ចំណេះដឹងទូទៅ
សូមចែករំលែកឲ្យមនុស្សគ្រប់គ្នាបានស្គាល់ផង អំពីសត្វ និងរុក្ខជាតិ ដែលជានិមិត្តរូបតំណាងឲ្យអត្តសញ្ញាណខ្មែរ !!
រូបភាព
ពាក្យថាជាតិនិយម តែងតែមាននៅក្នុងបេះដូងមនុស្សគ្រប់ៗរូប។ ប្រសិនបើយើងសួរថា ចុះអ្នកដឹងអ្វីខ្លះដែលជាអត្តសញ្ញាណរបស់ជាតិ? ពួកគេប្រាកដជានិយាយថា គឺប្រាសាទអង្គរវត្ត ព្រះវិហារ ភ្លេងជាតិ និងកេរដំណែលពីដូនតាមួយចំនួនទៀត។ ប៉ុន្តែបើយើងសួរបញ្ជាក់ពីសត្វ និងរុក្ខជាតិ ដែលតំណាងឲ្យអត្តសញ្ញាណខ្មែរវិញ យុវជនមួយចំនួនប្រាកដជាមិនច្បាស់ឡើយ។
ការយល់ដឹងពីវត្ថុតំណាងឲ្យជាតិខ្មែរពិតជាសំខាន់ណាស់សម្រាប់ពលរដ្ឋខ្មែរម្នាក់ៗ។ បើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ នៅលើនាមកត្តានៃសត្វ និងរុក្ខជាតិ ដែលជានិមិត្តរូបតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ទាំង៧នោះមានដូចជា ចតុប្បាទសត្វ គឺគោព្រៃ ឧរង្គសត្វគឺអណ្តើកហ្លួងឬអណ្តើកសរសៃ មច្ឆសត្វ គឺត្រីគល់រាំង បក្សីសត្វ គឺត្រយង រុក្ខជាតិ គឺដើមត្នោត បុប្ផជាតិ គឺផ្ការំដួល និងផលជាតិ គឺចេកពងមាន់។
១-បើយោងតាមឯកសារដដែល បានពន្យល់ទៀតថា៖គោព្រៃ គឺជាប្រភេទសត្វចតុប្បាទដែលរស់នៅច្រើនបំផុតតាមទីវាល និងព្រៃភ្នំភាគខាងជើងប្រទេសកម្ពុជា។ ក្នុងសង្គមខ្មែរ គោព្រៃត្រូវបានចារឹកទុកក្នុងបទចម្រៀងប្រជាប្រិយរបស់ខ្មែរតាំង ពីយូរលង់មកហើយ ដែលមានលក្ខណៈរៀបរាប់អំពីធម្មជាតិ។
២-អណ្តើកហ្លួង ជាឧរង្គសត្វដែលមានក្រញ៉ាំតែបួន គឺខុសប្លែកពីអណ្តើកផ្សេងទៀតដែលមានក្រញ៉ាំជើងប្រាំ។ វាធ្លាប់បានផុតពូជម្តងហើយនៅប្រទេសកម្ពុជា តែឆ្នាំ១៩៩៥ គេបានប្រទះឃើញនៅស្រុកស្រែអំបិល ខេត្តកោះកុង។
៣-ត្រីគល់រាំង គឺជាប្រភេទមច្ឆជាតិទឹកសាប ម្យ៉ាងធំជាងគេនៅកម្ពុជា វាអាចមានទម្ងន់ដល់ទៅ៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី២ទៅ៣ម៉ែត្រ ដែលមានស្រកាធំៗ។ រូបភាពប្រភេទត្រីនេះក៏ត្រូវបានឆ្លាក់លើជញ្ជាំងប្រាង្គប្រាសាទ អង្គរវត្តផងដែរ។
៤-សត្វត្រយ៉ង គឺជាប្រភេទសត្វបក្សីម្យ៉ាង ដែលទើបតែត្រូវបានរកឃើញឡើងវិញនៅខេត្តព្រះវិហារ។ នៅក្នុងសង្គមខ្មែរ សត្វត្រយងត្រូវបានគេចារឹកនៅក្នុងបទចម្រៀងប្រជាប្រិយ និងរឿងនិទានបុរាណខ្មែរ។
៥-ដើមត្នោត គឺជារុក្ខជាតិមួយប្រភេទមានដើមធំ ត្រង់ និងមានកម្ពស់រហូតដល់១០ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗរឹង និងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា ដែលដុះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅប្រទេសកម្ពុជា។ ដើមត្នោតមានផលប្រយោជន៍ជាច្រើន សម្រាប់បម្រើដល់ជីវភាពប្រចាំថ្ងៃ ដូចជា ស្លឹកសម្រាប់ធ្វើជាដំបូល ផ្លែធ្វើនំ ដើមធ្វើទូក ជាដើម។
៦-ផ្ការំដួល គឺជាបុប្ផជាតិ ខ្លួនតូចពណ៌លឿងស្រាល មានត្របកពីរជាន់ និងមានបណ្តូលពណ៌ក្រហម ដែលមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច។ ដោយសារតែក្លិនក្រអូបឈ្ងុយពិដោរ ចាស់បុរាណតែងតែប្រដូចស្រ្ដីក្រមុំទៅនឹងផ្ការំដួលដែលមាន ក្លិនក្រអូប និងរូបរាងស្រស់ស្អាត។
៧-ចេកពងមាន់ គឺជាចេកមួយប្រភេទ ដែលតំណាងឲ្យផលជាតិ ហើយប្រជាជនខ្មែរពេញនិយមក្នុងការបរិភោគ និងប្រើប្រាស់ចេកនេះដូចជា យកមកសែនព្រេនក្នុងពិធីបុណ្យទានផ្សេងៗ ជាពិសេសជារៀងរាល់ថ្ងៃសីល។
ជាការពិតណាស់ ការជ្រើសសត្វ ឬរុក្ខជាតិអ្វីមួយមកដាក់ជាបេតិកភណ្ឌជាតិ គឺមិនចេះតែយកនោះទេ ពោលគឺយើងត្រូវមើលលើកត្តាសំខាន់ៗមួយចំនួន ដែលស័ក្ដិសមឲ្យប្រជាជនខ្មែរ ក៏ដូចជាពិភពលោកបានដឹង និងអភិរក្ស។
លោក ជុច ភឿន រដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយកដ្ឋានបេតិកភណ្ឌ បានថ្លែងថា៖ «ការដាក់វត្ថុ និងសត្វទាំង៧នេះជាបេតិកភណ្ឌជាតិ ផ្ដោតលើចំណុចសំខាន់ៗមួយចំនួន ដូចជា វាជាសត្វកម្រដែលនៅក្នុងលោកនេះ ដែលយើងត្រូវយកទៅអភិរក្ស ជាក់ស្ដែង សត្វគោព្រៃ សត្វត្រយង និងអណ្តើកហ្លួងជាដើម»។
ជាងនេះទៅទៀត លោកបានបញ្ជាក់ថា៖ «ក្រៅពីនេះ វាជាវត្ថុខ្មែរយើងតែងតែគោរព និងឲ្យតម្លៃ ដែលមានការផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្រ្ត និងវប្បធម៌ ដូចជាចម្រៀង និងអត្ថបទអប់រំជាដើម។ ជាពិសេស វាបានផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់ជីវិតមនុស្ស។ ឧទាហរណ៍ ដើមត្នោត ជារុក្ខជាតិ ដែលផ្តល់គុណប្រយោជន៍ដល់មនុស្សតាំងពីឫសរហូតដល់ស្លឹករបស់វា»។
លោកបានបន្ថែមថា ក្រៅពីបានដាក់ចូលជាបេតិកភណ្ឌជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏មានគម្រោងប្រមូលឯកសារដើម្បីបំពេញបែប បទដាក់បញ្ចូលបេតិកភណ្ឌជាតិទាំងនោះ ជាស្មារតីចងចាំពិភពលោក ដូចមន្ទីរគុកទួលស្លែងផងដែរ។អ្នកគ្រូ កែ សុខលក្ខិណា ដែលបង្រៀនផ្នែកប្រវត្តវិទ្យា បាននិយាយថា អ្នកគ្រូបានដឹងអំពីរុក្ខជាតិ និងសត្វដែលតំណាងឲ្យកម្ពុជា ប៉ុន្តែអ្នកគ្រូមិនបានបង្រៀនលម្អិតអំពីវាទេ ពីព្រោះពេលវេលាសម្រាប់បង្រៀនគឺមានកំណត់។ ចំពោះការវិភាគរបស់សាលារដ្ឋបច្ចុប្បន្នវិញ រុក្ខជាតិនិងសត្វទាំងនេះ ក៏ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សា ក្នុងមុខវិជ្ជាផែនដីដែរ។
ចំពោះសត្វ និងរុក្ខជាតិតំណាងទាំង៧ ដែលជាបេតិកភណ្ឌប្រចាំជាតិ មានយុវវ័យមួយចំនួនបានទទួលព័ត៌មានពីវាយ៉ាងច្បាស់ ដូចជា និស្សិត អោម រដ្ឋា អាយុ២២ឆ្នាំ ដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រភាសាអង់គ្លេសពីវិទ្យាស្ថាន អន្តរជាតិប៊ែលធី បាននិយាយថា លោកបានដឹងពីសត្វ និងរុក្ខជាតិទាំង៧ប្រភេទដែរ ប៉ុន្តែលោកសង្កេតថា យុវជនមួយចំនួនផ្សេងទៀតមិនបានដឹងនោះទេ។
ចំណែកឯកញ្ញា យ៉េង ហុកវ៉ុន បានប្រាប់ពីហេតុផលថា ដោយសារកញ្ញាជានិស្សិតផ្នែកគណនេយ្យ ដូច្នេះជាទូទៅកញ្ញាពុំបានស្រាវជ្រាវពីសត្វ និងរុក្ខជាតិទាំងនេះទេ ហើយកញ្ញាមិនដែលបានឮពីការផ្សព្វផ្សាយទាក់ទងនឹងវត្ថុនេះទេពីមុន មក។កញ្ញាបានធ្វើការសំណូមពរឲ្យមានការផ្សព្វផ្សាយបន្ថែមទៀតទាក់ ទងនឹងវត្ថុដែលជាបេតិកភណ្ឌជាតិ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេស កូនខ្មែរជំនាន់ក្រោយបានដឹងច្បាស់ពីតម្លៃ និងអត្ថប្រយោជន៍របស់វត្ថុតំណាងទាំង៧ ហើយនាំគ្នាការពារ និងអភិរក្ស៕
Credit:postkhmer