ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីសាស្រ្តថែទាំភ្នែកឱ្យមានសុខភាពល្អ ជាពិសេសសម្រាប់អ្នកដែលប្រើប្រាស់កុំព្យូរទ័រច្រើនម៉ោងជារៀងរាល់ថ្ងៃ

19-Mar-2019 03:45 PM

រូបភាព


ដោយ: Uddam

មនុស្សភាគច្រើនជាពិសេសបុគ្គលិក​ការិយាល័យ​ ត្រូវ​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ច្រើន​ម៉ោង​ជារៀង​រាល់​ថ្ងៃអាច​បណ្ដាល​ឱ្យ​ភ្នែក​ឈឺ ឬ​អាចរលាក​ភ្នែក។ វាអាច​បណ្ដាល​ឱ្យ​ភ្នែក​របស់​អ្នកមើល​មិន​ច្បាស់ មាន​អារម្មណ៍​ថាឈឺ​ភ្នែក និង​ពិបាក​ក្នុង​ការសម្រប​ទៅ​នឹង​ពន្លឺ​ផ្សេងៗ។ ទាំងនេះជា​វិធី​ថែទាំ​ភ្នែក​របស់​អ្នក​ពីរោគសញ្ញា​ខាងលើ​ដូច​ខាង​ក្រោម៖

 

១.ទុក​ពេល​ឱ្យ​ភ្នែក​របស់​អ្នកបាន​សម្រាក

អ្នក​គួរ​តែក្រោក​ចេញ​ពីតុ​ធ្វើ​ការ​របស់​អ្នក ដើម្បីសម្លឹង​មើល​អ្វី​ដែល​នៅ​ឆ្ងាយ​ពី​អ្នកប្រហែល​ជា ១០​នាទី រហូត​ដល់​ភ្នែក​របស់​អ្នក​អាច​មើល​ចំណុច​នៅ​ឆ្ងាយៗ​បាន និង​ឱ្យ​ភ្នែក​អ្នក​សម្រាក។

២.ធ្វើ​ចលនា​ភ្នែក

ប្រសិន​បើ​អ្នក​អង្គុយ​មុខ​កុំព្យូទ័រ​រយៈ​ពេល​យូរ ហើយ​មិន​មាន​ពេល​អាច​ដើរ​ទៅ​ណា​បាន អ្នក​អាច​ធ្វើ​ចលនា​ភ្នែក​របស់​អ្នក​ទៅ​តាម​ទិសទ្រនិចនាឡិកា ធ្វើ​ចលនា​ពីឆ្វេង​ទៅ​ស្តាំ ពីលើ​ចុះ​ក្រោម។ ធ្វើ​បែប​នេះ ​៣ដង​សម្រាប់​ចលនា​និ​មួយៗ ដើម្បី​ឱ្យ​ភ្នែក​របស់​អ្នក​សម្រាក។

៣.រក្សា​សំណើម​ភ្នែក

​មនុស្ស​ភាគ​ច្រើន​ដែល​ផ្ដោត​អារម្មណ៍​ខ្លាំង​ទៅ​លើការ​ងារ មិន​សូវ​បាន​ព្រិច​ភ្នែក​ញឹកញាប់ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​ស្ងួត។ អ្នក​អាច​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​មាន​សំណើម​វិញ​ដោយ​ការព្រិច​ភ្នែក​ឱ្យ​បាន​ញឹកញាប់ ឬ​អាច​ប្រើ​ប្រាស់ទឹកបន្ដក់​ភ្នែក ដើម្បីផ្តល់សំណើមដល់​ភ្នែក​អ្នក។ អ្នក​ត្រូវ​ចាំថារាល់​ការ​ប្រើ​ប្រាស់​ផលិត​ផល​ណាមួយ ត្រូវ​សូមការណែ​នាំ​ពីវេជ្ជ​បណ្ឌិត​ជា​មុន​សិន។

៤.ដាក់​កុំព្យូទ័រ​នៅ​លើតុ​ទាប ឬប្រើ​កុំព្យូទ័រ​ដែល​អាចចល័ត​បាន

ធ្វើ​បែប​នេះនឹង​អាច​ឱ្យ​ភ្នែក​របស់​អ្នក​សម្លឹង​ចុះ ដែល​ការសម្លឹង​ចុះ​ក្រោម ជាមធ្យោបាយ​មួយ​ដែល​ធ្វើ​ឱ្យ​ភ្នែក​របស់​អ្នក​ត្រូវ​បាន​គ្រង​ដោយ​ត្របក​ភ្នែក ហើយ​ព្រិច​ភ្នែក​បាន​ច្រើន និង​ចេញ​ទឹក​ភ្នែក​បាន​ច្រើន។

៥.កំណត់​លើការ​ប្រើ​ប្រាស់ contact lenses

​ប្រសិន​បើ​អ្នក​ពាក់ contact lenses តែ​ភ្នែក​របស់​អ្នក​មិន​សូវ​មាន​សំណើម អ្នក​គួរ​តែ​ប្រើ​ប្រាស់​វ៉ែនតា​ធម្មតា​ជំនួស​វិញ។ មនុស្ស​ដែល​ប្រើ​ប្រាស់​កុំព្យូទ័រ​រយៈ​ពេលយូរ គួរ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ភ្នែក​រៀង​រាល់ ​៦ខែម្ដង។

៦.ដកដង្ហើម​ឱ្យ​បាន​ទៀងទាត់

នៅ​ពេល​អ្នក​ផ្ដោត​អារម្មណ៍​ខ្លាំង​ទៅ​លើអេក្រង់កុំព្យូទ័រ ធ្វើ​ឱ្យ​ដង្ហើម​អ្នក​ធ្លាក់​ចុះ​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះអ្នក​ត្រូវ​ដកដង្ហើម​ឱ្យ​បាន​ទៀងទាត់ ដើម្បី​ឱ្យ​លំ​ហូរឈាម​អ្នក​បាន​ល្អ។

៧.បរិភោគ​អាហារ​ដែល​មាន​ប្រយោជន៍​សម្រាប់​ភ្នែក

អាហារ​ដែល​សម្បូរសារ​ធាតុ​ DHA ដែល​មាន​ប្រយោជន៍​សម្រាប់​កែវ​ភ្នែក និង​ការពារ​ភ្នែក​ពីការ​ខូចខាត ឮក្នុង​នោះ​មានដូចជា ការ៉ុត និង​បន្លែ​បៃតង រាប់​បញ្ចូល​​ទាំង​គ្រាប់​ធញ្ញា​ជាតិ ដែល​មាន​សារ​ធាតុ​ប្រឆាំង​អុក​ស៊ី​តកម្ម​ដែល​អាច​កាត់​បន្ថយការ​ខូចខាត​កោសិកា​ភ្នែក និង​ធ្វើ​ឱ្យសមត្ថភាព​នៃ​ការ​មើល​កាន់​តែ​ប្រសើរ ។

៨.បរិភោគ​ផ្លែឈើ និង​បន្លែ

ជា​ពិសេស​ផ្លែឈើ និង​បន្លែ​ដែល​សម្បូរវី​តាមីន​​ A ដែល​ជួយ​ឱ្យ​ភ្នែក​អ្នក​មាន​សុខភាព​ល្អ។ អាហារ​ទាំង​នោះរួម​មាន ស្វាយ​ ប៉េងប៉ោះ ឳឡឹក ការ៉ុត ល្ពៅ ដំឡូងជ្វា គ្រាប់​ធញ្ញ​ជាតិ ត្រី ​និង​ស៊ុត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ