បរិស្ថាន
រមណីយដ្ឋានកសិទេសចរណ៍ ជ្រលងភ្នំក្រហម រាយមន្តស្នេហ៍ស្វាគមន៍ភ្ញៀវទាំងជិតទាំងឆ្ងាយ
រូបភាព
ការបោះតង់នារដូវកាលសម្បូរភ្ញៀវច្រើនមានបណ្តុំទេសភាពល្អៗច្រើនចន្លោះខែតុលា ដល់ខែធ្នូ នៃជ្រលងភ្នំក្រហម។ Red Valley
ទេសភាពជ្រលងក្រហម |
ខេត្តកំពតៈ ដោយសារមានអំណោយផលល្អពីធម្មជាតិរួចស្រេចទៅហើយនៃបណ្តុំទេសភាពតំបន់ភ្នំ លាតសន្ធឹងនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយប្រមាណ ៣០ ហិកតា នោះ រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហម ដែលមានទេសភាពធម្មជាតិពិតៗ និងមានទីលម្ហែកាយច្រើនកន្លែងបែបទីជនបទ ចាប់ផ្តើមទទួលស្វាគមន៍ភ្ញៀវទេសចរទាំងទីជិតឆ្ងាយជិត២ឆ្នាំមកហើយ។
ទេសភាពជ្រលងក្រហម |
រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហម មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងក្តារ ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត និងនៅចំតំបន់មុំ៣នៃព្រំប្រទល់ស្រុកចំនួន ៣ គឺស្រុកកំពង់ត្រាច ស្រុកដងទង់របស់ខេត្តកំពត និងស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានចម្ងាយប្រមាណជាង ១០ គីឡូម៉ែត្រ ចេញពីរង្វង់មូលព្រះនារាយណ៍ដៃ ៨ មក គឺចូលតាមច្រកផ្លូវក្រួសក្រហមនៃផ្លូវភ្នំវល្លិ៍។
ទេសភាពជ្រលងក្រហម |
លោក ម៉េង ឡុង ប្រធានគ្រប់គ្រងទីផ្សារនៃរមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហម បានបង្ហើបឲ្យដឹងពីការកកើត និងសេវាកម្មនានាថា៖ «ទីនេះមានទីតាំងល្អដោយលាតសន្ធឹងនៅលើវិសាលភាពនៃផ្ទៃដីប្រមាណ ៣០ ហិកតា ឯណោះ ដែលម្ចាស់រីសត បានរៀបចំជាគម្រោងបង្កើតឡើងដើម្បីឲ្យក្លាយជាទីរមណីយដ្ឋាន និងលម្ហែកាយ បែបប្រភេទជាកសិទេសចរណ៍តែម្តង។
ទេសភាពជ្រលងក្រហម |
ចាប់តាំងពីបើកដំណើរការបណ្តើរៗមកនោះ មកដល់ខែសីហា នេះ គឺមានរយៈពេល ជាង១ឆ្នាំហើយ គឺយើងបានចាប់ផ្តើមបើកទទួលភ្ញៀវតាំងពីដើមឆ្នាំ ២០១៨ មក។ បើតាមគម្រោងការទៅថ្ងៃមុខនោះគឺយើងមានផែនការបង្កើតទីកន្លែងកម្សាន្តជាច្រើន តែពេលនេះយើងទើបតែមានសេវាកម្មខ្លះៗ ដូចជាទីកន្លែងបោះជំរំ ជិះកង់ឡើងភ្នំ ថ្មើរជើងឡើងភ្នំ ជិះទូកលេងកម្សាន្ត និងស្ទូចត្រី ការទស្សនាចម្ការម្រេច ចម្ការស្វាយ ចម្ការតាង៉ែន ចម្ការបន្លែ ផ្លែឈើ និងសួនផ្កាធម្មជាតិ ទស្សនាកសិដ្ឋានចិញ្ចឹមមាន់ទា និងគោ ការជិះត្រាក់ទ័រមានសណ្តោងរ៉ឺម៉ក (Trailer) កន្លែងមើលទេសភាពថ្ងៃលិច និងថ្ងៃរះ និងមានសកម្មភាពកម្សាន្តផ្សេងៗទៀតផងដែរ»។
ទេសភាពជ្រលងក្រហម |
ប្រធានគ្រប់គ្រងទីផ្សាររូបនេះបន្តថា៖ «សម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ មានលក្ខណៈចុះឬឡើងទៅតាមរដូវកាល។ ចាប់ពីចន្លោះខែតុលា ដល់ខែ ធ្នូ ជារដូវកាលសម្បូរភ្ញៀវច្រើន ខណៈចាប់ពីខែមករា ដល់កញ្ញា (រដូវវស្សា) ជារដូវកាលរាងខ្សត់ភ្ញៀវបន្តិច។
ទេសភាពជ្រលងក្រហម |
នារដូវកាលសម្បូរភ្ញៀវ បងប្អូនទេសចរនិយមសកម្មភាពបោះតង់ដោយការបោះតង់យើងក៏មានសេវាកម្មជួលតង់ផងដែរ ដូចជាតង់តូចអាចគេងបាន២នាក់តម្លៃ ១២ ដុល្លារ គេង ៤ នាក់តម្លៃ ១៥ ដុល្លារ និងគេងបាន ១០ នាក់ តម្លៃ ៥០ ដុល្លារក្នុងរយៈពេល ១ យប់ និងក្រៅពីនោះយើងក៏មានសេវាកម្មស្នាក់នៅដូចជាប្រភេទហូមស្តេ (Home-stay) គេង ១ យប់ តម្លៃ២០ដុល្លារ និងផ្ទះបង់ហ្គាឡូ (Bungalow) ១ យប់តម្លៃ ៥០ ដុល្លារ។
ទេសភាពជ្រលងក្រហម |
ចំណែកសេវាកម្មសម្រាប់ការចូលទស្សនាទីកម្សាន្តនានានៅតំបន់រមណីយដ្ឋានកសិទេសចរណ៍ជ្រលងភ្នំក្រហមវិញ សម្រាប់ទេសចរខ្មែរតម្រូវឲ្យបង់ប្រាក់ម្នាក់តម្លៃ ២ពាន់រៀល ខណៈទេសចរបរទេស ម្នាក់បង់ប្រាក់ ១ ដុល្លារ ហើយម៉ោងបើកឲ្យចូលទស្សនាវិញចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ ល្ងាច។
ទេសភាពជ្រលងក្រហម |
ចំណែកឯម្ហូបអាហារវិញភ្ញៀវអាចធ្វើការកុម្ម៉ង់បានទៅតាមចំណូលចិត្ត និងអាចសាកសួរតម្លៃបានសម្រាប់មុខម្ហូបនានា៕
ទេសភាពជ្រលងក្រហម |
ទេសភាពជ្រលងក្រហម |
postkhmer