ចំណេះដឹងទូទៅ
រូបភាព
ខ្ជាយជាដំណាំមើម ដែលគេត្រូវការវា ជំនួយក្នុងគ្រឿងផ្សំ សម្រាប់មុខម្ហូបមួយចំនួន។ ខ្ជាយមានការជួញដូរ និងដាំដុះច្រើន នៅតំបន់ជាប់មាត់ទន្លេ ជាតំបន់មានដីល្បប់ល្អ។
ការរៀបចំដីដាំ ៖
ដំណាំខ្ជាយ ត្រូវដាំក្រោយពេលស្ទូងរួច ហើយវាក៏ជាប្រភេទដំណាំងាយដាំ ងាយថែទាំ ហើយរហ័សប្រមូលផល។ មុនដាំខ្ជាយ ត្រូវរើសរកកន្លែងដីស្ងួត កុំឲ្យដក់ទឹកឬជាំទឹក ត្រូវលើកជារងសម្រាប់ដាំ។ ដីត្រូវភ្ជួរ ឬកាប់ដី ឲ្យបានជម្រៅ ចាប់ពី២ទៅ៣តឹក រួចបំបែកដីឲ្យម៉ត់ល្អ ពង្រាបដីឲ្យមានខ្យល់ចេញចូល ឬហៅថាដីធូរ ដើម្បីឲ្យដើមបែកច្រើន ហើយក្នុងដើមនីមួយៗ នឹងផ្ដល់មើមច្រើន។ ត្រូវលើកជារង ឲ្យបានកម្ពស់៣តឹក កាយយកក្បាលរង ទទឹង១ម៉ែត្រ បណ្ដោយ តាមទំហំដី ដែលអាចដាំបាន។
វិធីក្នុងការដាំ ៖
ប្រសិនបើយើងចង់ ទុកឲ្យវាផ្ដល់ផលបានយូរខែ ត្រូវយកមើមដែលចាស់ ទៅបណ្ដុះរួចដកយកកូនទៅដាំ។ ការដាំខ្ជាយ ការដាំកូន ត្រូវទុកគម្លាត ពីដើមមួយទៅមួយ ចម្ងាយ៣តឹក ដើម្បីឲ្យវាបែកគុម្ពច្រើន ហើយវានឹងផ្ដល់មើមក៏ច្រើនដែរ តាមដើមនីមួយៗ។
ការថែទាំ ៖
ការថែទាំដំណាំខ្ជាយ ចាំបាច់ត្រូវថែមជី នៅពេលដាំវា បាន២ទៅ៣ខែ ជាពេល វាកំពុងបែកគុម្ព និងជាពេលដែលវានឹង បែកមើមច្រើន។ ការថែទាំបោចស្មៅ និងជ្រំដី ហើយពូនគល់វា ដើម្បីឲ្យដីធូរ ជាការថែទាំដែលត្រូវប្រយ័ត្ន កុំឲ្យចបជីក រុកទៅប៉ះគល់ ក្រោមស្លឹក ព្រោះវាជាដំណាំមើម។ ការថែទាំមួយទៀត កុំឲ្យជ្រូក ឈ្មុសរង និង គោស៊ីស្លឹកវា។ ខ្ជាយជាមើម ដែលសត្វល្អិតមិនយាយីទេ វាក៏ជាវត្ថុធាតុដើមមួយប្រភេទសម្រាប់ផ្សំថ្នាំបំពុល សត្វល្អិត ដូចស្លឹកគ្រៃ ស្ដៅ ស្លែង បណ្ដូលពេជ្រ ជាដើមដែរ ដែលសត្វល្អិត មិនអាចបំផ្លាញវាឡើយ។
ការប្រមូលផល ៖
ចំពោះការប្រមូលផលខ្ជាយ គេសំគាល់ នៅពេលស្លឹកវាទុំ ហើយស្វិត គឺមើមខ្ជាយវាចាស់ គេអាចប្រមូលផលវាទុកបាន។ ខ្ជាយដុះលូតលាស់បានប្រសើរ ក្នុងកម្រិតទឹកភ្លៀងដែលល្មម។ ប៉ុន្តែដំណាំខ្ជាយត្រូវការពន្លឺថ្ងៃខ្លី ដើម្បីឲ្យមើមខ្ជាយ វារីកធំធាត់ និងផ្ដល់ទម្ងន់ធ្ងន់។ ទិន្នផលមើមអាចទាប នៅពេលដែលពន្លឺថ្ងៃ ចាំងមកលើរង មានរយៈពេលយូរពេក គឺលើស១២ម៉ោងក្នុងមួយថ្ងៃ។ ដំណាំមើមភាគច្រើន មិនសូវរើសដីទេ ប៉ុន្តែដីអាចដាំបានល្អជាងគេ គឺដីល្បាយខ្សាច់ ជាដីធូរ ហើយស្រោះទឹក និងមានជីរជាតិ។
បើដាំនៅតំបន់ដីឥដ្ឋ ដំណាំមើម ពុំសូវឲ្យផលខ្ពស់ទេ ព្រោះដីដាំនោះ វាណែនពេក មើម មិនអាចរីកធំបានដូចដីធូរ ឬដីខ្សាច់ឡើយ។ មើមខ្ជាយអាចជីកយកទៅបរិភោគបាន ចាប់តាំងពីមើមវានៅខ្ចី រហូតដល់ មើមវាចាស់។ មើមខ្ជាយនេះ បើគេមិនចង់ប្រមូលវាពីដីទេ គេអាចកប់វានៅក្នុងដីនេះ បានរយៈពេល ១ឆ្នាំក៏វាមិនខូចដែរ។ មើមខ្ជាយ លក់បានជារៀងរាល់ថ្ងៃ ប៉ុន្តែតម្លៃលក់មើមខ្ជាយ បានថ្លៃខ្ពស់ជាងសព្វមួយដង គឺនៅពេលបញ្ចប់ខែច្រូត មើមខ្ជាយឡើងថ្លៃ ដោយសារតម្រូវការ វាច្រើន សម្រាប់ធ្វើម្ហូប បុណ្យទាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត