ចំណេះដឹងទូទៅ
រូបភាព
កែវភ្នែកជាសរីរាង្គមួយដែលសំខាន់បំផុត សម្រាប់ការមើលឃើញពិភពលោក និងអ្វីៗនៅជុំវិញខ្លួនប្រកបដោយភាពរីករាយ ហើយវាក៏ជាអំណោយពីធម្មជាតិដែលមានតម្លៃបំផុតផងដែរ សម្រាប់ជីវិតមនុស្សម្នាក់ៗ។ ប៉ុន្តែមនុស្សជាច្រើនបានធ្វើរឿងមួយចំនួនដោយមិនដឹងខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កែវភ្នែកដ៏មានតម្លៃនេះទៅវិញ។ វាមិនត្រឹមតែធ្វើឱ្យកែវភ្នែករបស់អ្នកចុះខ្សោយ អន់ភ្នែកនោះទេ តែវាបែរជាអាចបង្កមេរោគ និងជំងឺភ្នែកមួយចំនួនទៀតផង។ដូច្នេះមកតាមដានទាំងអស់គ្នាថា តើផលអាក្រក់ដែលអាចធ្វើឱ្យប៉ះពាល់ដល់កែវភ្នែក ដែលអ្នកមិនបានចាប់អារម្មណ៍នោះមានអ្វីខ្លះ ៖
១.ការញីភ្នែក
ដើម្បីការពារភ្នែកអ្នកមិនគួរញីភ្នែកច្រើនដងពេកទេ ឬអ្នកអាចប្រើទឹកបន្តក់ភ្នែក ប្រសិនជាអ្នកមានអារម្មណ៍ថាមិនសូវស្រួលក្នុងភ្នែករបស់អ្នក។
២.ការប្រើថ្នាំបន្តក់ភ្នែកច្រើនពេក
ការប្រើទឹកថ្នាំបន្តក់ភ្នែក អាចជួយសម្រាលការឈឺចាប់ ភ្នែកក្រហម និងបញ្ហាភ្នែកស្ងួតបានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ តែអ្នកក៏មិនគួរប្រើវាញឹកញាប់ច្រើនពេកដែរ។
៣.សម្លឹងមើលកុំព្យូទ័រយូរពេក
ការប្រើ និងសម្លឹងកុំព្យូរទ័រច្រើន ឬយូរពេកនឹងធ្វើឱ្យបង្កើនហានិភ័យនៃជំងឺភ្នែកម្យ៉ាងមានឈ្មោះថា Computer Vision Syndrome (CVs) ដែលធ្វើឱ្យភ្នែករបស់អ្នកស្ងួត ស្រវាំង ឈឺភ្នែក ក្រហាយភ្នែក ព្រិលភ្នែក។
៤.មិនពាក់វ៉ែនតាការពារភ្នែក
វ៉ែនតាអាចការពារកែវភ្នែកពីផលប៉ះពាល់ពីកាំរស្មី UV រាល់ពេលដែលអ្នកចេញដើរក្រោមកម្តៅថ្ងៃ។
៥.មើលទូរទស្សន៍មុនពេលចូលគេង
ការមើលទូរទស្សន៍មុនពេលចូលគេង ក៏ត្រូវបានគេដឹងថាអាចប៉ះពាល់ដល់កែវភ្នែករបស់អ្នកបានផងដែរ។
៥.របបអាហារដែលប៉ះពាល់
អ្វីដែលសំខាន់ គឺត្រូវតែកាត់បន្ថយការទទួលទានអាហារដែលមានជាតិសូដ្យូម (ប្រៃ) ព្រោះវាអាចធ្វើឱ្យភ្នែករបស់ស្ងួត ឬរមាស់បាន។
៦.ប្រើគ្រឿងសំអាងច្រើនពេក
ជាតិគីមី និងប្រេងដែលមាននៅក្នុងគ្រឿងសំអាង ដែលអ្នកតែងតែប្រើសម្រាប់ការតុបតែងមុខ និងស្ថិតនៅក្នុងបរិវេណកែវភ្នែកជាប្រចាំ ងាយធ្វើឱ្យមានផលប៉ះពាល់ដល់ក្រពេញកែវភ្នែកណាស់។
៧.មិនបានជួប និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ
ការថែរក្សាកែវភ្នែកឱ្យមានសុខភាពល្អក៏ទាក់ទងនឹងការពិនិត្យសុខភាពកែវភ្នែកជាប្រចាំផងដែរ។
៨.ការជក់បារី
ការជក់បារ អាចធ្វើឱ្យខូចខាត Retina របស់កែវភ្នែក ហើយធ្វើឱ្យការមើលឃើញរបស់អ្នកចុះខ្សោយ ភ្នែកឡើងបាយ។
១០.ផឹកគ្រឿងស្រវឹងហួសកម្រិត
រាល់គ្រឿងស្រវឹងមិនថាតែស្រា ឬបៀរទេ ការទទួលទានក្នុងបរិមាណច្រើនហួសហេតុពេកនឹងធ្វើឱ្យប៉ះពាល់ដល់កែវភ្នែករបស់អ្នកបាន។
បន្ទាប់ពីបានដឹងហើយ អ្នកត្រូវធ្វើការកែប្រែ និងផ្លាស់ប្តូរទម្លាប់ទាំងនេះជាបន្ទាន់ ដើម្បីជំនួយដល់សុខភាពភ្នែក និងចៀសឆ្ងាយពីផលប៉ះពាល់ផ្សេងៗ។ ជាពិសេសនោះ កុំភ្លេចតាមដានសុខភាពកែវភ្នែករបស់អ្នកជាមួយនឹងវេជ្ជបណ្ឌិតជំនាញខាងចក្ខុវិស័យឱ្យបានទៀងទាត់ផង៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ