ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីងាយៗជួយព្យាបាលពងបែកមាត់យ៉ាងមានប្រសិទ្ធភាពតាមបែបធម្មជាតិ!

27-Mar-2019 03:38 PM

រូបភាព


ដោយ: Uddam

អាការៈពងបែកមាត់ គឺជាស្នាមពងបែកពណ៌សថ្លា មាននៅតាមបបូរមាត់ផ្ទៃខាងលើ និងខាងក្រោមមាត់ រួមទាំងមានលើអណ្តាតទៀតផង។ ពងបែកមាត់ កើតឡើងនៅពេលដែលក្រពេញទឹកមាត់ស្ទះ ជាពិសេសនៅពេលដែលអ្នកខាំមាត់ ឬខាំសាច់ថ្ពាល់ខាងក្នុងរបស់អ្នកដោយចៃដន្យ។ ពងបែកទាំងនោះតូចៗ និងមិនបង្កជាការឈឺចាប់អ្វីទេ តែទោះជាយ៉ាងណា ប្រសិនបើអ្នកទុកចោលមិនព្យាបាល វានឹងអាចរីកធំ រួចបង្កជាការឈឺចាប់ខ្លាំង។ ជាក់ស្តែងបញ្ហាពងបែកមាត់នេះ កម្របង្កជាសភាពធ្ងន់ធ្ងរណាស់ ប៉ុន្តែប្រសិនបើវាបង្កជាដំបៅរ៉ាំរ៉ៃ អ្នកត្រូវតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញភ្លាម។

ពងបែកក្នុងមាត់អាចកើតមានលើមនុស្សគ្រប់វ័យ ប៉ុន្តែជាធម្មតាគេសង្កេតឃើញកើតមានលើមនុស្សមានអាយុចន្លោះពី ១០ឆ្នាំ ទៅ ២៥ឆ្នាំ ច្រើនជាងគេបំផុត។ ពងបែកមាត់ខ្លះមិនត្រូវការព្យាបាលទេ ដោយយូរៗទៅវានឹងជាដោយខ្លួនឯង។ ទន្ទឹមនឹងនោះដែរ អ្នកក៏អាចស្វែងរកការព្យាបាល តាមបែបវេជ្ជសាស្រ្តពីគ្រូពេទ្យជំនាញ ឬព្យាបាលដោយខ្លួនឯង តាមបែបធម្មជាតិងាយៗ ដូចខាងក្រោមនេះ ៖

វិធីព្យាបាលអាការៈពងបែកមាត់ដោយខ្លួនឯង៖

១.អំបិល: អំបិល គឺជាឱសថព្យាបាលពងបែកមាត់ដ៏មានប្រសិទ្ធភាព និងរហ័សជាងគេបំផុត ដោយអាចជួយកាត់បន្ថយការឈឺចាប់ និងការរលាកបានថែមទៀតផង។ អ្វីដែលអ្នកត្រូវធ្វើគឺ គ្រាន់តែលាយអំបិលកន្លះស្លាបព្រាកាហ្វេ ចូលទៅក្នុងទឹកក្តៅឧណ្ណៗមួយកែវ រួចយកមកខ្ពុរមាត់មួយថ្ងៃ ៣ ទៅ ៤ដង នោះអ្នកនឹងសង្កេតឃើញពីប្រសិទ្ធភាពដ៏អស្ចារ្យរបស់វាជាក់ជាមិនខាន។ 

២.ទឹកកក: ទឹកកកមានប្រសិទ្ធភាពអាចជួយឲ្យសាច់ស្ពឹក និងបន្ធូរបន្ថយការឈឺចាប់របស់ពងបែកមាត់បាន។ ងាយៗ ដោយអ្នកគ្រាន់តែយកក្រណាត់ស្អាតណាមួយ មករុំដុំទឹកកក ២ ទៅ ៣ដុំ រួចយកមកស្អំលើបរិវេណ ដែលមានពងបែកប្រមាណជា ១នាទី និងត្រូវអនុវត្ត ២ ទៅ ៣ដង ក្នុងមួយថ្ងៃ។ បន្ថែមពីនេះទៅទៀត អ្នកអាចឧស្សហ៍ទទួលទានទឹកត្រជាក់ៗបន្ថែម ដើម្បីកាន់តែឆាប់ជាសះស្បើយផងដែរ។

៣.ប្រទាលកន្ទុយក្រពើ: ប្រទាលកន្ទុយក្រពើមានលក្ខណៈសម្បត្តិអាចប្រឆាំងនឹងភាពរលាក ជួយបំបាត់ការឈឺចាប់ និងជួយឲ្យឆាប់ជាសះស្បើយ ជាពិសេសវាអាចការពារមិនឲ្យអ្នកកើតពងបែកញឹកញាប់បានសឹងតែមិនគួរឲ្យជឿ។ អ្នកគ្រាន់តែចិតសំបកចេញ រួចយកសាច់ថ្លារបស់វា មកបិទពីលើកន្លែងមានពងបែក និងទុកចោលប្រមាណជា ២០នាទី រួចលាងសម្អាតមាត់ចេញ ដោយទឹកក្តៅឧណ្ណៗ។ អ្នកអាចអនុវត្ត ២ ទៅ ៣ដង ក្នុងមួយថ្ងៃ ត្រឹមតែ ២ ឬ ៣ថ្ងៃ ធានាថានឹងជាសះស្បើយ។

៤.ទឹកឃ្មុំ: ទឹកឃ្មុំអាចជួយកាត់បន្ថយការឈឺចាប់ ការរលាក និងជួយការពារមេរោគឲ្យឆាប់ជាសះស្បើយបាន។ អ្នកគ្រាន់តែលាយទឹកឃ្មុំសុទ្ធ ១ស្លាបព្រាកាហ្វេ ជាមួយម្សៅរមៀត ១/៤ស្លាបព្រាកាហ្វេ រួចយកវាទៅបិទលើកន្លែងដែលមានពងបែក។ បន្ទាប់មកទុកចោលប្រមាណជា ១៥ ទៅ ២០នាទី សឹមខ្ពុរមាត់ជាមួយទឹកក្តៅឧណ្ណៗជាការស្រេច។ អ្នកអាចអនុវត្ត ២ ទៅ ៣ដង ក្នុងមួយថ្ងៃ។ បើមិនដូច្នោះទេ អ្នកគ្រាន់តែលាបទឹកឃ្មុំ តែមួយមុខក៏បាន ដើម្បីកាន់តែមានភាពងាយស្រួល។ 

៥.រមៀត: រមៀតមានលក្ខណៈសម្បត្តិពិសេស អាចការពារបាក់តេរីក៏ដូចជាប្រឆាំងការរលាកបានយ៉ាងមានប្រសិទ្ធភាព។ អ្នកគ្រាន់តែយកម្សៅរមៀត មកលាយជាមួយទឹកដោះគោ រួចយកសំឡីមកជ្រលក់ និងផ្តិតនៅត្រង់បរិវេណពងបែក និងទុកវាចោល ៣០នាទី សឹមយកទឹកក្តៅឧណ្ណៗមកលាងសម្អាតជាការស្រេច។ វិធីមួយទៀត អ្នកអាចយករមៀតមកកាត់ជាចំណិត បិទផ្ទាល់លើកន្លែងពងបែកក៏បាន។ វិធីទាំងពីរនេះគួរអនុវត្តមួយថ្ងៃឲ្យបាន ២ ទៅ ៣ដង ទើបជាការប្រសើរ៕

វិធីមួយទៀត អ្នកអាចយករមៀតមកកាត់ជាចំណិត បិទផ្ទាល់លើកន្លែងពងបែកក៏បាន។ វិធីទាំងពីរនេះគួរអនុវត្តមួយថ្ងៃឲ្យបាន ២ ទៅ ៣ដង ទើបជាការប្រសើរ៕

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ ស្រីពៅ