វិមានឯករាជ្យ ជាស្នាដៃស្ថាបត្យកម្មដ៏ល្អឯក តើអ្នកណាដែលហ៊ានទទួលប្លង់ពីលោក វណ្ណ ម៉ូលីវណ្ណ ទៅសាងសង់?

169

សំណង់ដ៏មហិមា “វិមានឯករាជ្យ” ស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោក វណ្ណ ម៉ូលីវណ្ណ
សំណង់ដ៏មហិមានេះផ្តើមសាងសង់ឡើងអំឡុងឆ្នាំ ១៩៥៧-១៩៦០ក្រោមព្រះរាជតម្រិះព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោយពេលបានឯករាជ្យ៥ ឆ្នាំ។

វិមាននេះសង់សម្រាប់ឧទ្ទិសចំពោះអ្នកស្នេហាជាតិដែលបានស្លាប់ក្នុងបុព្វហេតុទាមទារឯករាជ្យពីបារាំង និងសម្រាប់ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ព្រមទាំងជានិម្មិតរូបនៃឯករាជ្យភាពរបស់កម្ពុជា។ សំណង់នេះត្រូវបានរចនាប្លង់ដោយស្ថាបត្យករខ្មែរ ដែលបានទៅរៀននៅស្រុកបារាំង គឺលោកតា វណ្ណ ម៉ូលីវណ្ណ ដែលជាកុលបុត្តខ្មែរដ៏ឆ្នើមមួយរូបសម្រាប់ជាតិ។

សំណង់ដ៏ល្បីល្បាញ់នេះមានកម្ពស់ ២០ ម៉ែត្រ ស្ថិតនៅលើខឿន ៣ថ្នាក់ មានកំពូល ៥ថ្នាក់ ដែលលម្អដោយ​នាគ ២០ ក្នុងមួយថ្នាក់ ដែលស្មើនឹងចំនួន១០០ តំណាងឲ្យរយៈកាលនៃអាណានិគមបារាំង​មក​លើខ្មែរ ជិត១សតវត្ស។ នៅក្នុងស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់លោកតា វណ្ណ ម៉ូលីវណ្ណ ក្រោម​ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់ព្រះករុណាជាម្ចាស់ដោយព្រះរាជតម្រិះសម្លឹងជ្រៅទៅអតីតកាលនៃចក្រភពអង្គរដ៏រុងរឿង គឺសម័យមហានគរខ្មែរ។

ជាលទ្ធផល ប្រាសាទបាគង ត្រូវបានជ្រើសយកមកសិក្សាក្នុងទម្រង់សិល្បៈនៃអង្គរ។ ទោះបីជាប្រាសាទបាគងសង់ក្នុងរាជ្យ ព្រះបាទឥន្ទ្រវរ្ម័នទី១ ដែលស្ថិតក្នុងរចនាបថបាគង ក៏ពិតមែន តែប្រាង្គកណ្តាលនៃប្រាសាទនេះ ត្រូវបានសង់ក្រោយមកទៀតក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គឺក្នុងរចនាបថអង្គរ។

ទម្រង់នៃសិល្បៈរាងក្រពុំឈូក ដែលដូចនឹងប្រាង្គនៃប្រាសាទអង្គរវត្ត ចំណែកឯក្បាច់វិញគឺយកតាមលំនាំក្បាច់នៅឯបន្ទាយស្រី ដែលមានជម្រៅ និងរស់រវើកនៃសិល្បៈខ្មែរ។ សំណង់នេះសង់ឡើងត្រង់ប្រសព្វនៃមហាវិថីព្រះនរោត្តម និងមហាវិថីភ្លោះព្រះសុរាម្រិត និងព្រះសីហនុ។ កាលដើមឡើយត្រង់ទីតាំងនេះមានព្រែកមួយដែលត្រូវបានលុបក្នុងសម័យបារាំង ហើយក្រោមបាតគ្រឹះនៃវិមាននេះ មានស្ពានបុរាណមួយហៅថាស្ពានកូនកាត់។

ស្ពាននេះជាឧបសគ្គនៃការសង់សំណង់ដ៏ស្កឹមស្កៃមួយនេះ។ លោកតា វណ្ណ ម៉ូលីវណ្ណ បានប្រាប់ថាសហគ្រាសសាងសង់ទី១ បានបរាជ័យក្នុងការរៀបគ្រឹះខាងក្រោម ដោយវាយស្ពានពុំកើត ហើយចាក់គ្រឹះនៅក្រោមស្ពាននោះ ប៉ុន្តែធ្វើបែបនេះវាប្រហោង ដូច្នោះមិនរឹងមាំឡើយ លោកតា វណ្ណ ម៉ូលីវណ្ណ ក៏បណ្តេញសហគ្រាសនោះចេញទៅ។ លោកក៏ចាប់ផ្តើមដេញថ្លៃ និងរៀបចំសារជាថ្មី។

ដីខាងក្រោមនោះពុំអាចទ្រទ្រង់សំណង់ធ្ងន់បានទេ ព្រោះដីធូ ដូច្នោះគេក៏វាយគ្រឹះខ្លីៗរាក់ៗ ប្រហែល ៨ម៉ែត្រប៉ុណ្ណោះ។ ពេលដែលរៀបគ្រឹះមាំហើយ ទើបគេរៀប​ចំ​ខឿន ហើយសង់ឡើងតែម្តង។ ចំណែកឯអ្នកសាងសង់តាមគម្រោងប្លង់លោកតាម៉ូលីវណ្ណនោះគឺខ្មែរម្នាក់ដែលមានស្រុកកំណើតនៅឯបាត់ដំបង នោះគឺលោកតឹង វឿតជាជាងកំបោរ និងជាងចម្លាក់ជាមួយក្រុមហ៊ុនម៉ៅការសាងសង់ក្នុងខេត្ត។ (លោក តឹង វឿត បានស្លាប់ក្នុងសម័យខ្មែរក្រហម )។

តើហេតុអ្វីបានជាជ្រើសអ្នកបាត់ដំបងមកសងវិមាននេះ បើទីតាំងសង់នៅឯភ្នំពេញឯណេះសោះ?លោក តឹង វឿតត្រូវបានព្រះបាទនរោត្តមសីហនុអញ្ជើញឲ្យមកធ្វើការងារដ៏អស្ចារ្យមួយនេះពេលដែលព្រះអង្គយាងសម្ភោធសមិទ្ធិផលក្នុងវត្តពោធិ់វាល(បាត់ដំបង) ដោយសារស្នាដៃដែលគួរឲ្យចាប់ចិត្តរបស់លោក។

ស្នាដៃលោកតឹងវឿតមានដូចជាវិមានឯករាជ្យចេតិយគន្ធបុផ្ផាចេតិយព្រះបាទសុរាម្រិត និងព្រះមហាក្សត្រីយ៏ ( ក្នុងព្រះរាជវាំង)វត្តស្លាកែត (បាត់ដំបង)និងសារៈមន្ទីរខេត្តបាត់ដំបង ជាដើម។កាលសង់នោះ លោកតា ម៉ូលីវណ្ណ បាននាំជាងគំនូរទៅមើលក្បាច់ដល់ប្រាសាទបន្ទាយស្រី ហើយជ្រើសយកក្បាច់ណាខ្លះ ដូចជាផ្កាច័ន្ទ ក្បាច់អង្គរ ជាដើម ហើយដេញថ្លៃ និងកំណត់ទីតាំងត្រូវដាក់ក្បាច់នោះទៅតាមប្លង់របស់លោក។ឮ

អ្នកឆ្លាក់ប្រហែលជា ២០នាក់ អ្នកលេខ១ ពូកែជាងគេបំផុត ឲ្យគាត់ឆ្លាក់ក្បាលនាគ។ ហើយពេលត្រូវការឆ្លងកិច្ចការគឺ ត្រូវចូលគាត់ព្រះករុណា ដើម្បីទ្រង់ពិនិត្យ។ កាលនោះលោកតា ម៉ូលីវណ្ណ បានយកថ្មកែវ ដែលទិញពីប្រទេសចិន សម្រាប់ក្រាលទៅឆ្លងព្រះករុណា ដើម្បីទ្រង់រើសពណ៌។ ពេលនោះនៅក្រោមដើមពោធិ៏មួយដើមក្នុងវាំង ដោយណែនាំលោកទៅទ្រង់ ដោយលោក ប៉ែន នុត ហើយទ្រង់ក៏សព្វព្រះទ័យពណ៌នេះ ពណ៌នោះ រួចក៏បំពាក់មេដាយជូនលោកភ្លាមៗក្នុងពេលនោះតែម្តង។

សូមទស្សនាវីដេអូវិមានឯករាជ្យចុងឆ្នាំ2018៖

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here