ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បទពិសោធន៍ដែលទទួលបានជោគជ័យរបស់កសិករពីបច្ចេកទេសដាំត្រាវ !!

28-Mar-2019 10:06 AM

រូបភាព


ដោយ: Uddam

កសិករ​មួយចំនួន​បាន​ខំ​ប្រឹងប្រែង​ដាំ​ ដំណាំ​បាន​ផល​ច្រើន លុះ​ដល់​រដូវ​ប្រមូល​ផល​មាន​ផលិតផល​ចាល់​ច្រើន គ្មាន​ទី​ផ្សារ​មិន​អាច​​លក់​អស់​ភ្លាមៗ​បាន ត្រូវ​ចាក់ចោល ឬ​រលួយ​ខូច​អស់ ។ ប៉ុន្តែ​ក៏​មាន​កសិករ​ខ្លះ​ចេះ​ពី​របៀប​ថែរក្សា​ទុក​ផលិតផល​ឲ្យបាន​យូរ​ សំរាប់​លក់​នៅ​​ពេល​រដូវ​បាន​ថ្លៃ (​មាន​ទីផ្សារ) ដែរ ។

ដូចជា​លោក​ពូ ផុន ប៊ុណ្ណា រស់នៅ​ភូមិ​ព្រែក​តា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​កណ្តាល។ ​ក្រោយពី​គាត់​ដាំ​ត្រាវ​បាន​ទទួល​ផល​ច្រើន​មក គាត់​មិន​ទាន់​លក់​ភ្លាម​ទេ គាត់​រក្សា​ទុក​រយៈពេល​ជិត ២ ខែ ទំ​រាំ​ត្រាវ​ឡើងថ្លៃ (​រដូវ​ភ្ជុំបិណ្ឌ​)។

​នៅពេល​ប្រមូល​ផល លោកពូ​បានគាស់​មើមត្រាវ​ដោយ​ប្រុងប្រយ័ត្ន​មិនឲ្យ​ដាច់​មើមត្រាវ​តូចៗ ដែល​នៅ​ជាប់​មើម​ធំ​ទេ ប៉ុន្តែ​បើ​​គាស់​មក​មាន​ដាច់​មើ​ម គាត់​យក​កំបោរ​មក​លាប​ត្រង់​កន្លែង​មុខរបួស ។ បន្ទាប់មក ក្រោយ​ពី​ប្រមូល​ផល​បាន​ហើយ គាត់​ដឹក​យក​ទៅ​ផ្ទះ​រក្សា​​ទុក​ក្រោម​ដើមឈើ ដោយ​ដាក់​ជា​គំនរ ហើយ​ជីកដី​កប់​ពីលើ​តិចៗ រួច​ស្រោច​ទឹក​ឲ្យ​សើ​មតិចៗ ជា​រៀងរាល់ថ្ងៃ​តែបើ ខែ​ភ្លៀង​មិនចាំបាច់​ស្រោច​ទឹក​ទេ ហើយក៏​មិន​ចាំបាច់​គ្រប​វា​ដែរ គឺ​ទុក​ចោល​ហាលភ្លៀង​ធម្មតា ។ ការរក្សាទុក​តាម​របៀប​នេះ បាន​រហូត​ដល់​រយៈពេល​ពី ១​ទៅ​២ ខែ ។ តាម​បទពិសោធន៍​នៃ​ការថែរក្សា​ទុក​របស់​គាត់​កន្លងមក​បានឲ្យដឹងថា៖

-មើមត្រាវ​ដែល​យើង​ជីក​មក​ដាច់ យើង​ត្រូវ​លាប​កំបោរ​កន្លែង​មុខដាច់​ឲ្យ​ក្រាស់ បើ​ពុំនោះ​ទេ​រក្សាទុក​មិន​បាន​យូរ​ឡើយ ត្រូវ​រលួយ​
-បើ​យើង​រក្សា​ទុក​មើមត្រាវ​នៅ​ ក្រោមផ្ទះ​ធម្មតា ក៏​មិន​បាន​យូរ​ដែរ គឺ​ទុក​បាន​តែ​រយៈពេល​មួយអាទិត្យ​ប៉ុណ្ណោះ មើមត្រាវ​ត្រូវ​រលួយ ។ បើ​​រក្សាទុក​តាមរបៀប​ខាងលើ អាច​ទុក​បាន​រហូត​ដល់ ២ ខែ ហើយ​មើមត្រាវ​នៅ​មាន​ពណ៌​សម្បុរ និង​គុណភាព​ដដែល ប៉ុន្តែ​ចំពោះ​ទំងន់​អាច​​ស្រក​ខ្លះៗ ។

លោកពូ​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា ត្រាវ​របស់​គាត់​នៅ​ពេល​ប្រមូល​ផល​ភ្លាមៗ មាន​ទំងន់ ១ តោន មើម​ស្រស់​រក្សាទុក​ ​រយៈពេល​មួយ​ខែ​កន្លះ​ស្រក​ទំងន់​អស់ ៣០ ទៅ ៤០ គីឡូក្រាម​ប៉ុណ្ណោះ។ តែ​គាត់​អាច​លក់​បាន​តំលៃ ២០០០៛ ក្នុង​មួយ​គីឡូក្រាម បើ​គាស់​​ភ្លាម​គឺ​បាន​តំលៃ​ត្រឹម ៥០០ រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម ។​

សរុបមក បច្ចេកទេស​ថែរក្សា​ទុក​មើមត្រាវ​ឲ្យបាន​យូរ​គឺ៖

-ប្រុងប្រយ័ត្ន​នៅពេល​គាស់​កុំឲ្យ​ដាច់​ មើម​តូចៗ ដែល​នៅ​ជាប់​មើម​ធំ និង​កុំឲ្យ​មើម​ត្រាវមាន​របួស​ដោយ​ប៉ះ​មុខ​ចប​ បើ​មាន​មើម​ដាច់ ឬ​មាន​របួស ត្រូវយក​កំបោរ​មក​លាប​មុខ​ដែល​ដាច់​ឲ្យ​ក្រាស។
-ត្រូវ​រក្សាទុក​មើម​ក្រោម​ដើមឈើ ដោយ​ជីកដី​កប់​ពីលើ​សើរៗ ហើយ​ស្រោច​ទឹក​ឲ្យ​សើ​មតិចៗ ជា​រៀងរាល់ថ្ងៃ នៅ​រដូវប្រាំង ​នៅ​រដូវវស្សា​មិនបាច់​ស្រោច​ទឹក​ទេ ។​

ដូច្នេះ បើ​បងប្អូន​កសិករ​ចង់​រក្សា​ទុក​មើមត្រាវ​ឲ្យបាន​យូរ សូម​សាកល្បង​នូវ​បទពិសោធន៍​ខាងលើនេះ៕