គ្មាន
ពូជស្រូវកណ្តាល “ខា១ “ជាពូជស្រូវកណ្តាលសមស្របនឹងកសិករដែលស្រែពុំសូវមានទឹកជាប់បានយូរ..!
រូបភាព
ពូជស្រូវ“ខា១”ជាពូជស្រូវកណ្តាលដែលបានធ្វើការរំដោះ និងផ្សព្វផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវ និង អភិវឌ្ឍន៍កសិកម្មកម្ពុជានាឆ្នាំ ១៩៩៥ ។ បច្ចុប្បន្នពូជស្រូវកណ្តាល “ខា១” បាននឹងកំពុងពេញនិយមក្នុងចំណោម ប្រជាកសិករនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយពូជស្រូវនវផ្តល់នូវទិន្នផលខ្ពស់ ។
+លក្ខណៈពិសេសៗរបស់ពូជស្រូវ “ខា១”
ពូជស្រូវកណ្តាល“ខា១”ជាពូជស្រូវប្រាកាន់រដូវមធ្យម។វាចាប់ចេញផ្កាក្នុងកំឡុចថ្ងៃទី០២-០៩ខែវិច្ឆិកាអាស្រ័យទៅលើអាកាសធាតុនិងពេលវេលាដាំដុះ។កំពស់ដើមរបស់ពូជស្រូវ “ខា១” ប្រែប្រួលពី១៣០-១៨០ស.ម និង ចំនួនដើមបែផ្តល់ផល គឺចាប់ពី៨-១០ដើមក្នុងមួយគុម្ព អាស្រ័យទៅតាមប្រភេទដី។
ចំនួនគ្រាប់ក្នុងមួយកួរមានចាប់ពី ១១០-១៥០គ្រាប់ និង មានប្រវែងកួរ២០-២៥ស.ម។ រីឯទិន្នផលរបស់វាវិញគឺអាចទទួលបានចាប់ពី២,៥តោន ទៅ៤,០តោន ក្នុងផ្ទៃដី១ហិចតា។ពូជស្រូវ“ខា១”មិនធន់ទៅនឹងមមាចត្នោតទេ។
+វិធីសាស្រ្តដាំដុះ
សម្រាប់ស្រូវសន្ទូងចំពោះតំបន់ដែលងាយរងគ្រោះរាំងស្ងួត និងទឹកជំនន់បរិមាណគ្រាប់ពូជដែលប្រើប្រាស់ គឺពី ៦០-៨០គីឡូក្រាមក្នុងមួយហិចតា។ចំពោះតំបន់ដែលគ្រប់គ្រងទឹកបានបរិមាណគ្រាប់ពូជដែលប្រើប្រាស់គឺពី ៣០-៤០គីឡូក្រាម ក្នុងមួយហិចតា។ក្នុងករណីដែលគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ ព្រមទាំងគ្រប់គ្រងទឹកបាន និងថែទាំបានល្អបរិមាណគ្រាប់ពូជដែលត្រូវការក្នុងមួយហិចតាគឺពី១៥-២០គីឡូក្រាម។ដើម្បីឲសំណាបដុះលូតលាស់ធំធាត់ល្អ គេត្រូវសាបគ្រាប់ពូជមួយគីឡូក្រាមលើផ្ទៃដីថ្នាល២០ម៉ែត្រការ៉េ ។
ទីសំណាបត្រូវធ្វើនៅជិតប្រភពទឹក តែត្រូវឆ្ងាយពីម្លប់ព្រៃ ឬកន្លែងមានភ្លើងអគ្គិសនីដើម្បីជៀសវាងការបំផ្លាញពីសត្វល្អិតចង្រៃ។ជាការល្អ គួរស្ទូងសំណាបដែលមានអាយុ ២៥-៣០ថ្ងៃ ហើយក្នុង១គុម្ពចំនួន ២-៣ដើម។សម្រាប់ស្រូវពង្រួស ចំពោះតំបន់ដែលងាយរងគ្រោះរាំងស្ងួត និង ទឹកជំនន់ បរិមាណគ្រាប់ពូជដែលប្រើប្រាស់គឺពី១០០-១៥០គីឡូក្រាម ក្នុងមួយហិចតា។ចំពោះតំបន់ដែលគ្រប់គ្រងទឹកបាន និង គ្រាប់ពូជសុទ្ធល្អបរិមាណគ្រាប់ពីជដែលប្រើប្រាស់ គឺពី៧០-៨០គីឡូក្រាម ក្នុងមួយហិចតា។គួររៀបចំដីឲ្យបានល្អនិងរាបស្មើមុនស្ទូងឬព្រួស។

ការភ្ជួររាស់គួរតែធ្វើឲបាន២-៣សារជាការល្អប្រសើរ។បើសិនស្រែអាចបញ្ចេញបញ្ចូលទឹកបាន បន្ទាប់ពី ស្ទូង ឬ ព្រួសបាន ២០ថ្ងៃអាចបញ្ចេញទឹកឲអស់ពីក្នុងស្រែ២-៤ថ្ងៃ រួចបញ្ចូលទឹកថ្មីវិញ។ធ្វើរបៀបនេះគឺដើម្បីធ្វើឲស្រូវកាន់តែបែកគុម្ពល្អ។ ប៉ុន្តែពេលស្រូវបែកគុម្ពអតិបរិមា គួរបង្ខះទឹករយៈពេលមួយអាទិត្យដើម្បីកុំឲស្រូវដុះខ្នែងមកច្រើនទៀត។








