វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ: ត្រី ៨០០ក្រាម, ខ្ទិះដូងដើម ១កូនចានចង្កឹះ, ខ្ទិះចុង ៤កូនចានចង្កឹះ, គ្រឿងបុក ១ចានល្មម (គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច បុកឲ្យម៉ត់), ស្លឹកក្រូចសើច ៤-៥សន្លឹក, សណ្តែកដីលីង ២០០ក្រាម បុកឲ្យម៉ត់ល្មម (ដាក់ ឬមិនដាក់ក៏បាន), ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ:
១.ត្រីយកទៅស្ងោរដាក់ស្លឹកក្រូចសើចចូល (ដើម្បីកាត់ឆ្អាប់) ស្ងោរឆ្អិនហើយ បេះយកតែសាច់ ទុកមួយឡែក
២.យកគ្រឿងដែលបុកហើយ ដាក់បុកជាមួយសាច់ត្រី និងសណ្តែកដី បុកចូលគ្នាឲ្យសព្វ ទុកមួយឡែក
៣.ដាំឆ្នាំងដាក់ខ្ទិះដើម និងសាច់ត្រីដែលបុកជាមួយគ្រឿងចូល ច្របល់ចូលគ្នាឲ្យសព្វ
៤.បន្ទាប់មកដាក់ទឹកត្រី ស្ករ ម្សៅស៊ុប និងខ្ទិះចុងចូល ច្របល់ចូលគ្នាឲ្យសព្វ បើគោកអាចបន្ថែមទឹកបន្តិចតាមចំណូលចិត្ត ទុករម្ងាស់ប្រហែល ៣-៥នាទី រួចភ្លក្សមើលល្មមតាម ចំណូលចិត្ត ឆ្អិនហើយដួសដាក់ចានជាការស្រេច។ ហូបជាមួយនំបញ្ចុក និងបន្លែអន្លក់ខ្ចីៗស្រស់ៗ ដឹងតែឆ្ងាញ់ជាប់ចិត្តជាប់មាត់ម៉ង៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ