ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កម្ចាត់សត្វល្អិត

បទពិសោធន៍​ផ្សំ​ថ្នាំពុល​ពី​រុក្ខជាតិ​ សម្រាប់កំចាត់សត្វល្អិតលើដំណាំកសិកម្ម !!

28-Mar-2019 04:46 PM

រូបភាព


ដោយ: Uddam

ក្នុង​ការដាំ​ដំណាំ​គាត់​ជួបប្រទះ​បញ្ហា​សត្វល្អិត​បំផ្លាញ​មានដូចជា ដង្កូវ​ស៊ី​រូង​ដើម ស្រឹង ដង្កូវ​មូរ​ស្លឹក អណ្តើកមាស ។​ល​។ ដើម្បី​ទប់ទល់​នូវ​ការបំផ្លាញ​ដំណាំ​របស់គាត់ៗ​បានធ្វើ​ថ្នាំពុល​ផ្សំ​ពី​ រុក្ខជាតិ​បាញ់​ទៅលើ​ដំណាំ ។ ជា​លទ្ធផល​ឃើញថា ថ្នាំ​នេះ​អាច​បណ្តេញ​សត្វល្អិត​ចង្រៃ​ពី​ដំណាំ​របស់គាត់​បាន។ ចំពោះ​ធាតុ​ផ្សំ និង​វិធី​ផ្សំ​បង្ហាញ​ដូចខាងក្រោម៖

១-​ធាតុ​ផ្សំ​

ម្ទេស ១​គីឡូក្រាម សំបក​ទៀប ១​គីឡូក្រាម មើម​ប៉ិកួៈ ១​គីឡូក្រាម ទឹក២​លីត្រ ។

២-​សំភារៈ​ជំនួយ

ពាង​ចំណុះ ២០​លីត្រ គំរប​ពាង ១ និង​ឈើ​កូរ ។​

៣-​របៀប​ផ្សំ​

គាត់​យក​ធាតុ​ផ្សំ​ខាងលើ​មាន​ម្ទេស សំបក​ទៀប មក​ចិញ្ច្រាំ ហើយ​ឈូស​មើម ប៉ិកួ​រៈ រួច​ទើប​បុក​បញ្ចូល​គ្នា ហើយ​យកទៅដាក់​ត្រាំ​ក្នុង​ពាង ដោយ​ចាក់ទឹក​ឲ្យ​លិច រួច​គ្រប​គំរប​ជិត ដាក់​ក្រោម​ម្លប់ឈើ រយៈពេល ២​ថ្ងៃ គាត់​បើក​គំរប​ពាង​កូរ​ម្តង​ដើម្បី​ឲ្យ​ថ្នាំ​ឆាប់​កាច់ ។​

​ក្រោយពី​ត្រាំ​ទុក​រយៈពេល ១​សប្តាហ៍​មក គាត់​សង្កេតឃើញថា​ទឹក​ឡើង​ពណ៌​ក្រ​ម៉ៅ និង​ធុំក្លិន​ឆួល ដែល​បញ្ជាក់ថា​ទឹក​ថ្នាំ​កាច់​បានល្អ ហើយ​អាច​យកទៅ​ប្រើ​ស្រោច​ទៅលើ​ដំណាំ​បាន​ហើយ ។

៤-​របៀប​ប្រើ

នៅពេល​ប្រើ​គាត់​បាន​យក​ទឹក​ថ្នាំ ២​លីត្រ លាយ​ជាមួយ​ទឹក ១២ លីត្រ ស្រោច​មុនពេល​សត្វ​បំផ្លាញ​ដើម្បី​បណ្តេញ​កុំ​ឲ្យ​វា​មក​ជិត​ដំណាំ ។ ក្រោយពី​ស្រោច​ទឹក​ថ្នាំ​ប្រហែល ៣០​នាទី គាត់​ស្រោច​ទឹក​លាង​មក​ក្រោយ​ដើម្បី​កុំអោយ​ទឹក​ថ្នាំ​នៅជាប់​លើ​ផ្ទៃ​ស្លឹក ​នៅពេល​ត្រូវ​កំដៅថ្ងៃ។ ពេលវេលា ដែល​ល្អ​សំរាប់​ការ​ស្រោច​ថ្នាំ គឺ នៅពេល​រសៀល​ម៉ោង ៥​។​

៥-​ចំណាប់អារម្មណ៍​

ក្រោយពី​បាន​ប្រើ​ថ្នាំ​នេះ គាត់​សង្កេតឃើញថា​ថ្នាំ​នេះ​មាន​ប្រយោជន៍​ច្រើន​ដូចជា ធ្វើ​ឲ្យ​ដំណាំ​ដុះ​លូតលាស់​ល្អ មិនមាន​សត្វ​បំផ្លាញ និង​ទទួលបាន​ផល​ច្រើន ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ទៀតផង ។ គាត់​ក៏បាន​ផ្សព្វផ្សាយ​ដល់​អ្នក​ដទៃទៀត ជាពិសេស​អ្នក​មក​ទិញ​កូន​ត្រី​របស់គាត់ ហើយ​គាត់​ក៏​ចង់​ស្រាវជ្រាវ រក​រុក្ខជាតិ ផ្សេងទៀត​មក​ផ្សំ​ថ្នាំ​ដែរ ។

ថ្ងៃក្រោយ​គាត់​ចង់​កែលំអរ​ប្រសិទ្ធិភាព​ថ្នាំ​ដោយ​ថែម​សារធាតុពុល​ដូចជា គ្រាប់​ស្លែង ៣ ខាំ សំបក​ស្តៅ ១​គីឡូក្រាម ។ ហើយនឹង​ប្តូរ​ពី​ការប្រើ​ធុង​ស្រោច មក​ការប្រើ​ស្នប់​ដៃ​ម្តង ។​