ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ការចិញ្ចឹមត្រីអណ្តែងក្នុងរណ្តៅប្លាស្ទិក ចំណេញពេលវេលានិងឆាប់ធំធាត់ !!

28-Mar-2019 10:49 PM

រូបភាព


ដោយ: Uddam

១.ការជ្រើសរើសទីតាំង
កន្លែង ចិញ្ចឹម ត្រូវជ្រើសរើសមើលក្បែរប្រភពទឹកងាយស្រួលផ្លាស់ប្តូរទឹក ដីទួលខ្ពស់មិនលិចទឹក និងជាកន្លែងវាលមិនម្លប់ពេក ហើយនៅជិតផ្ទះងាយស្រួលមើលថែរក្សា ។

២.ការរៀបចំកន្លែងចិញ្ចឹមៈរៀបចំ រណ្តៅដែលមានទំហំបណ្តោយ៤ម៉ែត្រ ទទឹង២,៥ម៉ែត្រនិងជម្រៅ០,៩ម៉ែត្រ។ រណ្តៅត្រូវជីកឲ្យមានជើងទេកុំឲ្យបាក់ដីរួចក្រាលថង់ប្លាស្ទិកឲ្យសល់ប្រហែល២តឹកចេញពីមាត់រណ្តៅដើម្បីដាក់ដីទប់ពីលើ។ក្រោយពេលក្រាលហើយ ដាក់ភក់បាតត្រពាំងកំរាស់ ១ តឹក សព្វពេញបាតរណ្តៅ បាចកំបោរចំនួន២ខាំដើម្បីសម្លាប់មេរោគក្នុងរណ្តៅបន្ទាប់មកទុកចោលរយៈពេល២ថ្ងៃទើបបូមទឹកចូលឲ្យពេញរណ្តៅ។

ដើម្បីបង្កើតប្លង់តុង(សត្វល្អិតជាចំណី)ដាក់ទន្រ្ទានខែត្រចំនួន ២ដុំ(មួយដុំប្រហែល ១ គីឡូក្រាម) និងបានដាក់អាចម៍គោចំនួន២គីឡូក្រាម ដោយខ្ចប់នឹងស្បៃឈឹប ដើម្បីងាយស្រួលរំលាយសារធាតុ ។ រយៈពេល ១ សប្តាហ៍ ក្រោយពីទឹកមានប្លង់តុងល្អហើយ ស្រង់ទន្ទ្រានខែត្រ និងលាមកគោ ទើបអាចដាក់កូនត្រីចិញ្ចឹមបាន ។

៣. ការដឹកជញ្ជូន និងបរិមាណលែងកូនត្រី
កូនត្រី ដែលដាក់ចិញ្ចឹមបានទិញមកពីស្ថានីយ៍ភ្ញាស់កូនត្រី។ ក្រោយពេលមកដល់ផ្ទះ ដាក់ថង់កូនត្រីក្នុងរណ្តៅដែលមានដាក់ទឹកពេញ ហើយមានប្លង់តុងរយៈពេល ១០ នាទី ដើម្បីឲ្យកូនត្រីមានភាពស៊ាំក្នុងទឹក។ ក្រោយមកទៀត ស្រាយមាត់ថង់ ហើយបាចទឹកបញ្ចូលបន្តិចម្តងៗឲ្យកូនត្រី ចេញតាមដំណើរកុំឲ្យកូមត្រីមានភាពភ័យរន្ធត់ ។ កូនត្រីដែលអាចចិញ្ចឹមមានចំនួន ៤២០ ក្បាល។ ក្នុងនោះត្រី អណ្តែងស្រែដាក់ចំនួន ២០ក្បាល ប៉ុន្តែត្រូវក្រៀវដោយយកកន្ត្រៃកាត់ក្រចកចុងធ្មុងវាចោល ដើម្បីវាលូតលាស់លឿន ( កុំកាត់ជ្រៅពេក )។

៤.ប្រភេទចំណី និងការផ្តល់ចំណីៈចំណីសម្រាប់ផ្តល់ឲ្យត្រីស៊ីមាន កន្ទក់ កណ្តៀរ ពោះវៀនមាន់ ទា ពស់ងាប់ ជន្លេនចំណីកូនត្រីដំបូងគឺបាយបបរលាយជាមួយកន្ទក់ចំណីនេះឲ្យស៊ីរយៈពេល១សប្តាហ៍ក្រោយមកបន្ថែមចំណីផ្សេងទៀតដូចជាកណ្តៀរជន្លេនងាប់និងបាយលាយជាមួយកន្ទក់ឲ្យស៊ីចំនួនពីរដងក្នុងមួយថ្ងៃ ( ចំនួនកន្ទក់ ១គីឡូក្រាម )។

៥.ការគ្រប់គ្រង និងថែទាំ
ចំពោះទឹក ត្រូវប្តូរ ១ ខែម្តង ដោយដងចេញ ៥ ប៉ោត និងដងដាក់វិញ ៥ ប៉ោត ហើយធ្វើរបាំងស្បៃការពារជុំវិញមាត់រណ្តៅ ដើម្បីការពារសត្វជ្រូក គោ មាន់ ទា និងពិសេសការពារការលោតចេញ ឬ ឡើងពីរណ្តៅ។ នៅពេលដាក់ចំណី យើងអាចគោះឈើដើម្បីហៅត្រីឲ្យស៊ីចំណី។ ក្រៅពីគាត់ផ្តល់ចំណី ត្រូវមើលជុំវិញរណ្តៅក្រែងមានពស់ ឬ កង្កែប ឬ កណ្តុរ កាត់របាំង។

៦.ការប្រមូលផល
ក្រោយពី ចិញ្ចឹមបានរយៈពេល ៦ ខែ ត្រីអណ្តែង លូតលាស់លឿនពី ២,៥ ខាំ ទៅ ៣ ខាំ ក្នុងមួយក្បាល។ យើងអាចប្រមូលផលដោយដងលក់ម្តងចំនួន ២០ គីឡូក្រាម។ លក់បានចំនួន ៣ ដង ទើបអស់ ។ សរុបនៃការលក់ត្រី ទាំងអស់បាន ៣៦០ ០០០ រៀល។ ក្នុងការចិញ្ចឹមត្រីនេះចំណាយទិញកូនត្រី ៣៦ ០០០ រៀល ថង់ប្លាស្ទិក ៥០០០០ ( ថង់ប្លាស្ទិកអាចប្រើបាន ៣ ដង)ស្បៃឈឹប ១២ ០០០ រៀល។ សរុបចំណាយអស់ ៩៨ ០០០ រៀល។ ដូចនេះ យើងអាចទទួលបានចំនួនសុទ្ធ ៦២៦ ០០ រៀល ដោយមិនគិតពីការបិភោគ ក្នុងគ្រួសារ ។

៧.ចំណាប់អរម្មណ៍
ការចិញ្ចឹមនេះមិនចំណាយពេលច្រើន មិនលំបាកថែទាំ មិនចំណាយទន់ច្រើន មិនត្រូវការកន្លែងធំ ពិសេសចំណីងាយរកមិនចាំបាច់ទិញគេ។ ម្យ៉ាងទៀតអាចផ្គត់ផ្គង់ធ្វើម្ហូបបរិភោគប្រចាំថ្ងៃ៕

ដកស្រង់អត្ថបទចេញពី ខេមបូឌាអេចបេ្រសញូស៍