ចំណេះដឹងទូទៅ
រូបភាព
*សម្ភារៈត្រូវមាន៖
-កូនកាំបិតមុតល្អ
-កូនពូជជ្រើសរើសពីចុងមែកដែលខ្ចីល្មម និងធ្លាប់មានផ្លែផ្កា
-ថ្នាំដែលប្រើសម្រាប់លាបនៅពេលគេកាប់មែកឈើ (អាចសាកសួររកនៅកន្លែងលក់កូនឈើ)
-ខ្សែសម្រាប់ចងរុំ និងថង់សម្រាប់ចងគ្រប។
*វិធីធ្វើ៖
-ជ្រើសរើសយកកូនពូជជ្រើសរើសពីចុងមែកដែលខ្ចីល្មម ប្រវែងប្រមាណ១,៥តឹក។
-យកកាំបិតចិតផ្នែកគល់វាបញ្ឆិតប្រវែងប្រមាណកន្លះតឹក ហើយត្រូវចិតបញ្ឆិតបន្តិចនៅផ្នែកម្ខាងទៀត។
-កាត់មែកដើមស្វាយចាស់ដែលធំល្មម កាត់ឲ្យមានផ្ទៃរាបស្មើល្អ។
-យកកាំបិតឆូតសំបកនៅលើដើមនោះឲ្យដល់សាច់ក្នុងយកប្រវែងប្រមាណ១តឹក រួចគាស់មុខខាងលើសំបកនោះឲ្យហើបសងខាងសម្រាប់ស៊កមែកពូជចូល។
-យកមែកពូជស៊កចូលប្រលោះសំបកដែលគាស់រួចនៅលើដើមនោះដោយយកខាងបញ្ឆិតវែងបែរមកខាងក្នុង ហើយអាចផ្សាំបែបនេះ៤-៥កន្លែងនៅលើមែកនោះ។
-យកខ្សែមកចងរុំជុំវិញកន្លែងដែលយើងផ្សាំនោះឲ្យតឹងណែនល្អ រួចលាបថ្នាំនៅផ្ទៃមែកដែលកាត់ និងកន្លែងផ្សាំផងដែរ។
-យកថង់ប្លាស្ទិចថ្នាមកគ្របវាពីលើរួចចងរុំឲ្យជិត និងយកក្រដាសកាសែតមកគ្របមួយជាន់ទៀតការពារពីកំដៅ និងពន្លឺព្រះអាទិត្យ។
-ទុករយៈពេល១៤ថ្ងៃក្រោយមកមែកពូជថ្មីវានឹងចាប់ផ្តើមដុះពន្លក ហើយយើងនឹងបានពូស្វាយថ្មីដែលយើងចង់បាន និងឆាប់មានផ្លែ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត