ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីបណ្តុះផ្សិតចំបើងងាយៗ ដែលបងប្អូនអាចសាកល្បងបាន !!

25-Mar-2019 09:20 AM

រូបភាព


ដោយ: Uddam

ផ្សិត គឺជាអាហារដ៏ពេញនិយមមួយនៅប្រទេសក្នុងតំបន់អាស៊ី។ ចំពោះការយកផ្សិតធ្វើជាថ្នាំព្យាបាល ត្រូវបានគេកត់ត្រានៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ប្រជាជនចិន ហើយកំណត់ត្រាចុងក្រោយគេបង្អស់ ក៏បានរៀបរាប់អំពីការប្រើផ្សិតធ្វើជាថ្នាំព្យាបាលជំងឺចិត្តសាស្ត្របានយ៉ាងមានប្រសិទ្ធភាព ។ បច្ចុប្បន្ននេះប្រទេសកម្ពុជាមានពូជផ្សិតចំនួន ៣៥ប្រភេទ ហើយសុទ្ធសឹងតែអាចប្រើប្រាស់ជាថ្នាំព្យាបាលបាន ។ក្នុងនោះផងដែរ ផ្សិត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការយកមកធ្វើជាបន្លែង និងជាម្ហូបសម្រាប់ពិសារជារៀងរាល់ថ្ងៃ ។

ដូច្នេះហើយដើម្បីកុំឲ្យអ្នកដែលនិយមញាំផ្សិតប្រភេទនេះជាប្រចាំចំណាយប្រាក់ច្រើនក្នុងការទិញមកបរិភោគ ថ្ងៃនេះ កោះថ្មី នឹងបង្ហាញពីវិធីសាស្ត្រងាយៗក្នុងការបណ្តុះផ្សិតចំបើងនៅក្នុងកញ្ច្រែង៖
១-ឧបករណ៍បណ្តុះផ្សិតចំបើង
-ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម
-ម្សៅអង្ករដំណើប និងម្សៅពោត ១គីឡូក្រាម ដូចគ្នា
-ទឹកជី EM ២៥០មីលីលីត្រ
-លាមកគោហាលស្ងួតម៉ដ្ឋ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកចិញ្ច្រាំ កន្ទក់ម៉ដ្ឋ យក៥គីឡូដូចៗគ្នា។


២-វិធីសាស្រ្តក្នុងការអនុវត្តន៍
-លាយចំបើង លាមកគោ សំបកសណ្តែកសៀង សណ្តែកបាយ ដើមចេក កំប្លោកចិញ្ច្រាំ កន្ទក់ម៉ដ្ឋ លាយឲ្យសព្វចូលគ្នារហូតក្លាយជាល្បាយ។
-លាយម្សៅអង្ករដំណើបជាមួយទឹកជីEM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចស្រោចឲ្យសើមល្បាយខាងលើបាន ៦០ភាគរយ ច្របល់ឲ្យសព្វ រួចទុក ១ម៉ោង។
-យកល្បាយមកញាត់ចូលក្នុងកញ្ច្រែង(ទំហំមានអង្កត់ផ្ចិតប្រមាណ៥តឹក) ដាក់ជាន់ទី១ កម្ពស់ ២តឹក ហើយត្រូវដាក់ឲ្យណែន រួចយកលាមកគោស្ងួតទៅរោយបន្ថើរៗពីលើ បន្ទាប់មករោយម្សៅពោត និងមេផ្សិតបន្ថើរៗពីលើបន្ថែម និងដាក់កំប្លោកពីលើមួយជាន់ទៀត ។ ត្រូវអនុវត្តន៍បែបនេះចំនួន ៣ជាន់ ដូចៗគ្នា។


-យកកញ្ច្រែងដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅក្រោមដើមឈើ ឬកន្លែងដែលមានម្លប់ រួចធ្វើគ្រោងឫស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិចកម្ពស់ ១ម៉ែត្រ ការពារកុំឲ្យលិចទឹក ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់ និងធ្វើដំបូលស្លឹកដូង ឬស្លឹកត្នោតខាងលើមួយជាន់បន្ថែមទៀត។


៣-ការថែទាំរបស់ផ្សិតចំបើង
-ជាទូទៅផ្សិតអាចដុះបានល្អនៅសីតុណ្ហភាព ៣០-៣២អង្សា មួយអាទិត្យម្តងយើងត្រូវបើកផ្ទាំងក្រណាត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នោះវានឹងនាំអោយផ្សិតរលួយកូន មិនអាចដុះចេញមកបានឡើយ។
-ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក។រយៈកាលបេះផល គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤។


ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយលែងដុះ យើងអាចរើយកយកចំបើងនោះមកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ មេផ្សិត និងម្សៅពោតសាជាថ្មីបន្ថែមទៀតបាន។ទាំងអស់នេះជាវិធីសាស្ត្រងាយៗបំផុតសម្រាប់បណ្តុះផ្សិតចំបើងទទួលទានដោយខ្លួនឯង និងអាចសេសសល់លក់ទៅកាន់ទីផ្សារបានផងដែរ ដូច្នេះមិនថាជាប្រជានជនធម្មតាឬជាកសិករនោះទេ អាចអនុវត្តន៍វិធីសាស្ត្រខាងលើនេះបាន ដើម្បីទទួលបានផលយ៉ាងអស្ចារ្យពីបន្លែមួយប្រភេទនេះ៕

ប្រភព៖kohthmey