែងនេះ ។សិលាចារឹកឲ្យការណ៍ថា ទីកន្លែងនេះកសាងឡើងតាំងពីមហាសករាជ ៩៤៧ ស័ក (គ.ស. ១០២៥) ក្នុងរជ្ជកាល ព្រះបាទសូរ្យរម៌្មទី ១ ។ កាលនោះព្រះរាជា ទ្រង់ទទួលប្រោសព្រះរាជទានតាមសេចក្ដីក្រាបបង្គំទូលស្នើរអំពី អ្នកប្រាជ្ញម្នាក់ឈ្មោះ «ជង្ឃាល» ហើយដែលមានសន្មតនាមមួយទៀតថា លក្ស្មិន្ទ្របណ្ឌិត ។ លោក ជង្ឃាល បានរកឃើញទីដីមួយកន្លែងក្នុងតំបន់មួយហៅថា សិទ្ធិបុរ (ត្រង់កន្លែងទឹកឆាសព្វថ្ងៃ) មានទំនងស្រឡះល្អ ក៏ទូលស្នើចំពោះព្រះរាជាសុំទីនេះធ្វើជាអារាមសម្រាប់ធ្វើសក្ការបូជាចំពោះសាសនាព្រាហ្មណ៍ ដោយថ្វាយទាំងសេចក្ដីព្រាងសព្វគ្រប់ សម្រាប់រៀបចំកន្លែងនេះទុកជាស្នាដៃដ៏សំខាន់ផង ។
គ្រានោះ ព្រះបាទសូរ្យរម៌្មទី ១ ព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាត តាមសេចក្ដីសុំព្រមទាំងប្រទាននូវទ្រព្យសម្បត្តិជាច្រើនទៀត ដើម្បីជាមធ្យោបាយក្នុងការកសាងនេះផង ។ បណ្ឌិតជង្ឃាល ឬ លក្ស្មិន្ទ្របណ្ឌិត ចាប់ធ្វើកិច្ចការស្ថាបនានេះឡើង តាមកម្លាំងព្រះរាជទ្រព្យ និងតាមប្រាជ្ញារបស់លោកក្នុងការបញ្ចុះបញ្ចូលរកជំនួយអំពីអ្នកស្រុក លុះត្រាតែបានហើយស្រេចសព្វគ្រប់តាមគម្រោងដែលដាក់ថ្វាយព្រះរាជាទ្រង់ទត ។នៅក្នុងប្រាសាទធំ មានតម្កល់សិវលិង្គមួយនៅកណ្ដាលសន្មតនាមលិង្គនោះថា «ស្រីភទ្រេស្វរៈ» និងទេវរូបពីរអមសងខាង មួយមាននាមថា «បរមេស្វរៈ» មួយទៀតថា«សរស្វតិ» ។
ចំពីមុខ ទិសខាងកើត មានគុហាមួយទៀតជាទេវស្ថានមានទំហំតូច ដែលសព្វថ្ងៃយើងឃើញបាក់ធ្លាក់ថ្មគរជាគំនរកប់ក្នុងព្រៃក្បែរប្រឡាយទឹកជ្រោះ មានតែស៊ុមទ្វារមួយនៅសល់គ្រាន់ជាការបង្ហាញហេតុ តែប៉ុណ្ណោះ ។ ស្ថាបត្យករបានចាត់ការជីកស្រះមួយយ៉ាងធំទូលាយ នៅចំហៀងខាងស្ដាំនៃប្រាសាទឲ្យឈ្មោះថា «លក្ស្មិន្ទ្រដាក» ហើយប្រតិស្ថានលិង្គមាសមួយ តម្កល់នៅកណ្ដាលស្រះផង ។ ព័ទ្ធជុំវិញនៃទីបរិវេណនេះមានការរៀបចំបានជាស្រុកភូមិមួយ យ៉ាងស្ដុកស្ដម្ភ ដោយប្រជុំអ្នកស្រុកជិតខាងឲ្យមករស់នៅជួបជុំកុះករគ្នាឡើងក្នុងសម័យនោះ ។ ដូច្នេះ បរិយាកាសក្រុងថ្មីនេះឯង ក៏បានជាសភាពអ៊ូអរឡើង ។
ក្រោយដែលរៀបចំរួចស្រេច លក្ស្មិន្ទ្របណ្ឌិត បាននាំព័ត៌មានចូលក្រាបបង្គំទូល ព្រះបាទសូរ្យរម៌្មទី ១, ព្រះអង្គក៏ទ្រង់ស្ដេចយាងប្រារព្ធពិធីសម្ពោធទីកន្លែងនេះយ៉ាងមហោឡារិក នៅក្នុងឆ្នាំ ៩៤៧ ស័ក (គ. ស. ១០២៥) ដែលយើងចង្អុលម្ដងមកហើយពីខាងលើ ។ ក្នុងព្រះរាជពិធីសម្ពោធនេះ ព្រះរាជាទ្រង់ប្រោសប្រទាននូវធនធានជា ប្រដាប់ប្រើប្រាស់, ពួកពលព្រះ ២៩ នាក់, ដីស្រែនៅជុំវិញប្រាសាទ និងស្រះទឹកនេះទាំងអស់ ព្រមទាំងទីលានធំៗ សម្រាប់ប្រកបពិធី ឬជាគ្រឿងលំអ, ទុកជាទ្រព្យផ្ទាល់នៃគុហានេះផង ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានប្រោសព្រះរាជទាននាមទីកន្លែងនេះថា «លក្ស្មិន្ទ្របថ» ដោយនិយមតាមនាមបណ្ឌិតអ្នកកសាង។ សេចក្ដីហូរហែដូចអធិប្បាយមកនេះហើយ ជាប្រវត្តិដើមនៃប្រាសាទ និងទីកន្លែងទឹកឆា៕
ប្រភព៖កំណត់ត្រាប្រវត្តិសាស្ត្រខ្មែរ