អត្ថប្រយោជន៍ដ៏អស្ចារ្យដែលអ្នកគួរតែយល់ដឹងនៃរុក្ខជាតិដែលអ្នកត្រូវដាក់ដាំក្នុងផ្ទះ និងការិយាល័យ!

783

យើងធ្លាប់តែគិតថារុក្ខជាតិគួរតែដាំនៅក្នុងសួនច្បារខាងក្រៅ ក្រោមពន្លឺព្រះអាទិត្យឲ្យឆ្ងាយពីផ្ទះ និងការិយាល័យ ដែលជាកន្លែងរស់នៅ និងធ្វើការ។ វាលែងជាបញ្ហាទៀតហើយទោះជាអ្នករស់នៅ ឬធ្វើការ លើអគារកម្ពស់រាប់រយជាន់ក៏ដោយ អ្នកអាចដាំសួនច្បារផ្ទាល់ខ្លួនមួយ ដោយដាក់រុក្ខជាតិទាំងនោះក្នុងផើង ក្នុងប្រអប់ ឬដាក់ធុងព្យួរក៏បាន។ 

 

ខាងក្រោមនេះជាហេតុផលដ៏សំខាន់ ដែលអ្នកគួរតែមានដំណាំរុក្ខជាតិក្នុងផ្ទះ និងការិយាល័យធ្វើការ របស់អ្នក៖

 

១. ជួយបន្សុទ្ធខ្យល់

រុក្ខជាតិជួយធ្វើឲ្យមានខ្យល់បរិសុទ្ធបែបធម្មជាតិ។ វាមានសមត្ថភាពអាចសម្អាតខ្យល់ ពីសារធាតុគីមីពុល ដូចជា formaldehyde និង benzene ដែលមាននៅក្នុងក្លិនថ្នាំលាបផ្ទះ ផ្សែងបារី និងជាតិប្លាស្ទិច ជាដើម។ រុក្ខជាតិក៏អាចបង្កើតជាតិសំណើមក្នុងខ្យល់ដោយបញ្ចេញទឹកជាចំហាយ ដែលវាអាចការពារយើងពី បញ្ហាផ្លូវដង្ហើម ក្អកស្ងួត និងឈឺកបានយ៉ាងមានប្រសិទ្ធភាព។ ខាងក្រោមនេះជារូបភាពនៃប្រភេទរុក្ខជាតិដាំក្នុងផ្ទះដែលជួយបន្សុទ្ធខ្យល់បានល្អបំផុត។ 

 

២. សម្រួលដល់ការដកដង្ហើម

រាល់ពេលដែលអ្នកដកដង្ហើម រាងកាយរបស់អ្នកត្រូវការស្រូបយកអុកស៊ីសែន និងបញ្ចេញកាបូនឌីអុកស៊ីត។ ក្នុងអំឡុងពេលធ្វើរស្មីសំយោគ រុក្ខជាតិស្រូបយកកាបូនឌីអុកស៊ីត រួចបញ្ចេញអុកស៊ីសែនវិញ។ ហេតុនេះការដាំរុក្ខជាតិក្នុងផ្ទះ និងការិយាល័យ អាចបង្កើនកម្រិតឧស្ម័នអុកស៊ីសែនបាន។

 

ជាក់ស្តែងនៅពេលយប់រុក្ខជាតិឈប់ធ្វើរស្មីសំយោគ រួចស្រូបយកអុកស៊ីសែន និងបញ្ចេញកាបូនឌីអុកស៊ីតវិញ។ ប៉ុន្តែមានរុក្ខជាតិមួយចំនួនដូចជា ដើមផ្កាអរគីដេ ប្រទាលសេដ្ឋី និងដើម epiphytic bromeliads ដែលមិនស្រូបយកអុកស៊ីសែន និងបញ្ចេញកាបូនឌីអុកស៊ីតវិញទេ។ អ្នកគួរតែមានរុក្ខជាតិប្រភេទនេះក្នុងបន្ទប់គេង ដើម្បីឲ្យបង្កើនខ្យល់បរិសុទ្ធ។

 

៣. ជួយឲ្យគេងលក់ស្រួល

អត្ថប្រយោជន៍ពីដំណាំរុក្ខជាតិ ដែលដាំក្នុងផ្ទះដូចជា ដើមផ្កាម្លិះ ឡាវេនឌ័រ ប្រទាលកន្ទុយក្រពើ និងម្លិះរួត សុទ្ធតែអាចជួយសម្រួលដល់វដ្តដំណេករបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព ប្រសិនបើអ្នកដាំវាទុកក្នុងបន្ទប់គេង។ វាជួយកាត់បន្ថយភាពអស់កម្លាំង ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុន រួចអាចគេងលក់យ៉ាងស្កប់ស្កល់។

 

៤. ជួយឲ្យមានសុខភាពល្អ

ការដាក់ដាំរុក្ខជាតិក្នុងបន្ទប់ដូចជានៅមន្ទីរពេទ្យជាដើម  អាចជួយអ្នកជំងឺ ដែលត្រូវបានវះកាត់ អាចជាសះស្បើយឆាប់រហ័សជាងមុន។ បើប្រៀបធៀបជាមួយអ្នកជំងឺ ដែលនៅក្នុងបន្ទប់ ដែលមិនមានដើមរុក្ខជាតិ អ្នកជំងឺដែលមានដើមរុក្ខជាតិក្នុងបន្ទប់ មិនសូវមានការឈឺចាប់ មានអត្រាបញ្ហាបេះដូង  និងសម្ពាធឈាមទាប   មិនសូវអស់កម្លាំង  និងអាចចេញពីមន្ទីរពេទ្យបានឆាប់រហ័សជាងមុនទៀតផង។ 

 

 

ដោយហេតុនេះទើបការសិក្សាស្រាវជ្រាវបន្ថែម និងរកឃើញថាការដាក់ដាំរុក្ខជាតិ នៅការិយាល័យធ្វើការ អាចជួយកាត់បន្ថយភាពអស់កម្លាំង  ផ្តាសាយ   ឈឺក្បាល  ក្អក  ឈឺក   និងគ្រុនបានទៀតផង។

 

៥. ជួយឲ្យធ្វើការបានកាន់តែល្អ

ជាក់ស្តែងការសិក្សារបស់និស្សិត និងអ្នកស្រាវជ្រាវជាច្រើនបានលើកឡើងថា វត្តមានរបស់រុក្ខជាតិ បានធ្វើឲ្យបុគ្គលិកការិយាល័យ អាចពង្រឹងការផ្តោតអារម្មណ៍ និងផលិតភាព  ជាពិសេសអាចបង្កើនការចងចាំ បានដល់ទៅ ២០% ។

 

៦. ជាគ្រឿងតុបតែងគេហដ្ឋាន

ការដែលអ្នកដាក់ដំណាំរុក្ខជាតិណាមួយ នៅខាងមុខទ្វារចូលផ្ទះ គឺដូចជាបង្ហាញការស្វាគមន៍ មួយបែបដ៏ស្រស់ស្អាតយ៉ាងអញ្ចឹង។ អ្នកអាចជ្រើសរើស រៀបចំ តុបតែង តាមកន្លែងផ្សេងៗ នៅក្នុងផ្ទះ ជាពិសេសវាមិនទាមទារឲ្យអ្នកស្រោចទឹក ដាក់ជី ច្រើនលើកច្រើនសារ ដូចជាដំណាំក្នុងសួនផ្ការនោះទេ។ ការដាក់ផើងរុក្ខជាតិ តាមជ្រុងបន្ទប់របស់អ្នក មិនត្រឹមតែធ្វើឲ្យមាន បរិយាកាសបរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងបង្កើនភាពស្រស់ស្អាតទៀតផង។ 

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here