ឯកសារកសិកម្ម
រូបភាព
ស៊ុតគឺជាអាហារមានជីវជាតិបំផុតមួយនៅលើពិភពលោក មិនអាចប្រកែកបាននោះឡើយ។ ដោយសារស៊ុតផ្ទុកទៅដោយប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ ក្រសួងកសិកម្មអាមេរិកបានចាត់ទុកស៊ុតជាសាច់មួយដែរ ក្នុងពីរ៉ាមីតណែនាំអំពីអាហារ។ តើអ្នកដឹងទេថាមនុស្សជាមធ្យមទទួលទានស៊ុត ៥០ ទៅ ១០០ គ្រាប់ក្នុងមួយឆ្នាំ? វាប្រហាក់ប្រហែលនឹងជាង ១ លានលានគ្រាប់ក្នុងមួយឆ្នាំទូទាំងពិភពលោក! ប៉ុន្តែចំពោះសំបកវាវិញមានប្រយោជន៍ដែរឬទេ?
ជាការពិត សំបកស៊ុតអាចយកមកធ្វើជាជីរធម្មជាតិ ឬជាប្រភពនៃជាតិកាល់ស្យ៉ូមក្នុងចំណីសត្វ ប៉ុន្តែមនុស្សភាគច្រើនបានបោះវាចោលក្នុងធុងសំរាម។ ប្រសិនបើអ្នកស្ថិតក្នុងចំណោមពួកគេ អ្នកគួរអានហេតុផលទាំង ៥ ក្នុងការប្រើសំបកស៊ុតសម្រាប់ផ្តល់ប្រយោជន៍ដល់សួនច្បាររបស់អ្នក។
១. ដើរតួជាជីរធម្មជាតិ៖ ជាតិកាល់ស្យ៉ូមក្នុងសំបកស៊ុតដើរតួជាជីវជាតិចិញ្ចឹមបន្ទាប់បន្សំសម្រាប់រុក្ខជាតិ ជាពិសេសដំណាំម្រេច និងប៉េងប៉ោះគួរតែប្រើសំបកស៊ុតធ្វើជាជីរធម្មជាតិ ព្រោះវាជាប្រភេទដំណាំដែលងាយខ្សោះជាតិកាល់ស្យ៉ូជាងគេ។
២. ដើរតួជាអ្នកបន្លាចសត្វល្អិត៖ សំបកស្រួចៗរបស់ស៊ុតនឹងរារាំងប្រភេទខ្យងដែលពាំនាំសត្វល្អិតចង្រៃមកបំផ្លាញដំណាំ។
៣. ដើរតួជាផើងសម្រាប់បណ្តុះគ្រាប់ពូជ៖ ដោយសារសំបកស៊ុតងាយរលាយរូបរាងដោយសារបាក់តេរី ដូច្នេះវានឹងដើរតួជាផើងបណ្តុះគ្រាប់ពូជដ៏ល្អឥតខ្ចោះសម្រាប់ដំណាំក្នុងសួន។ អ្នកគួរបំបែកសំបកស៊ុតឱ្យទៅជាល្អិតតូចៗមុននឹងបាចក្បែររុក្ខជាតិ។
៤. ដើរតួជាចំណីបក្សី៖ នៅមុននិងក្រោយក្រាបពង បក្សីញីត្រូវការកាល់ស្យ៉ូមក្នុងរបបអាហាររបស់វា ដូច្នេះការដាក់សំបកស៊ុតក្នុងសួនក៏ដូចជាការផ្តល់ចំណីដល់បក្សី ហើយបក្សីក៏នឹងចូលមកស៊ីដង្កូវដែលយាយីដំណាំផងដែរ។
៥. ដើរតួជាអ្នកលើកសម្រស់រុក្ខជាតិ៖ ដំកម្ទេចសំបកស៊ុតរួចស្ងោឱ្យឆ្អិនហើយរក្សាទុកឱ្យត្រជាក់ សឹមយកទៅស្រោចលើដំណាំ។ ដំណាំដែលរាងចង់ខូចស្លឹក ដែលមើលទៅមិនស្រស់ស្អាត នឹងប្រែទៅជាស្រស់ស្អាតឡើងវិញ និងជួយលើកសម្រស់សួនឱ្យកាន់តែមានពណ៌បៃតងស្រស់បំព្រង៕
សម្រួលអត្ថបទ៖ កូនផ្កាម្លិះ