ឯកសារកសិកម្ម
រូបភាព
+ការរៀបចំដី និងការលើករង
-ភ្ជួរដីឲ្យបានចំនួន ២ដង ដោយលើកទី១ ហាលដីពី ៤ ទៅ ៦ថ្ងៃ និងភ្ជួរលើកទី២ ហាលដីរយៈពេល ៣ ទៅ ៤ថ្ងៃទៀត
-បន្ទាប់មករាស់លើកជារងដែលមានទទឹង ១ម៉ែត្រ និងបណ្តោយទៅតាមស្ថានភាពដី
-ពិសេសកម្ពស់ឲ្យបាន ២០ ទៅ ២៥សង្ទីម៉ែត្រ ដើម្បីឲ្យការ៉ុតចុះមើមបានវែង និងធំល្អ-ក្រោយការរៀបចំរងរួច យកឈើបន្ទះល្មមមកឆូតចង្អូរទទឹងរងឲ្យបានជំរៅ ២ ទៅ ៣សម ចន្លោះពីចង្អូរមួយទៅចង្អូរមួយពី ១,៥ ទៅ ២តឹក
-បន្ទាប់មកយកគ្រាប់ពូជមករោយតាមចង្អូរដែលបានឆូតនោះរង្វើលៗ រួចយកជីធម្មជាតិលាយជាមួយដីម៉ដ្ឋមករោយពីលើគ្រាប់ឲ្យជិត+ការថែទាំ
-ក្រោយពីដាំហើយត្រូវស្រោចទឹកព្រឹកល្ងាច លុះដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ យើងត្រូវធ្វើស្មៅឲ្យបានស្អាតដើម្បីឲ្យការ៉ុតដុះ លូតលាស់
-១៥ថ្ងៃក្រោយមកទៀត ការ៉ុតចាប់ផ្តើមធំបន្តិចហើយ ដូច្នេះបើមានស្មៅត្រូវធ្វើម្តងទៀត ប៉ុន្តែអ្វីដែលសំខាន់នោះត្រូវដកកូនការ៉ុតចេញខ្លះនៅកន្លែងដែលដុះញឹក ធ្វើយ៉ាងណាពីដើមមួយទៅដើមមួយឲ្យមានចន្លោះ ៣ ទៅ ៥សង្ទីម៉ែត្រ ដើម្បីឲ្យមើមការ៉ុតអាចរីកធំ-ជារៀងរាល់ ១ ទៅ ២សប្តាហ៍ ត្រូវស្រោចជីកំប៉ុស្តទឹករហូតដល់ជិតប្រមូលផល ដើម្បីការ៉ុតមានការលូតលាស់ល្អ
-ជាពិសេសជាងនេះទៅទៀត គឺមុនពេលស្រោចជីម្តងត្រូវជ្រុំគល់ជ្រោយដីបំផុសជាមុនសិន ដើម្បីឲ្យឫសការ៉ុតស្រូបជីជាតិបាន+ការប្រមូលផល
-ក្រោយពេលដាំបានរយៈពេល ៩០ថ្ងៃ ការ៉ុតមានមើមធំល្មម អាចប្រមូលផលបាន ហើយការប្រមូលផលធ្វើឡើងនៅពេលព្រឹក និងល្ងាច គឺការប្រមូផលធ្វើឡើងដោយប្រើដៃចាប់ដកពីក្នុងថ្នាលតែម្តងបើដីថ្នាលនោះផុសល្អ
-ម៉្យាងទៀតវិធីល្អបំផុតយើងត្រូវប្រើចបចក់ដែលមានធ្មេញវែងៗគាស់ជាមុនសិនទើបប្រមូលតាមក្រោយ-ពេលវេលានៃការប្រមូលផល គឺត្រូវស្ងួតទឹកសន្សើម ឬគ្មានភ្លៀង-ការ៉ុតក្រោយពីដករួចមិនត្រូវលាងទឹកទេ ពីព្រោះបើលាងនាំឲ្យឆាប់រលួយ និងស្ពោតសាច់ផ្នែកខាងក្នុង គឺគ្រាន់តែបេះដីធំៗដែលជាប់នៅលើមើមតែមិនឲ្យជ្រះពេកទេ គឺទុកវាខ្លះដើម្បីការពារសំណើម និងសំបកកុំឲ្យរលាក គ្រាន់តែកាត់ឫសកែវ និងស្លឹកចេញខ្លះដោយទុកចំងាយពីដើម ប្រហែល ១-១,២ តឹក
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត