ចំណេះដឹងទូទៅ
តោះស្វែងយល់ពីបញ្ហានៃអាការៈរមាស់ និងស្ងួតភ្នែក តើគួរធ្វើយ៉ាងណាដើម្បីជួយដល់ភ្នែករបស់អ្នកបាន???
រូបភាព
ការប្រើទឹកបន្តក់ភ្នែកអាចជួយឲ្យអ្នកធូរសះស្បើយត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ។ ដោយឡែកជាមួយនឹងការថែទាំភ្នែកឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់យ៉ាងម្មត់ចត់ ភ្នែករបស់អ្នកនឹងអាចផលិតទឹកនៃភ្នែកតាមបែបធម្មជាតិបាន។ អ្នកគួរដឹងថា ទឹកភ្នែកត្រូវបានបង្កើតឡើងដោយ ៣ស្រទាប់។ ស្រទាប់ទី១ គឺ ស្រទាប់ខ្លាញ់ ស្រទាប់ទី២ គឺស្រទាប់ទឹក ហើយស្រទាប់ទី៣ គឺស្រទាប់ម៊ូស៊ីន ដែលជាស្រទាប់សម្រាប់បញ្ចេញទឹកភ្នែកឆ្លងកាត់គ្រាប់ភ្នែកនៅពេលដែលអ្នកប្រិចភ្នែក។ វិធីសាស្រ្ត ខាងក្រោមនេះអាចជួយដល់ភ្នែករបស់អ្នកបាន៖
១.អ្នកត្រូវទទួលទានទឹកឲ្យបានច្រើនជាប្រចាំ ដើម្បីជំនួយដល់ស្រទាប់ទី២ របស់ភ្នែក ដែលជាស្រទាប់ទឹក។
២.អ្នកគួរតែទទួលទានអាហារ ដែលមានអាស៊ីតខ្លាញ់អូមេហ្គា៦ និងអាស៊ីតខ្លាញ់អូហ្គា៣ ដូចជា ត្រី ស៊ុត ជាដើម។ ដើម្បីជួយបង្កើនស្រទាប់ទឹកនៅក្នុងភ្នែក ដែលវាអាចជួយធ្វើឲ្យភ្នែកមិនឆាប់ស្ងួត។
៣.ដើម្បីថែរក្សាស្រទាប់ម៊ូស៊ីនរបស់ភ្នែកឲ្យបានល្អ អ្នកត្រូវទទូលទានវីតាមីនA ។ ហើយប្រភពដ៏ល្អរបស់វីតាមីនA នោះរួមមាន ការ៉ុត ដំឡូងបារាំង ដំឡូងជ្វា ត្រសក់ស្រូវ និងប្រេងត្រី ជាដើម។
៤.អ្នកគួរតែទទួលទានវីតាមីនC ដែលវាអាចជួយបញ្ចេញទឹកភ្នែក នៅពេលដែលអ្នកមានអាការៈក្រហាយភ្នែក។
៥.ឧស្សាហ៍គេងថ្ងៃឲ្យបានយ៉ាងហោចណាស់ ២០នាទី ពេលសម្រាកពីធ្វើការ ដើម្បីឲ្យភ្នែកបានសម្រាក និងយ៉ាងហោចណាស់សម្រាកឲ្យបាន ៧ម៉ោង ក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យឡើងទៅ។
បញ្ជាក់៖ កុំបង្អង់យូរត្រូវទៅពេទ្យឯកទេសភ្នែកភ្លាម ដើម្បីពិនិត្យក្នុងពេលដែលលោកអ្នកជួបអាការៈធ្ងន់ធ្ងរ៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ