ចំណេះដឹងទូទៅ
បងប្អូនខេត្តខ្លះមិនធ្លាប់ដឹង សូមចែករំលែកពីបច្ចេកទេសដាំថ្នាំជក់ខ្មែរដែលជារបរសព្វថ្ងៃស្ទើរតែគ្មានអ្នកធ្វើទៅហើយ..!
រូបភាព
១.ការរៀបចំដី
–ព្យួរដីអោយឆ្អិន មានន័យថាបន្ទាប់ពីព្យួរហើយ ត្រូវហាលថ្ងៃអោយស្ងួតដី ឡើងដីខាងលើ ប្រែពណ៌ជាស និងស្រួយ
–រាស់ដីអោយល្អិតម៉ត់
–លើកទៅជារងទទឹងប្រហែល៨តឹកកំពស់ប្រហែល២តឹក
២.ការរៀបចំដាំ
–រោយគ្រាប់ពូជថ្នាំលើដីថ្នាលកុំអោយក្រាស់ពេក ដើម្បីអោយកូនថ្នាំដុះបានថ្លោស
–យកក្រណាត់មកប្រក់ជាដំបូលពីលើថ្នាល កុំអោយអោយក្តៅពេក ឬ ត្រូវភ្លៀងនាំអោយរលួយ
–ស្រោចទឹកស្រាលៗព្រឹកល្ងាចៗ ជារៀងរាល់ថ្ងៃ កុំអោយជោកទឹកពេក
–ទុក ១៥ ទៅ ២០ ថ្ងៃក្រោយ កូនថ្នាំបានកំពស់ប្រហែល ២ តឹក ទើបដកយកមកបានដាំ
–ពេលដកគេត្រូវប្រយត្ន័រក្សាឫសវាអោយល្អ
–តំរៀបដាក់ក្នុងជាល រួចសំរាំងយកតែកូនល្អៗទេមកដាំ
–ព្យួរដីសំរាប់ដាំ ដោយហាលដីអោយស្ងួតឆ្អិនល្អ ដូចខាងលើ ហើយរាស់ ជ្រោយអោយសព្វ
–ពេលដាំ គេចាប់ខ្សែទាញដំរង់ជាជួរ បន្ទាប់មកបុករណ្តៅតាមខ្សែសំរាប់ដាំ ចន្លោះពីរណ្តៅមួយទៅរណ្តៅមួយប្រវែង ៦ ទៅ ៧តឹក រណ្តៅជំរៅប្រហែលជា ៦ សង់ទីម៉ែត្រ
–ដាក់កូនថ្នាំដែលបានដកមកទៅក្នុងរណ្តៅ រួចស្រោចទឹកគ្រប់រណ្តៅដែលបានដាំហើយភ្លាម ។ គេស្រោចទឹកតែម្តងនៅពេលដាំវា ព្រោះកូនថ្នាំរស់ដោយសារទឹកសន្សើម
៣.ការថែទាំ
–បន្ទាប់ពីដាំហើយបានបីទៅប្រាំថ្ងៃ គេដើរពិនិត្យមើល ព្រោះជាពេលដែលកូនថ្នាំចាប់ផ្តើមចាប់ឫស
–កូនថ្នាំដែលចាប់ឫស គេសង្កេតឃើញមានលាស់ត្រួយ
–ចំពោះរណ្តៅដែលកូនថ្នាំងាប់ គេត្រូវប្រញាប់ជួស ដើម្បីអោយកូនថ្នាំឆាប់លាស់បានដំណាលគ្នា
–ពេលកូនថ្នាំលូតលាស់បានប្រហែលកំពស់ស្មងជើង គេចាប់ជំរះឆាយដីនៅជុំវិញកូនថ្នាំដើម្បីអោយ ដើមថ្នាំលូតលាស់បានល្អ
–នៅពេលដែកកូនថ្នាំកំពស់បានត្រឹមចង្កេះ ហើយដុះចេញជាខ្នែងគេត្រូវគ្រៀវ គឺមានន័យថាត្រូវបេះ ខ្នែងចោលដើម្បីអោយស្លឹកវា រីកចំរើនធំ
–នៅពេលដើមថ្នាំកំពស់បានប្រហែល ១.២ ម៉ែត្រ គេគ្រៀវកាត់ត្រួយចោលដើម្បីអោយស្លឹកវា លូតលាស់ ហើយឡើងក្រាស់ និងធំ ទទឹងស្លឹកនឹងឡើងប្រហែលបួនតឹក
៤.ការប្រមូលផល
–គេប្រមូលផលនៅពេលស្លឹកក្រោមគេបំផុតឡើងចាស់ រះពីជើង ដោយកាច់ស្លឹកក្រោមមួយ ឬពី ប្រមួលយកមកបន្ទុំទុកមួយឡែក។ ស្លឹកប្រភេទរះជើងនេះជាប្រភេទមិនសូវល្អទេ។
–បន្ទាប់ពីកាច់ស្លឹករះជើងរយៈពេលបួនប្រាំថ្ងៃ សន្លឹកថ្នាំក្រោម និងចាស់ជាបន្តបន្ទាប់ (ស្លឹកថ្នាំគេ កាច់ពិក្រោមឡើងទៅលើ)។
គេកាច់ជាបន្តបន្ទាប់រហូតដល់សន្លឹកចុង។ សន្លឹកថ្នាំខាងចុង ជាសន្លឹកថ្នាំល្អជាងគេបំផុត វាខ្លាំងជាងសន្លឹកក្រោម។ កាលណាកាច់អស់នៅសល់ត្រចៀក ថ្នាំដែលជាជាប់នឹងដើម ក៏គេប្រមូលផលមួយចំណែក
–សន្លឹកថ្នាំដែលប្រមួលបានមួយលើកៗ គេយកមករៀបលើគ្នាប្រហែលជាដប់សន្លឹក ទើបបត់ ជាពីរ។ គេបន្ទំដោយរៀបស្លឹកចេកស្រស់ជាជង្រុករួចយកស្លឹកថ្នាំដែលបានបត់ជាដុំៗខាងលើទៅ តំរៀបជាបន្តបន្ទាប់នៅក្នុងជង្រុក
–បន្ទំរយៈពេលប្រហែលពី បីថ្ងៃ សង្កេតមើលនៅពេលស្លឹថ្នាំប្រែពណ៌ជាលឿង ទើបគេយកវា ម្តងម្តុំៗ មកសកយកទ្រនុងចេញ ទុកតែស្លឹក
–បន្ទាប់មកទើបគេយកសន្លឹកថ្នាំនោះមកហាន់បាន៕
អត្ថបទដោយ: អ៊ាង សុផល្លែត